ជាតិ
សេដ្ឋកិច្ច
«​ម្រេច​កំពត​» និង​«​ស្ករត្នោត​កំពង់ស្ពឺ​» បាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​សំគាល់​ភូមិសាស្ត្រ នៅ​ថៃ​
27, Mar 2017 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ផលិតផល​កសិកម្ម គឺ «​ម្រេច​កំពត​» និង​ស្ករត្នោត​កំពង់ស្ពឺ​» ត្រូវបាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ហើយ នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ​។​



​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ពិធី​ទទួល​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក ត្រូវបាន​រៀបចំឡើង​នៅ​ស្ថានទូត​បារាំង​ក្នុងប្រទេស​ថៃ ក្រោម​ការដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​បារាំង លោក ហ្គី​លេស ហ្គា​រ៉ា​ចុន (Gilles Garachon), លោក ជេស មី​ហ្គឹ​ល សាន់ (Jesus Miguel SANZ) ឯកអគ្គរដ្ឋទូត​អឺរ៉ុប និង​លោកស្រី អា​ភី​រា​ឌី តាន់​ត្រា​ផន (Apiradi Tantraporn) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ និង​មានការ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួងពាណិជ្ជកម្ម​របស់​កម្ពុជា ,​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ និង​តំណាង​អង្គការ AFD, FAO ផងដែរ​។​

​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម ផលិតផល​ទាំងពីរ​នេះ បានដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧ និង​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ តាមរយៈ​គម្រោង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ថ្នាក់​តំបន់​របស់​អង្គការ AFD/FAO​។​

​កន្លងមក ផលិតផល​«​ម្រេច​កំពត​» ត្រូវបាន​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ នៅ​សហគម​អឺរ៉ុប​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​គម្រោង «ECAP III» របស់​សហគម​អឺរ៉ុប ។ ចំណែកឯ «​ស្ករត្នោត​កំពង់ស្ពឺ​» កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​លម្អិត ហើយនឹង​អាច​ទទួលបាន​ការចុះបញ្ជី​នៅក្នុង​សហគម​អឺរ៉ុប​ដូចគ្នា នាពេល​ខាងមុខនេះ​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​៕


Tag:
 ម្រេច​
 ​ ស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com