ជាតិ
ព័ត៍មានសុខភាព
ក្រសួងច្រានចោលព័ត៌មានដែលថា ថ្នាំ Paracetamol «P 500» មានផ្ទុកមេរោគចម្លងមនុស្ស
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បានច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមជាបន្តបន្ទាប់ថា ថ្នាំ Paracetamol ប្រភេទ P 500 មានផ្ទុកមេរោគ Machupo ដែលអាចធ្វើឲ្យមនុស្សស្លាប់។ម្យ៉ាងទៀតក្រសួងសុខាភិបាល អះអាងថា ថ្នាំ Paracetamol ប្រភេទ P 500 នេះ ក៏មិនទាន់មានចរាចរលក់នៅលើទីផ្សារប្រទេសកម្ពុជាទេ។
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) បានពន្យល់ថា មេរោគ Machopo នេះ គឺជាវិរុសម្យ៉ាងដែលវាអាចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ទៅលើទឹកនោម លាមក ទឹកសរីរាង្គផ្សេងទៀតរបស់សត្វកកេរដែលមានផ្ទុកមេរោគ Machupo ដែលជួនកាលក៏អាចឆ្លងតាមខ្យល់ និងចំណីអាហារដែលមានផ្ទុកមេរោគបានដែរ ។ ប៉ុន្តែមេរោគ Machupo នេះមិនអាចរស់នៅក្នុងកន្លែងស្ងួត ដូចជាម្សៅស្ងួត ឫក៏គ្រាប់ថ្នាំបាននោះទេ ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានសរសេរលើហ្វេសប៊ុកខ្លូនដូច្នេះថា៖« ដូច្នេះពត៌មានដែលបានផ្សព្វផ្សាយកន្លងមកនេះជាពត៌មានមិនពិតទេ ។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវចំពោះឱសថ Paracetamol ប្រភេទ P 500 មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញព័ត៌មានសង្គមដែលមិនត្រឹមត្រូវចំពោះឱសថ paracetamol ប្រភេទ P 500 កន្លងមកនេះ គឺជាឱសថនេះមិនមានចុះបញ្ជិកាជាមួយក្រសួងសុខាភិបាលទេ។ ហើយក្រោយពីស្រាវជ្រាវឃើញថា មិនមានឱសថប្រភេទនេះចរាចរលើទីផ្សារយើងនោះទេ»។
មេរោគ Machupo ជាប្រភេទមេរោគវិរុស ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម ហើយត្រូវបានគេរកឃើ ញជំងឺនេះកើតមានក្នុងប្រទេស Bolivia ដែលជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយគត់ ដែលពុំទាន់មានមេរោគប្រភេទនេះនៅក្នុងតំបន់អាស៊ីនោះទេ ។ មេរោគ Machupo ភាគច្រើនត្រូវបានគេរកឃើញមានផ្ទុកនៅក្នុងទឹកនោម ,លាមក ,ជំពូកសត្វកកេរ ដូចជាកណ្តុរ ទន្សាយ កំប្រុក ជាដើម។ នេះបើតាមការបកស្រាយរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង៕
Tag:
សុខាភិបាល
Paracetamol
Machupo
© រក្សាសិទ្ធិដោយ thmeythmey.com