ជាតិ
ដំរីព្រៃ ១១​ក្បាល បាន​ធ្លាក់​ក្នុង​រណ្ដៅ នៅ​ខេត្តមណ្ឌលគិរី​
25, Mar 2017 , 1:43 pm        
រូបភាព
ដំរីព្រៃ ១១ក្បាល រូបភាពហ្វេសប៊ុក
ដំរីព្រៃ ១១ក្បាល រូបភាពហ្វេសប៊ុក
​មណ្ឌលគិរី​៖ ដំរីព្រៃ​មួយ​ហ្វូង​ទាំង​កូន​និង​មេ ប្រមាណ ១១​ក្បាល  បាន​ធ្លាក់​ក្នុង​រណ្ដៅ​ជម្រៅ ៣​ម៉ែត្រ នៅក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ដំរី​ទាំងនេះ បានចេញ​ព្រៃ រួច​ធ្លាក់​ក្នុង​រណ្ដៅ​នេះ​តែម្ដង​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។​



​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ បាន​បញ្ជាក់ថា ដំរី​ព្រែ​ទាំង​១១​ក្បាល​នេះ ពិតជា​ធ្លាក់​ក្នុង​រណ្ដៅ​ពិតមែន ដោយ​រណ្ដៅ​នោះ មាន​ជម្រៅ ៣ ម៉ែត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ លោក កែវ សុភ​គ៌ បាន​បន្ថែម​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា ៖ «​ដំរីព្រៃ​មួយ​ហ្វូង ចំនួន ១១​ក្បាល ដែល​ចេញពី​ព្រៃ ត្រូវបាន​ដើរ​ធ្លាក់​ក្នុង​រណ្ដៅ​សល់​ពី​សង្គ្រាម​។ ដំរី​ទាំងនេះ ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជាពលរដ្ឋ កំពុង​ជួយសង្គ្រោះ​»​។​

​លោក កែវ សុភ​គ៌ បន្តថា ក្រោយពី​ទទួលដំណឹង​ពី​ប្រជាពលរដ្ឋ នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស រួមទាំង​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​ទៅ​សង្គ្រោះ​សត្វ​ដំរីព្រៃ​ទាំង​១១​ក្បាល​នោះ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ជួយសង្គ្រោះ ដោយសារតែ​យាន​ជំនះ មិនអាច​ចូលទៅ​ក្នុងព្រៃ​បាន ពួកគេ​ត្រូវ​ធ្វើដំណើរ​ដោយ​ថ្មើរជើង និង​កាន់​ចប រួមទាំង​សម្ភារៈ​ផ្សេងទៀត  ដើម្បី​ជួយសង្គ្រោះ​សត្វ​ដំរីព្រៃ​ទាំងនោះ​។​

​បើតាម​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដំរីព្រៃ​ទាំង​១១​ក្បាល​នោះ បន្ទាប់ពី​ជួយសង្គ្រោះ​រួច មន្ត្រី​ឧ​ទ្យា​នុ​រក្ស នឹង​ដេញ​ឲ្យ​ចូល​ព្រៃ​វិញ​។ គួរ​បញ្ជាក់ថា រណ្ដៅ​ជម្រៅ ៣​ម៉ែត្រ ជា​រណ្ដៅ​សល់​ពី​សង្គ្រាម ប៉ុន្តែ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះបាន​ជីក​បន្ថែម ដើម្បី​យក​ទឹក​សម្រាប់​ប្រើប្រាស់​៕


Tag:
 ដំរីព្រៃ​
  ខេត្តមណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com