កីឡាជាតិ
ជាតិ
កីឡា​១១​ប្រភេទ​ដែល​ចូលរួម​ប្រកួត និង​សម្តែង​នៅ​បុណ្យ​ទន្លេ​ខេត្តស្ទឹងត្រែង​បានបញ្ចប់​ជា​ស្ថាពរ​
26, Mar 2017 , 4:08 pm        
រូបភាព
រូបភាព ពីហ៊្វេសប៊ុកNOCC
រូបភាព ពីហ៊្វេសប៊ុកNOCC
ដោយ: ថ្មីៗ
​ខេត្តស្ទឹងត្រែង​៖ កីឡា​១១​ប្រភេទ​ដែល​បានដាក់​ឲ្យ​ប្រកួត និង​សម្តែង ដើម្បី​អបអរ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៣​នៅ​ខេត្តស្ទឹងត្រែង បានបញ្ចប់​ជា​ស្ថាពរ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា នេះ​។ ប៉ុន្តែ​ការតាំងពិព័រណ៍​ផលិតផល ការសម្ដែង​សិល្បៈ និង​ការប្រគំ​តន្ត្រី​មិនទាន់​បញ្ចប់​នោះទេ​គឺ​នៅ​បន្ត​រហូតដល់​យប់​ជ្រៅ​។​



​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ការប្រកួត និង​សម្ដែង​លើ​១១​ប្រភេទ​កីឡា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង បានបញ្ចប់​ជា​ស្ថាពរ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។​

​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​វាយតម្លៃថា អ្នកចូលរួម​ទស្សនា និង​គាំទ្រ​ការប្រកួត និង​សម្ដែង​កីឡា​នៅ​ខេត្តស្ទឹងត្រែង មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​បុណ្យ​ទន្លេ​នៅ​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម​។ ហើយ​តាមរយៈ​ការគាំទ្រ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង បានធ្វើ​ឲ្យ​ការប្រកួត និង​សម្តែង​កីឡា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង ដំណើរការ​យ៉ាង​រលូន និង​កាន់តែ​អធិកអធម​។​



​កីឡា​ទាំង​១១​ប្រភេទ​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដាក់​ឲ្យ​ប្រកួត និង​សម្ដែង​រួមមាន ចំបាប់​, ល្បុ​ក្ត​តោ​, ប្រដាល់​គុន​ខ្មែរ​, ទាញព្រ័ត្រ​, បាល់ទាត់​, បាល់ទះ​, រត់ប្រណាំង​, ប្រណាំង​កង់​, វាយ​សី​, កីឡា​រាំ និង​ទូក​កា​នូ​។​











​ក្នុងចំណោម​កីឡា​ទាំងនេះ កីឡាបាល់ទាត់ និង​បាល់ទះ​ដែលមាន​ការចូលរួម​ពី​ក្រុមបាល់ទាត់ និង​បាល់ទះ​របស់​ប្រទេស​ឡាវ​ទើបតែ​បញ្ចប់​កាលពី​ថ្ងៃទី​២៦ ខែមីនា​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​ក្នុងនោះ​ជើងឯក​ផ្នៃ​ក​បុរស​បាន​ទៅ​ក្រុម Sand Stone FC, លេខ​២ ក្រុម​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច និង​លេខ​៣ ក្រុម​វីរៈ ៧០១​។ ចំណែក​ផ្នែក​នារី ជើងឯក​បាន​ទៅ​ក្រុមបាល់ទាត់​ក្រុង​ស្ទឹងត្រែង លេខ​២ ក្រុម​ស្រុក​សាម​ឃួ​យ​របស់​ឡាវ និង​លេខ​៣ ក្រុម​ស្រុក​សេសា​ន្ត​។​

​ដោយឡែក ការប្រកួត​បាល់ទះ​ជើងឯក​ផ្នែក​បុរស​បាន​ទៅ​ក្រុម​មន្ទីរអប់រំ​ខេត្តស្ទឹងត្រែង​, លេខ​២ ក្រុមកីឡា​ស្ទឹងត្រែង និង​លេខ​៣ ក្រុម​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​។ ចំណែក​ផ្នែក​នារី​ជើងឯក​បាន​ទៅ​ក្រុម​ស្រុកស្រែ​ក្រសាំង លេខ​២ ក្រុម​ស្រុក​សេ​សាន និង​លេខ​៣ ក្រុម​ស្រុក​ថា​ឡា​បូរី​វ៉ា​ត់​។​

​ទោះបី​ការប្រកួត និង​សម្ដែង​កីឡា​បានបញ្ចប់​ក៏ដោយ ប៉ុន្ដែ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ ទន្លេ​ផ្សារភ្ជាប់​ប្រជាជន ទេសចរណ៍ វប្បធម៌ និង​បរិស្ថាន មិនទាន់​បញ្ចប់​នោះទេ​។ ពោលគឺ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាន​ទស្សនា​ការប្រគំ​តន្ត្រី និង​ផ្ទាំងទស្សនីយភាព​សិល្បៈ​សម្តែង​របាំ​វប្បធម៌ ប្រពៃណី ព្រមទាំង​ស្តង់​ពិព័រណ៍​ផលិតផល កម្ពុជា ឡាវ និង​ថៃ នៅ​យប់​ថ្ងៃទី​២៦ ខែមីនា មួយ​យប់​ទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com