ជាតិ
សង្គមជាតិ
បុគ្គលិក និង​ថ្នាក់ដឹកនាំ​ធនាគារ CIMB ជំរុញ​សកម្មភាព​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ឲ្យ​បាន​ផុសផុល​ក្នុងសង្គម​
27, Mar 2017 , 11:15 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (CIMB) នៅ​ថ្ងៃទី​២៤​ខែមីនា បានរៀបចំ​កម្មវិធី​ស្ម័គ្រចិត្ត​ផ្ដល់​បរិច្ចាគ ជា​លើក​ទី​២​របស់ខ្លួន ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​។ ថ្នាក់ដឹកនាំ និង​បុគ្គលិក​ធនាគារ​មួយ​នេះ បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ផុស​ផល​ពី​សំណាក់​ពលរដ្ឋ​ក្នុងសង្គម ខណៈ​កង្វះខាត​ឈាម​ជួយ​ជនរងគ្រោះ​មាន​ទំហំ​រហូតដល់ ៦០​ភាគរយ​ក្នុង​មួយឆ្នាំៗ ។​



​លោកស្រី ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​នៃ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​មានប្រសាសន៍ថា ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ដែល​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី រៀបចំឡើង​នេះ គឺជា​ផ្នែក​មួយ​នៃ​ការងារ​សប្បុរសធម៌​ជាច្រើន​របស់ ស៊ី​អាយ​អិ​ម​ប៊ី ។

​លោកស្រី​បន្ថែ​មយ៉ាង​ដូច្នេះ​ទៀតថា​៖«​ការស្ម័គ្រចិត្ត​របស់​យើង​នា​ថ្ងៃនេះ គឺជា​ផ្នែក​មួយ ដែល​យើង​អាច​ចូលរួម​ស្រោចស្រង់​អាយុជីវិត​ជនរងគ្រោះ​មួយចំនួន ហើយ​យើង​សង្ឃឹមថា ដោយ​ចាប់ផ្តើម​ពី​យើង​គ្រប់គ្នា ការបរិច្ចាគ​ឈាម​នឹង​កាន់តែ​ផុសផុល​ឡើង ក្នុងចំណោម​សង្គម​ខ្មែរ​។​



​នៅក្នុង​ឆ្នាំ​២០១៧​នេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បានរៀបចំ​កម្មវិធី​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ចំនួន​២​ដង​ហើយ ដែលមាន​បុគ្គលិក និង​ថ្នាក់ដឹកនាំ ប្រមាណ ៥០​នាក់​ចូលរួម​បរិច្ចាគ​ឈាម​។  នេះ​ជាការ​លើកឡើង​របស់ លោកស្រី ហេង ធីតា មុននឹង​លោកស្រី​បញ្ជាក់ថា ស៊ី​អាយ​អិ​ម​ប៊ី នឹង​បន្ត​រៀបចំ​កម្មវិធី​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ឲ្យ​បាន​យ៉ាងតិច​ពីរដង​ក្នុង​មួយឆ្នាំ​។​



​បុគ្គលិក​របស់​ធនាគា​រ ស៊ី​អាយ​អិ​ម​ប៊ី មួយរូប គឺ លោក សុផល ដែល​ចូលរួម​បរិច្ចាគ​ឈាម​ក្នុង​កម្មវិធី​នេះ បាន​និយាយថា លោក​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ដើម្បី​រួមចំណែក​បំពេញ​នូវ​តម្រូវការ​ឈាម​របស់​ជនរងគ្រោះ ក្នុងសង្គម​ខ្មែរ​។ លោក​បាន​ឲ្យ​ដឹង ការផ្ដល់​ឈាម​នេះ​មិន​បានធ្វើ​ឲ្យ​លោក​មាន​អា​ការៈមិន​ស្រួល​អ្វី​ឡើយ​។​

​បុគ្គលិក​របស់ ស៊ី​អាយ​អិ​ម​ប៊ី មួយរូប​ទៀត គឺ លោ​ស្រី សុខ​លីម ដែលមាន​បំណង​មិន​ខុសគ្នា​ទៅនឹង​អ្នកផ្ដល់​ឈាម​ដទៃទៀត​ដែរ គឺ​លោកស្រី​ចង់​ចូលរួម​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជាបន្ទាន់​។ លោកស្រី​បាន​លើក​ទឹក​ចិត​ឲ្យ​អ្នក​ដែលមាន​សុខភាព​គ្រប់គ្រាន់​គ្រប់រូប ចួ​ល​រួម​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជាបន្ទាន់​។​







​មន្ត្រី​ផ្នែក​អ​បំ​រំ​ផ្សព្វផ្សាយ​រក​អ្នកបរិច្ចាគឈាម​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម លោក  អ៊ូរ សុខ​លាង បាន​ថ្លែងថា មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ជួប​ការខ្វះខាត​ឈាម​ដល់​ទៅ ៦០​ភាគរយ​ឯណោះ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ ខណៈ​ការចូលរួម​បរិច្ចាគ​ឈាម​របស់​ពលរដ្ឋ​បានតែ​៤០​ភាគរយ​នៃ​តម្រូវការ​ឈាម​សរុប​ក្នុង​មួយឆ្នាំ​។ លោក​បញ្ជាក់ថា មជ្ឈមណ្ឌល​សង្ឃឹមថា នៅ​ឆ្នាំ​២០២០ តម្រូវការ​ឈាម​នឹងត្រូវ​បាន​បំពេញ​គ្រប់គ្រាន់​។ លោក​បាន​អំពាវ​ដល់​សាធារណជន​ចូលរួម​បរិច្ចាគ​ឈាម ដែល​អាចធ្វើ​បាន​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ជា​រៀងរាល់ថ្ងៃ និង​នៅ​ផ្សារ​ទំនើប​អ៊ី​អន រៀងរាល់ថ្ងៃ​សៅរ៍​៕




© រក្សាសិទ្ធិដោយ thmeythmey.com