អន្តរជាតិ
ត្រឹម​មួយខែ​មីនា លោក Duterte បណ្ដេញ​មន្ត្រី​ពុករលួយ​៩២​នាក់​ចេញពី​តំណែង​
26, Mar 2017 , 7:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបភាព Philippines Star)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបភាព Philippines Star)
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយថា លោក​បាន​បណ្ដេញ​មន្ត្រី​រដ្ឋាភិបាល​៩២​នាក់​មកពី​ស្ថាប័ន​ខុសៗ​គ្នា​ក្នុង​ខែមីនា​នេះ ដោយសារ​ពួកគេ​ទាំងនោះ​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក Duterte ដែល​ចាត់ទុក​ការ​បោសសម្អាត​គ្រឿងញៀន​ជា​អាទិភាព​នៃ​រដ្ឋាភិបាល បាន​បណ្ដេញ​មន្ត្រី​ជាច្រើន​នាក់​ពី​តំណែង​រួចហើយ​ដែរ​។ សូម្បី​ក្រុមគ្រួសារ​លោក ក៏មាន​ការលើកលែង​ដែរ ហើយ​បើ​ក្នុងករណី​កូនៗ​លោក​ប្រព្រឹត្ត​អំពើពុករលួយ លោក​ក៏​នឹង​លាលែង​ពី​តំណែង​ភ្លាម​ដែរ​។​



​ការ​កម្ចាត់​គ្រឿងញៀន និង​ការ​បោសសម្អាត​អំពើពុករលួយ ជា​គោលនយោបាយ​សំខាន់​២​របស់លោក Rodrigo Duterte តាំងពី​លោក​ធ្វើ​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​មកម្ល៉េះ​។ ជាប់ឆ្នោត​ភា្ល​ម លោក Duterte ក៏បាន​អនុវត្ត​នយោបាយ​អាទិភាព​របស់លោក​ភ្លាម​ដែរ​។ លោក បានប្រកាស​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ដោយបាន​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ជាច្រើន​ពាន់​នាក់ ហើយ​មន្ត្រី​ជាច្រើន​ក៏ត្រូវ​អស់តំណែង​ដោយសារ​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ពុករលួយ​ដែរ​។​

​ថ្លែង​ពី​ពិធីបើកការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​គ្រឿងញៀន​នៅ​ថ្ងៃទី​២៥ ខែមីនា លោក​ប្រធានាធិបតី Duterte និយាយថា គ្រាន់តែ​ក្នុង​ខែមីនា​មួយ​ប៉ុណ្ណោះ លោក​បណ្ដេញ​មន្ត្រី​រដ្ឋាភិបាល​៩២​នាក់​ចេញពី​តំណែង​ពួកគេ ដោយសារតែ​រឿង​ពុករលួយ​នេះ​។ លោក​បន្តថា មន្ត្រី​ម្នាក់​ក្នុងចំណោម​៩២​នាក់ គឺជា​មនុស្ស​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​តាំង​ឆ្នាំ​១៩៩៨ មក​។ បើតាម​សារព័ត៌មាន ABS-CBN News លោក Duterte មិនបាន​ប្រាប់​អត្តសញ្ញាណ​មនុស្ស​ជំនិត​រូបនោះ​ឡើយ​។​

​ប្រធានាធិបតី Duterte តែង​ចាត់ទុក​រឿង​កម្ចាត់​អំពើពុករលួយ​ជា​រឿង​សំខាន់ ហើយក៏​មិនដែល​អត់ឱន​ឲ្យ​អ្នកណា​ដែរ ទោះជា​មន្ត្រី​ថ្នាក់ខ្ពស់​ក៏ដោយ​។ កាលពីដើម​ខែមីនា លោក Duterte បាន​ប្រាប់​ឲ្យ​មន្ត្រី​ថ្នាក់ខ្ពស់​ម្នាក់​លាលែង​ពី​តំណែង​ជុំវិញ​ករណី​ពុករលួយ​។ លោក Peter Laviña ត្រូវបាន​ស្នើ​ឲ្យ​លាលែង​ពី​តំណែង​ប្រធាន​រដ្ឋបាល​ធារាសាស្ត្រ​ជាតិ បន្ទាប់ពី​លោក​រង​ការចោទប្រកាន់ថា​បាន​កំហែង​បោក​យកលុយ​គេ​។​

​ទាក់ទង​រឿងនេះ ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ខកចិត្ត​ខ្លាំងណាស់​នឹង​ការចោទប្រកាន់​លើ​លោក Peter Laviña  ដែលជា​មិត្ត​យូរ​ឆ្នាំ​របស់លោក​។ ប៉ុន្តែ​លោក​ត្រូវ​ទុក​មនោសញ្ចេតនា​ដោយឡែក និង​បាន​សម្រេចចិត្ត​ប្រាប់​ឲ្យ​លោក Peter Laviña លាលែង ដើម្បី​បង្ហាញ​ភាពម៉ឺងម៉ាត់​របស់លោក​ក្នុង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​ហ្វីលីពីន​។​

​តាំងបី​ចូលកាន់​តំណែង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦ មក លោក Duterte បាន​សន្យា​ហើយ​ថា រដ្ឋាភិបាល​របស់លោក ត្រូវតែ​ស្អាតស្អំ​ដាច់​ខាត់​តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​។ មិន​ត្រឹមតែ​បណ្ដេញ​ចេញពី​តំណែង​ឡើយ ពេលខ្លះ​លោក Duterte ថែមទាំង​គំរាម​សម្លាប់​មន្ត្រី​ពុករលួយ​ទៀតផង​។ ខ្លួន​លោក​ផ្ទាល់​វិញ ក៏​មិនមែនជា​ករណី​លើកលែង​ដែរ​។ លោក​ប្រកាស​ក្ដែ​ងៗ​ថា បើ​សមាជិកគ្រួសារ សាច់ញាតិ​របស់​ណាមួយ​ជាប់​ពាក់ព័ន្ធ​ពុករលួយ លោក​មិន​នៅ​ធ្វើជា​ប្រ​ធា​ធិបតី​ឡើយ​៕ 
 

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com