ជាតិ
សិល្បះ
ក្តីសង្ឃឹម​របស់​ភាពយ​ន្ត​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ព្រឹត្តិការណ៍ FILMART នៅ​ហុងកុង​
27, Mar 2017 , 7:59 pm        
រូបភាព
ដោយ:
​ហុងកុង ៖ នៅក្នុង​ទីក្រុង​ដែលមាន​ភាពរស់រវើក​និង​សម្បូរបែប​របស់​ហុងកុង ផលិតករ​ខ្សែភាពយន្ត​កម្ពុជា​បានមក​រួមគ្នា នៅក្នុង​ទីផ្សារ​ភាពយន្ត​ធំ​មួយ​របស់​អាស៊ី​។ ពួកគេ​មាន​បេសកកម្ម​រួមគ្នា​មួយ គឺ បង្ហាញ​ភាពយន្ត​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​



FILMART គឺជា​ព្រឹត្តិការណ៍​ធំ​មួយ​សម្រាប់​វិស័យ​ភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​នៅ​តំបន់​អាស៊ី ដែលមាន​ការដាក់​តាំង​បង្ហាញ​ភាពយន្ត ៨០០ មកពី​ប្រទេស​ចំនួន​៣៥ ចូលរួម​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​កាលពី​ពាក់កណ្ដាល​ខែមីនា​នេះ មាន​អ្នកចូលរួម​ជាង​៨០០០ នាក់ ក្រុម​ផលិតករ​មាន​ក្ដីសង្ឃឹម​ខ្ពស់ សម្រាប់​ការដាក់​បង្ហាញ​ភាពយន្ត​របស់ខ្លួន ទៅកាន់​អ្នក​ចែកចាយ​បរទេស​។​

​សម្រាប់​ផលិតកម្ម​កងចក្រ​ភី​ក​ឈ័​រ ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការផលិត​ភាពយន្ត Jailbreak ឬ ការពារ​ឧក្រិដ្ឋជន​កាលពីដើម​ឆ្នាំនេះ បានមក​ចូលរួម​កម្មវិធី FILMART នេះ ដើម្បី​ពង្រីក​ការ​បញ្ចាំង​របស់ខ្លួន​។​

​លោក តែ ឡូយ ផលិតករ​នៃ​ក្រុមហ៊ុន​នេះ​ថ្លែង​អំពី​ការចូលរួម​នេះ​ថា​៖ «​វា​គឺជា​ឱកាស​ដែល​ឲ្យ​អ្នក​ផលិតភាព​យន្ត ស្រង់ដើម​ចំពោះ​ការវិនិយោគ​របស់ខ្លួន​និង​រកប្រាក់​ចំណូល​បន្ថែម​»​។​

​លោក​និយាយទៀតថា ទីផ្សារ​បញ្ចាំង​នៅ​កម្ពុជា​នៅមានកម្រិត ហើយ​អ្នក​ផលិត​ជាច្រើន​កំពុង​ជួប​ការលំបាក​។ ពួកគេ​ត្រូវ​ប្រជែង​ការទាក់ទាញ​ចំណាប់អារម្មណ៍​ជាមួយ​ខ្សែភាពយន្ត​ក្នុងស្រុក​ផ្សេងទៀត បូក​រួមទាំង​ភាពយន្ត​ហូលីវូដ​ផងដែរ​។​

«​ប្រសិនបើ​មានការ​ចាក់​បញ្ចាំង​ច្រើន ភាពយន្ត​ទាំងនោះ​នឹង​អាច​បន្ត​ការផ្សាយ ដូច្នេះ​ពួកគេ​អា​ចរក​ចំណូល​បន្ថែម​។ វា​មានន័យថា ពួកគេ​នឹងមាន​ថវិកា​ច្រើនជាង​មុន និង​ការផលិត​ធំ​ជាង​មុន សម្រាប់​ភាពយន្ត​ក្រោយៗ​»​។​

​ភាពយន្ត​កម្ពុជា​ចំនួន​២ បាន​ចាក់​បញ្ចាំង​នៅក្នុង​កម្មវិធី​អន្តរជាតិ​នេះ គឺ ភាពយន្ត​ស្នេហ៍​ស្វ័យ​គុណ​៤​និង​ភាពយន្ត Jailbreak​។​



​លោក ឡូយ បាន​បន្ថែមថា តាមរយៈ​កម្មវិធី FILMART នេះ លោក​បានទទួល​ការចុះ​កុងត្រា​ចាក់​បញ្ចាំងភាពយន្ត Jailbreak នៅក្នុង​ប្រទេស​កូរ៉េ​។​

​ការសហការ​ផលិត​គឺជា​ប្រធានបទ​សំខាន់​មួយ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា​ក្នុងចំណោម​ប្រធានបទ​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​វិស័យ​ភាពយន្ត នៅក្នុង​ពិព័រណ៍​ឆ្នាំនេះ​។​

​លោក ជៀប សុវិជ្ជា នាយក​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​និង​ទទួល​ការផលិត​ភាពយន្ត​នៅ​កម្ពុជា ហៅ​កាត់ CFC និយាយថា ការ សហការ​ផលិត​នឹង​លើក​កម្រិត​គុណភាព​និង​កេរ្តិ៍ឈ្មោះ​ភាពយន្ត​កម្ពុជា​។​

«​បន្ទាប់ពី​ខ្សែភាពយន្ត​ក្នុងស្រុក​យើង មានគុណ​ភាពល្អ​អាច​បញ្ចាំង​នៅលើ​ទីផ្សារ​បរទេស​បាន អញ្ចឹង​អា​ចរក​ដៃគូ​សហការ​ផលិត​រវាង​ផលិតករ​បរទេស​ជាមួយ​ផលិតករ​ក្នុងស្រុក​យើង ហើយ​នៅពេល​ដែលមាន​ដៃគូ​សហការ​ផលិត អាចធ្វើ​ឲ្យ​យើង​នឹងមាន​ដើមទុន​ចំណាយ​ក្នុងការ​ផលិត​រឿង​មួយៗ​ហ្នឹង​បាន​កាន់តែច្រើន អញ្ចឹង​គុណភាព​កុន​ក៏​ល្អ​ទៅតាម​ហ្នឹង​ដែរ អញ្ចឹង​បានន័យថា​យើង​មាន​ទីផ្សារ​នៅក្នុង​ពិភពលោក​នឹង​គេ​ដែរ​»​។​



CFC បាន​ចូលរួម​កម្មវិធី​នេះ​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា ទៅកាន់​ផលិតករ​អន្តរជាតិ ដើម្បី​ជ្រើសរើស​កម្ពុជា​ធ្វើជា​ទីតាំង​សម្រាប់​ការថត​ភាពយន្ត​។​

​លោកវិជ្ជា​និយាយថា មានការ​បង្ហាញ​ចំណាប់អារម្មណ៍​ច្រើន​អំពី​ការថត​ខ្សែភាពយន្ត​នៅ​កម្ពុជា​។ លោក​បន្ថែមថា ប្រសិនបើ​មានការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​ដទៃ​កាន់តែច្រើន នោះ​នឹង​ជំរុញ​ឲ្យ​មានការ​សហការ​ផលិត​នេះ បាន​កាន់តែច្រើន​នៅ​កម្ពុជា ។​

​សម្រាប់​លោក ឡូយ នេះ​គឺជា​លើក​ទី​ពីរ​ដែល​លោក​បាន​ចូលរួម FILMART​។ លោក​សង្កេតឃើញថា នៅក្នុង​ឆ្នាំនេះ ប្រភេទ​ភាពយន្ត​ដែល​ដាក់តាំង​បង្ហាញ មាន​ភាព​ចម្រុះ​ជាង​ឆ្នាំមុន ក្នុងនោះ​មាន​ទាំង​បែប​មនោសញ្ចេតនា រន្ធត់ វាយតប់ ក៏ដូចជា​រឿង​ដែល​និយាយ​អំពី ការស្រឡាញ់​ភេទ​ដូចគ្នា ឬ LGBT ផងដែរ​។​

​លោក សុំ ស៊ីថែ​ន នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ចែកចាយ​ភាពយន្ត Puprum Entertainment មើលឃើញថា ពិព័រណ៍​នេះ គឺជា​ឱកាស​ផ្ដល់​ឲ្យ​កម្ពុជា​ស្គាល់​ទីផ្សារ​អន្តរជាតិ​។​

«​ក៏​ខ្ញុំ​ជំរុញ​ដែរ​ថា ឲ្យ​លើក​ក្រោយ​ថា អ្នករកស៊ី ឬ​អ្នកធ្វើការ​ក្នុង​វិស័យ​ខ្សែភាពយន្ត​ទាំងអស់ អាច​ថ្ងៃ​ក្រោយមក​ជើង​ជាមួយគ្នា​ទៀត​មក វា​ធូរ​ថ្លៃ ហើយ​ទី​ពីរ​យើង​បើកភ្នែក បើក​ត្រចៀក​ឲ្យ​ឃើញថា វិស័យ​ភាពយន្ត​វា​ធំ​ទូលាយ មិន​មែនមាន​ត្រឹម​ស្រុក​យើង យើង​អាច​សហការ​ធ្វើ​ជាមួយ​ស្រុក​គេ ឬក៏​ជួញដូរ​ជាមួយ​ស្រុក​គេ​បាន​ទៀត​»​។​

​លោក ស៊ីថែ​ន សង្កេតឃើញថា ទំហំ​នៃ​ការផ្សាយ​របស់​កម្ពុជា​នៅមានកម្រិត បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​នៅក្នុង​ពិព័រណ៍​នេះ​។​

​លោក ស៊ីថែ​ន បន្ថែមទៀតថា បទពិសោធន៍​ឆ្នាំនេះ នឹងធ្វើ​ឲ្យ​លោក​អាច​រៀបចំ​បាន​ប្រសើរ​សម្រាប់​ឆ្នាំ​បន្ទាប់ រាប់បញ្ចូល​ទាំង ការរៀបចំ​កាតាឡុក​ភាពយន្ត ការតុបតែង​ស្តង់​ឲ្យ​មាន​ភាព​ទាក់ទាញ ឬ​កំណត់​ប្រភេទ​នៃ​អ្នកទិញ​ភាពយន្ត​បានច្បាស់លាស់​។​

​ទោះបីជា​ការចូលរួម​នេះ​នៅមានកម្រិត ប៉ុន្តែ​ក្រុម​ផលិតករ​កម្ពុជា​នៅតែមាន​សុទិដ្ឋិនិយម​។​

​សម្រាប់​លោក ឡូយ ជោគជ័យ​របស់​ភាពយ​ន្ត Jailbreak គឺជា​ឧទាហរណ៍ សម្រាប់​ការបង្កើន​គុណភាព​ដើម្បី​ចាក់​បញ្ចាំង​នៅ​បរទេស​។​

«​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​កំពុង​រីកដុះដាល ហើយ​ពួកយើង​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ប​ង្ កើន​គុណភាព​តាម​ស្តង់ដារ ហើយ​ចូល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​»​។​

​លោក​បន្ថែមថា ផលិតករ​គួរតែ​ពិចារណា​ការផលិត​ភាពយន្ត​ក្រោយៗ​ឲ្យ​មានគុណ​ភាពជា​លក្ខណៈ​អន្តរជាតិ ដូច្នេះ​ទើប​ពួកគេ​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេងទៀត​បាន​៕​

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com