ជាតិ
សង្គមជាតិ
លោក ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន​បារម្ភ​ពី​បញ្ហា​សន្តិសុខ​
24, Mar 2017 , 8:25 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន លោក Xu Bu បាន​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ដែល​បង្កឡើងដោយ​អំពើ​ភេរវកម្ម​នៅក្នុង​តំបន់​។ ​នេះបើតាម​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​លោក កាន់ ផា​រិ​ទ្ធ។



​ថ្លែង​ក្រោយ​​​ជំនួប​សម្តែង​ការគួរសម​​​រវាង​​​លោក ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន​ដែលមាន​ស្ថាន​តំណាង​ក្នុងប្រទេស​ឥណ្ឌូនេស៊ី លោក Xu Bu នៅ​ថ្ងៃទី​២៤ ខែមីនា​នេះ ក្នុង​​​ទីស្តីការ​​​ក្រសួង​​​ការ​​​បរទេស លោក ផារិទ្ធ បាន​ឲ្យ​ដឹងថា ភាគីទាំងពីរបាន​ជជែក​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​។ មន្ត្រី​ក្រសួងការ​​បរទេស​ដែល​ទទួល​​​​បន្ទុក​​​កិច្ចការ​​​អាស៊ាន​​​​​រូបនេះ បាន​​បន្ត​នាំពាក្យ​​​ប្រាប់​​​ក្រុម​អ្នកសារ​​ព័ត៌មាន​​​ថា ពួកគេបានចាត់ទុក​បញ្ហា​សន្តិសុខ និងស្ថិរភាព​ក្នុង​តំបន់​ជា​បញ្ហា​ប្រឈម​សំខាន់​ដែល​រដ្ឋ​សមាជិក​អាស៊ាន និង​ពិភព​លោក​ត្រូវ​រួមគ្នា​បង្កើន​ការយកចិត្តទុកដាក់​ថែមទៀត​។​

​នៅពេល​អ្នកសារព័ត៌មាន​សួរថា តើ​ចិន​បានស្នើ​កម្ពុជា​ឲ្យ​គាំទ្រ​លើ​កិច្ចការបរទេស​របស់​ចិន​អ្វីមួយដែរ​ទេ​? លោក ផា​រិ​ទ្ធ ឆ្លើយតប​យ៉ាងខ្លីថា នេះ​​គ្រាន់​​តែ​​ជា​​ជំនួបសម្តែងការ​​គួរសម​ប៉ុណ្ណោះ។ ​លោក​បន្តបញ្ជាក់​​បន្ថែម​​ក្រោយ​​​ជំនួប​រវាង​​ទ្វេ​ភាគី​​​​រយៈពេល​ជាង​មួយ​ម៉ោង​ដូច្នេះថា​៖«​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ពី​ការ​ប្រឈម​ក្នុង​តំបន់ និង​បញ្ហា​សកម្មភាព​ភេរវកម្ម បញ្ហា​ក្រុម​ឥស្លាម​ជ្រុលនិយម​»​។​

​បើតាម​លោក កាន់ ផា​រិ​ទ្ធ ក្រៅពី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ លោក ប្រាក់ សុខុន និង​លោក Xu Bu បាន​រម្លឹក​ពី​ទំនាក់ទំនង​ការទូត​ដ៏​ស្អិតល្មួត​រវាង​ចិន និង​កម្ពុជា តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រវាង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កន្លងមក​ផងដែរ ៕



Tag:
 ប្រាក់ សុខុន​
  Xu Bu
  កម្ពុជា​
  ចិន​
  ការបរទេស​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com