ជាតិ
ពេល​ចូលឆ្នាំ ក្រសួង​ទេសចរ​ណ៍ជំរុញ​ឲ្យ​លេងល្បែង​ប្រជាប្រិយ ប្រឡង​ចម្រៀង​បុរាណ អា​យ៉ៃ​...
25, Mar 2017 , 10:19 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ នា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ក្រសួងទេសចរណ៍​បានចេញ​សារាចរ​ណែនាំ ស្ដីពី​ការរៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​។ ក្នុង​សារាចរ​នេះ ក្រសួង​បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​សមត្ថកិច្ច ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ចរាចរណ៍​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងទេសចរណ៍​។​



​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ថ្ងៃទី​១៤-១៦ មេសា​ខាងមុខនេះ ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ ៧​ចំណុច ស្ដីពី​ការរៀបចំ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​។ សារាចរ​នេះ ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ចរាចរណ៍ ជូន​ភ្ញៀវ​ទេសចរណ៍​។

​បើតាម​សារាចរ​នេះ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ មន្ទីរអប់រំ ដោយ​បំផុស​ចលនា​ឲ្យ​មានការ​ប្រឡង​ចម្រៀង​បុរាណ សម័យ កំណាព្យ អា​យ៉ៃ ចាប៉ី​នៅ​រាជធានី​-​ខេត្ត​។ ជាពិសេស ត្រូវ​រៀបចំ​ការលេង​ល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ​នៅតាម​រមណីយដ្ឋាន ដូចជា បោះ​អង្គា​ញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់កន្សែង​។​ល​។ ដោយឡែក ត្រូវ​ជួយ​សម្រួល​ឲ្យ​មានការ​សម្ដែង​របាំ​ត្រុដិ​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ផ្សេងៗ​។​

​ជាមួយគ្នានេះ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ពី​ការចូលរួម​ធ្វើ​អនាម័យ ដោយ​លុបបំបាត់​ការ​ចោល​សំរាម​។ ចំណែកឯ អ្នកលក់ដូរ​ម្ហូបអាហា​រ​នៅតាម​ដងផ្លូវ ត្រូវ​រក្សា​អនាម័យ​ម្ហូបអាហារ និង​ភេសជ្ជៈ ឲ្យ​បានល្អ​ដល់​ភ្ញៀវ​ទេសចរណ៍​។​

​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ទប់ស្កាត់​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន និង​ការធ្វើ​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​។ ម្យ៉ាងទៀត រាល់​ការ​ស្នាក់នៅ និង​តម្លៃ​ម្ហូប ត្រូវ​សរសេរ​លើ​តារាង​ឲ្យ​បានច្បាស់លាស់​។ ក្រៅពីនេះ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍ ដើម្បី​ផ្សព្វផ្សាយ​ស្ប៉ត​ទេសចរណ៍​ដែល​បាន​អប់រំ និង​ចូលរួម​ជម្រុញ​ចលនា​ប្រឡងប្រណាំង​។

​បន្ថែម​លើ​នេះ ត្រូវ​សហការគ្នា​ចុះ​តាម​គោលដៅ​ទេសចរណ៍ ក្នុងការ​អប់រំ​ពី​ការយល់ដឹង​ជា​សាធារណៈ​អំពី​បញ្ហា​បរិស្ថាន អនាម័យ និង​សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរណ៍​។ គួរ​បញ្ជាក់ថា ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ គ្រប់​មន្ទីរ​ទេសចរណ៍​ទាំងអស់ ត្រូវធ្វើ​របាយការណ៍​បូកសរុប​ស្ថិតិ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត មក​ក្រសួងទេសចរណ៍​៕


Tag:
 ក្រសួងទេសចរណ៍​
  ចូលឆ្នាំ​ខ្មែរ​
  ល្បែង​ប្រជាប្រិយ
© រក្សាសិទ្ធិដោយ thmeythmey.com