ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​ធំៗ​ទាំងពីរ មិន​ចង់​ឲ្យ​មានការ​វាយប្រហារ​គ្នា ពេល​ឃោសនាបោះឆ្នោត​
27, Mar 2017 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា សុទ្ធតែ​មិន​គាំទ្រ​ការ​ប្រហារ​ពាក្យសំដី​គ្នា  ក្នុងអំឡុង​នៃ​ការឃោសនាបោះឆ្នោត​។ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា សាទរ​នៅពេលដែល​អ្នកនយោបាយ ប្រកាន់​គោលជំហរ បែបនេះ​។​



​ការវាយប្រហារ​គ្នា​ដោយ​វោហារសាស្ត្រ ក្នុងអំឡុង​នៃ​ការឃោសនាបោះឆ្នោត អាច​នាំ​ឲ្យ​មាន​ផល​មិនល្អ​ដល់​ប្រទេសជាតិ​។ នេះ​ជាការ​យល់ឃើញ​របស់​មេ​ដឹកនាំ​នៃ​គណបក្ស​ធំៗ​ទាំងពីរ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​។

​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​ក្រុង​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​នេះ សម្តេច ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា អ្នកនយោបាយ និង​បេក្ខជន​ឃុំ​-​សង្កាត់ នៃ​គណបក្ស​នានា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ច្បាប់​ស្តីពី គណបក្សនយោបាយ​។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ជម្លោះ នឹង​កើតមានឡើង​ដោយ​ជៀស​មិន​រួច ប្រសិនបើ​គណបក្ស​នីមួយៗ មិន​គោរព​ក្រមសីលធម៌ ហើយ​ឆ្លៀត​រិះគន់​គ្នា​ទៅវិញទៅមក ពេល​ឃោសនាបោះឆ្នោត​។

​ប្រធាន​បក្ស​កាន់អំណាច​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​ត្រូវយក​អ្នក​ឃោសនា​ពាណិជ្ជកម្ម ធ្វើជា​គំរូ​។ អ្នក​ឃោសនា​ពាណិជ្ជកម្ម គឺ​គ្រាន់តែ​ឃោសនា​អំពី​ទំនិញ​របស់ខ្លួន​ប៉ុណ្ណោះ​។ តែ​គេ​មិនបាន​បន្តុះបង្អាប់​នូវ​ទំនិញ​អ្នកដទៃ​ទេ​។ ការបន្តុះ​បង្អាប់​ទំនិញ​អ្នកដទៃ ឬ​បេក្ខជន​នៃ​បក្ស​ដទៃ នឹង​នាំ​ឲ្យ​មាន​ជម្លោះ​ជៀស​មិន​ផុត ព្រោះ​អ្នក​ដែល​ទទួល​នូវ​ការប្រមាថ នូវ​ការ​ជេរ លាប​ពណ៌ ពិតជា​គេ​មិន​សុខចិត្ត គេ​នឹង​ប្រើ​សិទ្ធិ​របស់គេ​ដើម្បី​ប្ដឹង​។ [….] »​។

​ចំណែក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ក៏​បង្ហាញ​ជំហរ ដូច​សម្តេច ហ៊ុន សែន ដែរ ពាក់ព័ន្ធ​នឹង​ការឃោសនាបោះឆ្នោត​។ ពី​វេទិកា​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៧ ឯកឧត្តម កឹម សុខា បាន​លើកឡើងថា គណបក្ស​នានា គួរប្រើ​ប្រាស់​គោលនយោបាយ​របស់ខ្លួន ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដោយ​ជៀសវាង​ការវាយប្រហារ​គ្នា​។​

​មេបក្ស​ប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង​ប្រកួត​គ្នា​លើ​គោលនយោបាយ​នៃ​គណបក្ស​រៀងៗ​ខ្លួន ដើម្បី​បាន​ផលប្រយោជន៍​ទៅ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​យើង​។ យើង​មិនត្រូវ​ប្រកួត​គ្នា​លើ​ពាក្យសម្ដី​អសុរោះ ដៀលត្មះ វាយប្រហារ ធ្វើទុក្ខបុកម្នេញ បង្ក​ការឈឺចាប់​ឲ្យ​គ្នា​នោះឡើយ​។ [….] »​។

​អ្នកវិភាគ​នយោបាយ លោក សូ ចន្ថា សប្បាយចិត្ត ពេល​ឃើញ​មេដឹកនាំ​នយោបាយ​កំពូលៗ បង្ហាញ​ឥរិយាបថ​ទន់ភ្លន់​ដូច្នេះ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វា ជា​រឿង​ល្អ​សម្រាប់​ប្រទេសជាតិ ដែល​អ្នកនយោបាយ មិន​ជេរប្រមាថ ឬក៏​លាប​ពណ៌​ដាក់គ្នា​ទៅវិញទៅមក​។

​យ៉ាងណា លោក សូ ចន្ថា ហាក់​មិនសូវ​ជឿ​លើ​ពាក្យសម្តី​ទាំងនេះ ទេ​។ លោក នឹង​តាម​សង្កេតមើល​ការអនុវត្ត​របស់​អ្នកនយោបាយ ដែល​បានបង្ហាញ​ជំហរ​ខាងលើ​។ អ្នកវិភាគ​នយោបាយ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ គាំទ្រ ដែល​ពួកគាត់​បង្ហាញ​ជំហរ មិន​វា​ប្រហារ មិន​ជេរប្រមាថ មិន​លាប​ពណ៌​គ្នា​។ ប៉ុន្តែ ខ្ញុំ​ចង់ឃើញ​ការអនុវត្ត​ជាក់ស្តែង ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ កុំ​បានតែ​ថា​!»​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​គណបក្ស មាន​រយៈពេល​តែ​១៤​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ឃោសនា​ពី​កម្មវិធី​និង​គោលនយោបាយ​៕


Tag:
 CNRP
  CPP
  ហ៊ុន សែន​
  កឹម សុខា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com