ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សា​៖ ការផឹក​ស្រា​លាយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ប្រឈម​គ្រោះថ្នាក់​កាន់តែខ្លាំង​
14, Apr 2018 , 9:00 am        
រូបភាព
ដោយ: ធីតា
​អ្នក​ដែល​ចូលចិត្ត​លាយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ជាមួយ​សុរា ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែខ្លាំង​។ នេះ​បើតាម​ការសិក្សា​មួយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​កាណាដា ដែល​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Studies on Alcohol and Drugs សម្រាប់​ខែមីនា​។​



​ក្រុម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Victoria (CARBC) បាន​សិក្សា​លើ​ប្រធានបទ​សុរា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដោយ​ផ្អែកលើ​ឯកសារ​ដែល​ចុះផ្សាយ​ចន្លោះ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០១៦ ។ ក្នុងចំណោម​១៣​ករណី​ដែល​យកមក​វិភាគ ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ១០​ករណី បង្ហាញ​ពី​ការ​ប្រឈម​គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​ការ​លាយ​សុរា​ជាមួយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង (Alcohol mixed with Energy Drinks-AmED)​។​

​ការសិក្សា​បាន​បែងចែក​ចាញ់​ពីគ្នា​រវាង​គ្រោះថ្នាក់​ដោយ​អ​ចេតនា (​ការធ្លាក់ ការ​ដួល ឬ​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​) និង​គ្រោះថ្នាក់​ដោយ​ចេតនា ដូចជា ការ​វាយ​គ្នា ឬ​អំពើហិង្សា​ផ្សេងៗ​លើ​រា​ង្គ​កាយ​។​

​អ្នកស្រី Audra Roemer ដែលជា​អ្នកដឹកនាំ​ការសិក្សា បាន​បញ្ជាក់ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង មាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​។ អ្នកស្រី​បាន​កត់សម្គាល់ថា​៖ «​ជា​អ្នក​ធម្មតា​នៅពេល​អ្នក​ផឹកស្រា​ស្រវឹង អ្នក​អស់កម្លាំង ហើយ​ត្រឡប់ទៅផ្ទះ​។ ប៉ុន្តែ​នៅពេល​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង មនុស្ស​ជាច្រើន​ចូលចិត្ត​អង្គុយ​នៅ​យូរ ហើយ​ពួកគេ​ផឹកសុរា​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ឥរិយាបទ​របស់​ពួកគេ​ប្រឈម​បញ្ហា និង​អាច​ប្រព្រឹត្ត​ទង្វើ​ប្រកបដោយ​គ្រោះថ្នាក់​»​។​

​ក្រុម​អ្នកស្រាវជ្រាវ រកឃើញថា ការផឹក​សុរា​លាយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង (AmED) មានការ​ពេញនិយម​បំផុត​នៅ​អាមេរិក​ខាងជើង ដូចជា​ការ​លាយ​ភេសជ្ជៈ Red Bull និង​ស្រា Vodka ជាដើម​។ ការផឹក​សារធាតុ​ទាំងពីរ​នេះ​ចូលគ្នា បានធ្វើ​ឲ្យ​មនុស្ស​ស្រវឹង​ផង និង​មាន​កម្លាំង​ផង ដូច្នេះ ពួកគេ​អាច​ប្រព្រឹត្ត​ទង្វើ​មិន​គ​ម្បី​ជាច្រើន​។​

​អ្នកស្រី​បាន​សម្តែង​ការសោកស្តាយ​ដែល​មិនសូវមាន​ការសិក្សា​លើ​ករណីនេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Victoria (CARBC) មិនបាន​បង្ហាញ​លម្អិត​ទាក់ទង​នឹង​គ្រោះថ្នាក់​ដែល​ប្រឈម​ជា​ញឹកញាប់​នោះឡើយ ដោយ​ពួកគេ​គ្រាន់តែ​ចង់បង្ហាញ​ថា ការផឹក​សុរា​លាយ​ជាមួយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រោះថ្នាក់​ជាង​ផឹកស្រា​តែមួយ​មុខ​។​

«​យើង​សង្ឃឹមថា នឹង​រកបាន​ចម្លើយ​បន្ថែមទៀត​ទាក់ទង​នឹង​គ្រោះថ្នាក់​សុខភាព​សាធារណ​ដែល​បណ្តាលមកពី​ការផឹក​លាយឡំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី Roemer ដោយ​អះអាងថា ក្រុមការងារ​របស់​អ្នកស្រី​នៅតែ​បន្តដំណើរ​ការស្រាវជ្រាវ​របស់ខ្លួន​៕


Tag:
 សុរា​
  ភេសជ្ជៈ​ប៉ូវ​កម្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com