ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឃុំ​-​សង្កាត់​៖ បក្ស​ធំ​ទាំងពីរ​លែង​និយាយ​ពី​លេខ ៤ ឬ ៧ ទៀតហើយ​!
26, Mar 2017 , 11:30 am        
រូបភាព
​ភ្នំពេញ​៖ លេខ​រៀង​ពីមុន ដែល​តំណាង​ឲ្យ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង នឹងត្រូវ​ផ្លាស់ប្តូរ នៅពេល​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤ ឈាន​មកដល់​។ ដូច្នេះ លេខ​៤ និង​លេខ​៧ គ្មាន​ន័យ​អ្វី សម្រាប់​បក្ស​ធំៗ​ទាំងពីរ​នេះ ទៀត​ទេ​។



​ចាប់តាំងពី​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣ មក លេខ​៤ តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លេខ​៧ តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកនយោបាយ រួមទាំង​អ្នកគាំទ្រ បានចាត់ទុក​លេខ​រៀង​ខាងលើ ថា​ជា​លេខ​ដ៏​ល្អ និង​នាំ​សំណាង​ឲ្យ​គណបក្ស​របស់​ពួកគេ​។

​លើសពីនេះ ពួកគេ បាន​យក​លេខ​៤ និង​លេខ​៧ មក​និយាយ​ឌឺដង​និង​បង្អាប់​គ្នា​ទៅវិញទៅមក ផងដែរ​។ ពេលខ្លះ អ្នកគាំទ្រ ក៏​ទាស់ទែង​គ្នា ដោយសារតែ​លេខ​៤​និង​លេខ​៧​នេះ​។

​ប៉ុន្តែ ពេលនេះ លេខ​៤ និង​លេខ​៧ បានក្លាយ​ទៅជា​លេខ​ធម្មតា​វិញ​ហើយ សម្រាប់​គណបក្ស​ទាំងពីរ​។ មូលហេតុ​នោះ​គឺថា គណបក្ស​នីមួយៗ នឹងមាន​លេខ​ថ្មី ដែល​តំណាង​ឲ្យ​ខ្លួន សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នាពេលខាងមុខ​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ចំពោះ​លេខ​លេង​រៀង​។ លោក និយាយ​ដូច្នេះ​ថា​៖«​វា គ្មាន​សំខាន់​អ្វី​ទេ រឿង​ហ្នឹង​នោះ​។ លេខ​ចាស់ នឹងត្រូវ​ផ្លាស់ប្តូ​រហើយ​។ ឃុំ​-​សង្កាត់​នីមួយៗ គឺ​យើង​មាន​លេខ​រៀង មិន​ដូចគ្នា​ទេ​។ ហើយ​ប្រជាពលរដ្ឋ ក៏​គាត់​យល់​ដែរ​។ ដូច្នេះ វា គ្មាន​បញ្ហា​អ្វី​ស្មុគស្មាញ ឡើយ​»​។

​ដោយ​ចាត់ទុកថា​លេខ​រៀង មិនមែនជា​រឿង​សំខាន់ លោក សុខ ឥសាន ក៏​បែរមក​និយាយ​ពី គោលការណ៍ ដែល​គណបក្ស ត្រូវបំពេញ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ ពេល​បោះឆ្នោត​។ លោក សង្កាត់​ធ្ងន់​ថា រឿង​សំខាន់ គឺត្រូវធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​ភាពជឿជាក់ ហើយ​បន្ត​បោះឆ្នោត​ជួន​គណបក្ស​ប្រជាជន​កម្ពុជា​។ 

​ចំណែកឯ គណបក្ស​សង្គ្រោះ​ជាតិ​វិញ បានប្រកាស​ត្រង់ៗ​តែម្តង ថា លេខ​៧ មិនមែនជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ទេ​។ ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ព្រួយបារម្ភ​ចំពោះ​ការភាន់ច្រឡំ ប្រសិនបើ​មិន​បញ្ឈប់​ការហៅ​លេខ​៧  ថា​ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។

​ប្រធាន​បក្សប្រឆាំង​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​សូម​បញ្ឈប់​ទម្លាប់​ជាទូទៅ​ថា គណបក្ស​សង្គ្រោះ​ជាតិ​លេខ​៧​ទៀត​ទៅ នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ព្រោះ​លេខ​រៀង​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​នេះ អាស្រ័យ​លើ​ការចាប់​លេខ​រៀង​តាម​ឃុំ​-​សង្កាត់​នីមួយៗ ហើយ​មិនមែន​សុទ្ធតែ​លេខ​៧​គ្រប់​ឃុំ​-​សង្កាត់ ដូច​ការបោះឆ្នោត​តំណាងរាស្ដ្រ​ឆ្នាំ​២០១៣​ទេ​»​។​

​សូម​ញ្ជា​ក់ថា ការបោះឆ្នោត​ឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ លេខ​រៀង ដែល​តំណាង​ឲ្យ​គ្រប់​គណបក្សនយោបាយ ក្នុង​ឃុំ​-​សង្កាត់ ទាំង​១៦៤៦ គឺ​មិន​ដូចគ្នា​ទេ​។ នៅក្នុង​ឃុំ​-​សង្កាត់​មួយ  គណបក្សនយោបាយ មាន​លេខ​រៀង ដែល​តំណាង​ឲ្យ​ខ្លួន​។ នៅក្នុង​ឃុំ​-​សង្កាត់​មួយ​ផ្សេងទៀត គណបក្ស​ដដែល​នោះ ត្រូវមាន​លេខរៀង​ផ្សេងទៀត ដែល​តំណាង​ឲ្យ​ខ្លួន​៕


Tag:
 CPP
  CNRP
  លេខ​រៀង​
  បោះឆ្នោត​ឃុំ​-​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com