កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ត្រៀម​ថវិកា​៥២​លាន​រៀល​ផ្តល់ជូន​ជើង​ខ្លាំង​អុក​អង្គរ​សង្ក្រាន្ត​បន្ថែម​លើ​ប្រាក់រង្វាន់​ប្រចាំឆ្នាំ
27, Mar 2017 , 8:59 am        
រូបភាព
ដោយ:
​ដើម្បី​លើកទឹកចិត្ត និង​បង្កើន​ការប្រកួត​កីឡា​អុកចត្រង្គ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៧ ឲ្យ​កាន់​តែមាន​ភាពស្វិតស្វាញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រៀម​ថវិកា​ចំនួន​៥២​លាន​រៀល ដើម្បី​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ខាងមុខនេះ​។



​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ក្រៅពី​ប្រាក់រង្វាន់​របស់​គណៈកម្មកា​រ​ក្រោម​កិច្ចសហការ​រវាង NOCC និង​ក្រុមហ៊ុន​គៃ​គូ​ឯកជន ដែល​ផ្តល់ជូន​ម្ចាស់​ជ័យលាភី​១២​លាន​រៀល​, លេខ​ពីរ ៨​លាន​រៀល​, លេខ​បី ៤​លាន​រៀល និង​លេខ​បួន ៣​លាន​រៀល​។ ម្ចាស់​ជ័យលាភី​ទាំងនេះ នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​បន្ថែម​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។​

​ក្នុងនោះ​ចំណាត់ថ្នាក់​លេខ​១​ទទួល ២០​លាន​រៀល​, លេខ​២​បាន ១២​លាន​រៀល​, លេខ​៣​បាន ៨​លាន​រៀល និង​លេខ​៤​លាន​រៀល​។ ហើយ​ក្រៅពីនេះ​ស​ម្តេចក៏​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​ពី​លេខ​៥​ដល់​លេខ​៨​ម្នាក់​២​លាន​រៀល​ផងដែរ​។ សរុប​ជារួម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចំណាយ​ថវិកា​ទាំងអស់​ចំនួន​៥២​លាន​រៀល​។

​កីឡាករ​ម្ចាស់​ជ័យលាភី​ស្តេច​អុក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ នឹង​ទទួលបាន​ប្រាក់រង្វាន់​សរុប​ចំនួន​៣២​លាន​រៀល​(៨​ពាន់​ដុល្លារ​), លេខ​២​ទទួលបាន​២០​លាន​រៀល​(៥​ពាន់​ដុល្លារ​), លេខ​៣​បាន​១២​លាន​រៀល​(៣​ពាន់​ដុ​លា្ល​រ​) និង​លេខ​៤​បាន​៧​លាន​រៀល​(១,៧៥០​ដុល្លារ​)​។ 

​បើ​យោងតាម លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងដំណាក់កាល​ជម្រុះ​ដំបូង​ដែល​ធ្វើ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែមីនា មាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន​១៥៣​នាក់​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងនេះ​នឹង​ចម្រាញ់​យក​ជើង​ខ្លាំង​ចំនួន​៨​នាក់​ឡើងទៅ​ប្រកួតប្រជែង​នៅ​ដំណាក់​ផ្តាច់​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ចន្លោះ​ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​១៦ ខែមេសា នៅមុខ​ប្រា​សា​អង្គរ ខេត្តសៀមរាប​៕


Tag:
 ​អុកចត្រង្គ​
  ហ៊ុន សែន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com