អន្តរជាតិ
ដូ​ណា​ល់ ត្រាំ នឹង​ងាក​ទៅ​កែទម្រង់​ពន្ធ បើ​រំលាយ​មរតក​សុខាភិបាល​លោក អូ​បា​ម៉ា មិនបាន​
24, Mar 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបោះឆ្នោត​លុបចោល​ប្រព័ន្ធ​សុខាភិបាល Obamacare ត្រូវបាន​ពន្យារ​កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​ក្រុម ដូ​ណា​ល់ ត្រាំ មិនទាន់​បញ្ចុះបញ្ចូល​និង​អូសទាញ​តំណាងរាស្ត្រ​ក្នុង​បក្ស​ខ្លួន​បាន​គ្រប់​ចំនួន​ដើម្បី​ដំណើរការ​បោះឆ្នោត​។ ប៉ុន្តែ​សេត​វិមាន​អាមេរិក​បានប្រកាសថា ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ទី​២៤ មីនា​វិញ​។ បើសិនជា​ការបោះឆ្នោត​ដើម្បី​និរាករណ៍​ច្បាប់​សុខាភិបាល​ដែលជា​មរតក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នេះ​បរាជ័យ ដូ​ណា​ល់ ត្រាំ នឹង​រក្សាទុក​ប្រព័ន្ធ​សុខាភិបាល​នេះ​ដដែល ហើយ​ងាក​ទៅ​កែទម្រង់​ប្រព័ន្ធ​ពន្ធ​វិញ​ម្តង​។​



​ក្រុម​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​បន្ត​បញ្ចុះបញ្ចូល​ផង និង​គំរាម​ផង ដើម្បី​អូសទាញ​ក្រុម​អ្នក​សាធារណរដ្ឋ​ដែល​ជំទាស់​គម្រោង​និរាករណ៍​បទបញ្ញត្តិ​សុខាភិបាល Obamacare ដែលជា​មរតក​របស់​លោក បា​រ៉ា​ក់ អូ​ម៉ា នោះ​។ ដោយសារ​មិនទាន់មាន​សញ្ញា​វិជ្ជមាន​កើតឡើង​នៅឡើយ​ទេ ព្រោះ​សមាជិក​បក្ស​សាធារណរដ្ឋ​ច្រើន​នាក់​នៅ​បន្ត​ជំទាស់​មហិច្ឆតា​របស់លោក ដូ​ណា​ល់ ត្រាំ​។​

​ដូច្នេះហើយ​ការបោះឆ្នោត ទើប​មកដល់​ថ្ងៃ ព្រហស្បតិ៍​ទី ២៣​មីនា ការបោះឆ្នោត​ក្នុង​សភា​ដើម្បី​លុបចោល​បទបញ្ញត្តិ​នេះ​ត្រូវបាន​ពន្យារពេល​សិន​។ យ៉ាងណា​ក៏ដោយចុះ សារព័ត៌មាន Fox News បាន​ស្រង់​សម្តី​មន្ត្រី​សេត​វិមាន​ថា ការបោះឆ្នោត​ក្នុង​សភា​អាច​នឹងត្រូវ​នេះ​រៀបចំ​នៅ​ថ្ងៃ​សុក្រ​ទី ២៤ មីនា វិញ​។

​អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក​លោក Sean Spicer បានបញ្ជាក់​ច្បាស់​ថា លោក ដូ​ណា​ល់ ត្រាំ ចង់​ឲ្យ​សភា​បើ​កិច្ចប្រជុំ​សម្រេច​លុបចោល​បទ​ប​ញ្ញ​តិ​សុខាភិបាល​នេះ​នៅ​ថ្ងៃ​សុក្រ​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា វា​ជា​ខួប​ចុងក្រោយ​ប្រព័ន្ធ​សុខ​ភិ​បាល Obamacare ហើយ​វា​ជា​ពេលដែល​ប្រជាជន​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​ការធានារ៉ាប់រង​សុខ​ភិ​បាល​នេះ​ទទួលបាន​ប្រព័ន្ធ​សុខ​ភិ​បាល​ដែល​ប្រសើរ​ជាង​នេះ​។​ប្រធានាធិបតី​លោក​បាន​ប្រាប់​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​ហើយ​ថា​ថ្ងៃ​សុក្រ​ជា​ថ្ងៃ​ដែល​ច្បាប់​ផ្តើម​ការបោះឆ្នោត​»​។​

​ប្រភព​ខាង​សេត​វិមាន​ក៏បាន​បញ្ជាក់ដែរថា ការបោះឆ្នោត​នេះ​នឹង​ក្លាយជា​ការកំណត់​ជោគវាសនា​នៃ​ប្រព័ន្ធ​សុខ​ភិ​បាល​មានតម្លៃ​សមរម្យ​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៩ ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ប៉ុន្តែ​ប្រសិនជា​ការបោះឆ្នោត​នេះ​បរាជ័យ​ដោយសារ​រក​សំឡេងគាំទ្រ​មិន​គ្រាប់​គ្រាន់​វិញ វា​បានន័យថា លោក ដូ​ណា​ល់ ត្រាំ បរាជ័យ ក្នុងការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​សុខាភិបាល​លោក អូ​បា​ម៉ា ហើយ​ដាក់​របស់​ប្រព័ន្ធ​សុខាភិបាល Trumpcare ជំនួស​ហើយ​។ តាម​គម្រោង លោក​នឹងត្រូវ​បន្តទៅ​កែទម្រង់​ប្រព័ន្ធ​ពន្ធ​វិញ​ម្តង​។​

​ត្រឡប់មកវិញ បច្ចុប្បន្ននេះ លោក ដូ​ណា​ល់ ត្រាំ ប្រឈមមុខ​ការប្រឆាំង​ពី​សំណាក់​ក្រុម​អ្នកប្រជាធិបតេយ្យ​ផង និង​ក្រុម​អ្នក​សាធារណរដ្ឋ​ខ្លះ​ផង​។ ដូច្នេះហើយ ទើបបានជា​មានការ​ពន្យា​រ​ពេល​បោះឆ្នោត​ម្តង​ជា​ពីរដង ព្រោះតែ​មិនអាច​រក​សំឡេងគាំទ្រ​គ្រប់គ្រាន់​ល្មម​អាច​និរាករណ៍​បទបញ្ញត្តិ​នេះ​បាន ។ ដូ​ណា​ល់ ត្រាំ និង​បណ្តា​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ដូចជា Paul Ryan បន្ត​បញ្ចុះបញ្ចូល​សមាជិកសភា​ជាពិសេស​ក្រុម​អភិរក្ស​ដើម្បី​សម្រេច​គម្រោង​របស់ខ្លួន​។

​មាន​សារព័ត៌មាន​មួយចំនួន​ផ្សាយ​ថា លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​បណ្តា​សមាជិកសភា​បក្ស​ខ្លួន​ដែល​ហ៊ាន​ជំទាស់​គម្រោង​របស់លោក​ផង​។ លោក​គំរាមថា បើសិន​មិន​ចង់​អស់​កៅអី អ្នក​ទាំងនោះ​ត្រូវ​បោះឆ្នោត​លុប​បទបញ្ញត្តិ​សុខ​ភិ​បាល​របស់លោក អូ​បា​ម៉ា​។ ប៉ុន្តែ​គ្រប់យ៉ាង​នៅ​ជា​រឿង​លំបាក ព្រោះ​ការលុបចោល​នេះ​នឹង​បង្កើត​រឿង​ស្មុគស្មាញ​និង​ផលប៉ះពាល់​ច្រើន​ថែម​ទៀតផង​។

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​នៅ​ស្ងៀមស្ងាត់​អស់​ពេល​យូរ​ល្មម​នោះបាន​ចេញមុខ​ព្រមាន​អ្នក​ចង់​បំផ្លាញ​មរតក​នយោបាយ​របស់​លោក​ផងដែរ​។ លោក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ផ្តាំផ្ញើ​ទៅ​សមាជិក​បក្ស​សាធារណរដ្ឋ​ថា បើសិនជា​ចង់​ជួយ​ប្រជាជន​ដែល​រងគ្រោះ​និង​ជួយ​បន្ថយ​ការចំណាយ​របស់​ប្រជាជន​សម្រាប់​ការធានារ៉ាប់រង​សុខភាព គេ​គួរតែ​ប្រឹង​ធ្វើការ​ជាមួយ​ក្រុម​ប្រជាធិបតេយ្យ​។ លោក​បន្តថា វា​ជា​ពេលដែល​បក្ស​ទាំងពីរ​ធ្វើការ​រួមគ្នា​ដើម្បី​កែទម្រង់​ឬ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខ​ភិ​បាល​ដែលមាន​ស្រាប់​នោះ​វា​ល្អប្រសើរ​ជាង​មុន មិនមែន​គាស់​រំលើង​របស់គេ ហើយ​ដាក់​របស់ខ្លួន​នោះឡើយ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ObamaCare
  TrumpCare
  Paul Ryan
© រក្សាសិទ្ធិដោយ thmeythmey.com