ជាតិ
សេដ្ឋកិច្ច
ប្រធានសមាគម CMA៖ ពលរដ្ឋជាប់បំណុលច្រើនជារឿងល្អ ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន លោក ហួត អៀងតុង (ឆ្វេង) និងលោក ប៊ុន មុនី នាសន្និសីទកាសែតស្តីពីអាត្រាការប្រាក់១៨ភាគរយ
× ភ្នំពេញ៖ លោក ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានប្រសាសន៍ថា ប្រទេសកាន់តែអភិវឌ្ឍន៍ សេដ្ឋកិច្ចកាន់តែរីកចម្រើន ប្រជាជនជំពាក់បំណុលគេកាន់តែច្រើន ជារឿងល្អទៅវិញទេ។ នេះជាការឆ្លើយតបនឹងក្ដីកង្វល់របស់សាធារណជន ក្នុងពេលកន្លងមក ជុំវិញការកើនឡើងនូវទំហំបំណុលរបស់ប្រជាជនកម្ពុជា។ លោកថែមទាំងបញ្ជាក់ថា ពលរដ្ឋដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដល់ទៅចំនួន ៩៧ភាគរយឯណោះដែលទទួលបានការរីកចម្រើនសេដ្ឋកិច្ចគ្រួសារ។ ប៉ុន្តែសម្រាប់អ្នកជំនាញសេដ្ឋកិច្ចយល់ថា តួលេខនេះមិនបានឆ្លុះបញ្ចាំងស៊ីជម្រៅលើស្ថានភាពជាក់ស្តែងនៃអ្នកជាប់បំណុលនោះឡើយ។
ការលើកឡើងរបស់ លោក ហួត អៀងតុង គឺធ្វើឡើងនាឱកាសលោកធ្វើជាវាគ្មិនក្នុងសន្និសីទកាសែតរបស់ CMA ស្ដីពី«ការកំណត់អត្រាការប្រាក់ ១៨ភាគរយរបស់រដ្ឋាភិបាល» នៅថ្ងៃ២៣ខែមីនា។ គិតមកដល់បច្ចុប្បន្ន ប្រជានជនចំនួន ២លានគ្រួសារ ស្មើជាង ៦០ភាគរយនៃចំនួនគ្រួសារសរុបនៅកម្ពុជា ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកម្ចីសរុបប្រមាណ ៣៥០០លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលលើកឡើងដោយតំណាង CMA ក្នុងសន្និសីទកាសែតខាងលើ ។ របាយការណ៍បង្ហាញថា កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ចំនួន ៨៣ ។
លោក ហួត អៀងតុង ឲ្យដឹងថា ប្រទេសកាន់តែរីកចម្រើន ពលរដ្ឋចាយវាយកាន់តែច្រើន។ លោកបន្ថែមថា ពលរដ្ឋត្រូវការខ្ចីប្រាក់កាន់តែច្រើន យកទៅពង្រីកមុខរបររបស់ខ្លួន ដើម្បីឲ្យមានលទ្ធភាពបង្កើនប្រាក់ចំណូល។ លោកបន្តថា ប្រទេសរីកចម្រើន ទំនិញកាន់តែសំបូរ ពលរដ្ឋកាន់តែបំពេញសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗក្នុងជីវភាពដ៏សមរម្យមួយ។
ប្រធាន CMA និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិកររូបនេះបញ្ជាក់ថា ពលរដ្ឋជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ យ៉ាងហោចណាស់ក៏មាន ៩៦ភាគរយ ឬ ៩៧ភាគរយដែរ ដែលខ្ចីប្រាក់យកទៅប្រើប្រាស់បានរីកចម្រើនឡើងៗ ហើយមានតែពីរបីភាគរយប៉ុណ្ណោះដែលមិនបានរីកចម្រើនពីការខ្ចីប្រាក់ និងជួបការលំបាក់ក្នុងការសងត្រឡប់។ លោកថាសូមឲ្យមើលលើចំនួនទូទៅដែលរីកចម្រើនពីការខ្ចីប្រាក់ និងកុំមើលតែលើចំនួនអតិថិជនតិចតួចដែលជួបការលំបាកក្រោយការខ្ចីប្រាក់។
សូមស្ដាប់ប្រសាសន៍ លោក ហួត អៀងតុង ខាងក្រោមនេះ៖
លោក ប៊ុន មុនី សមាជិកក្រុមប្រឹក្សាភិបាល CMA និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិថី បានបន្ថែមលើការលើកឡើងរបស់ លោក ហួត អៀងតុង ថា ជាង១០ឆ្នាំមុន ពលរដ្ឋមិនជាប់បំណុលមីក្រូហិរញ្ញវត្ថុ តែចំណូលគិតជាមធ្យមសម្រាប់មនុស្សម្នាក់មានត្រឹម២០០ដុល្លារ តែឥឡូវពលរដ្ឋជាប់បំណុលសរុប ៣៥០០លានដុល្លារ តែមានចំណូលគិតជាមធ្យមឡើងដល់ ១៣០០ដុល្លារ ដែលលោកចង់បញ្ជាក់ថា ការខ្ចីប្រាក់របស់ពលរដ្ឋយកទៅពង្រីកមុខរបរ អាជីវកម្មបានជួយបង្កើនចំណូលនេះ។
ប៉ុន្តែសម្រាប់ លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា អតិថិជនដែលមិនអាចសងបំណុល ឬហៅថាកម្ចីខូចលើសពី៣០ថ្ងៃ គឺមានត្រឹម១ភាគរយ ទៅ ២ភាគរយមែន ប៉ុន្តែលោកជំរុញឲ្យមានការវិភាគស៊ីជម្រៅលើបញ្ហាបំណុលរបស់ពលរដ្ឋ ជាជាងមើលតែតួលេខនេះ។ លោកប្រាប់ថា បើតាមការស្រាវជ្រាវមួយក្នុងឆ្នាំ២០១៣ អតិថិជនជាង ៥១ភាគរយនៃអ្នកផ្ដល់សម្ភាសន៍ គឺពួកគាត់ជួបការលំបាកក្នុងការសងបំណុល។ ចំណែកការស្រាវជ្រាវរបស់ក្រុមហ៊ុនរបស់លោក EMC ក្នុងពេលថ្មីៗបង្ហាញថា អតិថិជនចំនួន ៦៦ភាគរយខ្ចីប្រាក់យកទៅប្រើប្រាស់លើម្ហូបអាហារ និងសុខភាព ដែលជាការចំណាយមិនផ្ដល់ចំណូល។
លោក ង៉ែត ជូ មានប្រសាសន៍យ៉ាងដូច្នេះថា«អ៊ីចឹងបើគ្រាន់តែចំណាយលើម្ហូបអាហារ និងសុខភាព (៦៦ភាគរយ) មិនមានផលវិជ្ជមានអ្វីដល់សេដ្ឋកិច្ចគ្រួសារនោះទេ គឺគ្រាន់តែជួយដោះទាល់។ ដូចនេះការអះអាងថាបង្កើនសេដ្ឋកិច្ចរបស់ពួកគាត់ មិនប្រាកដ១០០ភាគរយទេ ព្រោះ ៦៦ភាគរយមិនបានយកទៅរកស៊ីឯណា»។ លោកជំរុញឲ្យមានការសិក្សាស៊ីជម្រៅបន្ថែម និងបង្កើនការប្រុងប្រយ័ត្នជុំវិញការជាប់បំណុលរបស់ពលរដ្ឋនេះ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ក៏ស្នើឲ្យគ្រឹះស្ថានផ្ដល់កម្ចីបន្ថយកំណើនកម្ចី ដោយលោកថ្លែងដូច្នេះថា៖«កន្លងមកកំណើនឥណទានវាលឿនពេក ដោយគ្រឹះស្ថាននីមួយៗមានមហច្ឆិតាខ្លាំង ចង់បង្កើនទំហំប្រាក់កម្ចី ៥០ភាគរយក្នុង១ឆ្នាំជាដើម ពីមុនធ្វើបាន ប៉ុន្តែឥឡូវដល់ដំណាក់កាលជិតស្អែត (ទីផ្សារ) ៕
Tag:
ការប្រាក់
ឥណទាន
ង៉ែត ជូ
ហួត អៀងតុង
ប៊ុន មុនី
© រក្សាសិទ្ធិដោយ thmeythmey.com