ជាតិ
ត្រឹម​១​ខែ មេបក្ស​ប្រឆាំង ចុះទៅ​គ្រប់​២៥ រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​ឃុំ​-​សង្កាត់​
26, Mar 2017 , 9:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករបស់ឯកឧត្តម កឹម សុខា
រូបភាពពីហ្វេសប៊ុករបស់ឯកឧត្តម កឹម សុខា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រយៈពេល​ជិត​១​ខែ ឯកឧត្តម កឹម សុខា បាន​ទៅដល់​២១ រាជធានី​-​ខេត្ត ដើម្បី​ពន្យល់​ពី​គោលនយោបាយ​ថ្នាក់ឃុំ​-​សង្កាត់ ដល់​មន្ត្រី​នៅតាម​មូលដ្ឋាន​។ យ៉ាងយូរ នៅ​បំណាច់​ខែមីនា ឆ្នាំ​២០១៧​នេះ ឯកឧត្តម កឹម សុខា នឹង​ទៅដល់​គ្រប់ ២៥ រាជធានី​-​ខេត្ត តាម​ការកំណត់​។



​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​រយៈពេល​មួយខែ ដើម្បី​ចុះទៅ​ឲ្យ​គ្រប់​២៥ រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា​។ បេសកកម្ម​របស់​ឯក​ឧ​ត្ត​ម កឹម សុខា គឺ​ដើម្បី​ពន្យល់​ពី​នយោបាយ​អាទិភាព​ទាំង ៥​ចំណុច ទៅដល់​សកម្មជន បេក្ខជន​ឃុំ​-​សង្កាត់ និង​មន្ត្រី​នៅតាម​មូលដ្ឋាន​។ 

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រោយ​ក្លាយជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ មក ឯកឧត្តម កឹម សុខា ក៏​ចាប់ផ្តើម​ដឹកនាំ​មន្ត្រីជាន់ខ្ពស់ ចុះ​ទៅតាម​មូលដ្ឋាន ជា​បន្តបន្ទាប់​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ អះអាងថា រហូតមកដល់​ពេលនេះ ឯកឧត្តម កឹម សុខា បាន​ចុះ​ទៅដល់ ២១ រាជធានី​-​ខេត្ត ហើយ​។ លោក បន្ថែមថា ខេត្ត​៤​ទៀត ដែល​ឯកឧត្តម កឹម សុខា មិនទាន់​ចុះទៅ​ដល់ រួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និង​កំពុងឆ្នាំង​។

​លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ដូច្នេះ​ថា​៖«​គាត់ (​ឯកឧត្តម កឹម សុខា​) ត្រូវ​ចំណាយពេល​តែ ២​ឬ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ទៅដល់ ខេត្ត​ទាំង​៤​នោះ​។ ប្រហែលជា​ផុត​ខែ​នេះ គឺ គាត់​ចុះទៅ​គ្រប់​២៥​រាជធានី​-​ខេត្ត ហើយ​»​។

​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ដដែល រាល់​វេទិកា​នានា ឯកឧត្តម កឹម សុខា មិនសូវ​និយាយ​អ្វី​ផ្សេង ក្រៅតែពី​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច នោះទេ​។ យ៉ាងណា ឯកឧត្តម កឹម សុខា ក៏​ឆ្លៀត​និយាយ​ខ្លះៗ​ដែរ ទាក់ទង​នឹង​គោលការណ៍​របស់​គណបក្ស​។ លោក លើកឡើង​បែបនេះ​ថា​៖«​បេសកកម្ម​របស់គាត់ គឺ​គាត់​ផ្តល់​សំខាន់​ទៅលើ​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច​។ តែ​គាត់ ក៏បាន​ណែនាំ​ដល់​មន្ត្រី​នៅតាម​មូលដ្ឋាន ឲ្យ​ចេះ​អត់​ធ្ងន់ ហើយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា និង​មិន​យក​ខ្មែរ​ណា ជាស​ត្រូវ​»​។

​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច​នោះ គឺ ការពង្រឹង​សិទ្ធិអំណាច​ប្រជាពលរដ្ឋ​, ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​, ការពង្រឹង​សេវាសាធារណៈ​, ការពង្រឹង​សន្តិសុខ និង​ការបែងចែក​អំណាច​ទៅ​ថ្នាក់ឃុំ​-​សង្កាត់ (​វិមជ្ឈការ​)​។ គោលនយោបាយ​ខាងលើ ត្រូវបាន​អនុម័ត​នៅក្នុង​អង្គសមាជ​វិ​សាញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​។​

​ក្រោយ​ឯកឧត្តម កឹម សុខា ចុះទៅ​គ្រប់​២៥ រាជធានី​-​ខេត្ត និង​ពន្យល់​ដល់​មន្ត្រី​នៅតាម​មូលដ្ឋាន​រួចហើយ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​ផ្សព្វផ្សាយ​គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច ជា​សាធារណៈ តែម្តង​។ បច្ចុប្បន្ននេះ គោលនយោបាយ​អាទិភាព​ទាំង​៥​ចំណុច ត្រូវបាន​ផ្សព្វផ្សាយ​តែ​នៅក្នុង​រង្វង់​គណបក្ស​ស​ង្គ្រោះ​ជាតិ ប៉ុណ្ណោះ​៕


Tag:
 CNRP
  កឹម សុខា​
  ចុះ​មូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com