កីឡាជាតិ
ជាតិ
ហ្ស៊កដានីជាក្រុមទីបីនៅអាស៊ីខាងលិចដែលកម្ពុជាប៉ះក្នុង AFC Asian Cup ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្ស៊កដានី។ រូបថត JFA Jordan
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ AFC Asian Cup ជាលើក ដំបូងនៅឆ្នាំ១៩៥៦ និងជាការប្រកួតឆាកអន្តរជាតិលើកដំបូងបំផុតផងដែរ។ កាលណោះ កម្ពុជាបានប៉ះជាមួយម៉ាឡាយូ (បច្ចុប្បន្នម៉ាឡេស៊ី) ក្នុងវគ្គជម្រុះ ដោយចាញ់ ៩-២ នៅក្រុងគូឡាឡាំពួរក្នុងជើងទីមួយ ហើយយកឈ្នះ ៣-២ វិញ នៅជើងទីពីរក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីគូវ៉ែត និងអ៊ីរ៉ង់ ហ្ស៊កដានី គឺជាក្រុមទីបីនៅតំបន់អាស៊ីខាងលិច ដែលនឹងបើកទ្វារកីឡដ្ឋាន King Abdullah II ទទួលកម្ពុជាក្នុងជំនួបបើកឆាកពូល C នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup នារាត្រីថ្ងៃអង្គារស្អែកនេះ។
ហ្ស៊កដានី មានប្រវត្តិជួបជាមួយក្រុមនៅតំបន់អាស៊ាន ដូចជាសិង្ហបុរី ថៃ និងម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ AFC Asian Cup ប៉ុន្តែក្រុមមកពីតំបន់អាស៊ីខាងលិចមួយនេះ នឹងត្រូវស្វាគមន៍កម្ពុជាជាលើកដំបូងក្នុងកំណត់ត្រាប្រកួតជាលក្ខណៈអន្តរជាតិរបស់ខ្លួន។
នៅក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ AFC Asian Cup នេះ ក្រុមពីតំបន់អាស៊ីខាងលិចចំនួន២ ដែលកម្ពុជាធ្លាប់ជួបនោះ មាន គូវ៉ែត និងអ៊ីរ៉ង់។ កាលពីឆ្នាំ១៩៧២ ក្រុមសាធារណរដ្ឋខ្មែរ បានយកឈ្នះគូវ៉ែតរហូតដល់ទៅ ៤-០ នៅក្នុងពូល B នៅកីឡដ្ឋាន Supachalasai Stadium ក្រុងបាងកក ប្រទេសថៃ ដែលស៊ុតបញ្ចូលទីជាបន្តបន្ទាប់ដោយកីឡាករ ឌឿ សុខុម, សុខ ស៊ុនហៀន, ទេស ស៊ាន និង សៀ ជាងអេង។
ជាមួយគ្នានេះផងដែរ កម្ពុជាបានជួបអឺរ៉ង់ម្តងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានប៉ះគ្នារួចម្តងហើយនៅវគ្គជម្រុះបឋម។ នៅវគ្គជម្រុះបឋម អ៊ឺរ៉ង់ បានយកឈ្នះ ២-០ ហើយបន្តជោគជ័យលើកម្ពុជាម្តងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-១។ នាពេលនោះ កីឡាករ Safar Iranpak បានស៊ុតបាល់បញ្ចូលទីនាំមុខ ១-០ សម្រាប់អឺរ៉ង់នៅនាទី ទី១៣ ហើយកីឡាករ ស្លៃម៉ាន សាលីម រកគ្រាប់បាល់តាមស្មើសម្រាប់កម្ពុជានារយៈពេល៥នាទីបន្ទាប់។
ក្រុមដែលស្ថិតក្រោមរបបសាធារណរដ្ឋខ្មែរ បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ ប្រចាំព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ១៩៧២ បន្ទាប់ពីពួកគេចាញ់ថាថៃ ៥-៣ ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយលទ្ធផលស្មើ ២-២ នៅម៉ោងធម្មតា។ អឺរ៉ុង់បានក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់អាស៊ីជាលើកទី២ បន្ទាប់ពីបានយកឈ្នះ កូរ៉េខាងត្បូង ២-១ នៅម៉ោងបន្ថែម។
ក្រុមពីតំបន់អាស៊ីខាងលិចផ្សេងទៀតដែលកម្ពុជាធ្លាប់ជួបរួមមាន លីបង់ ប៉ាឡេស្ទីន យ៉េមែន និងអារ៉ាប៊ីសាអូឌីត កាលពីជំនួបមិត្តភាពកាលពីដើមឆ្នាំកន្លងមក។ កម្ពុជាក៏ធ្លាប់ជួបស៊ីរីចំនួន៣លើកកន្លងមកដែរ ដោយបានចាញ់ ៥-១ ក្នុងពានរង្វាន់ Nehru Cup នៅក្នុងក្រុងញូវដេលី កាលពីឆ្នាំ២០០៧ ហើយស៊ីរី បានយកឈ្នះក្នុងលទ្ធផល ៦-០ ទាំងពីរជើងនាការប្រកួតវគ្គជម្រុះប្រចាំតំបន់អាស៊ីនៃពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ ៕
Tag:
បាល់ទាត់
AFC Asian Cup
ប្រវត្តិកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com