អន្តរជាតិ
បាតុកររាប់រយនាក់ត្រូវចាប់ខ្លួន ក្នុងការតវ៉ាប្រឆាំងរឿងអាស្រូវពុករលួយនាយករដ្ឋមន្ត្រីរុស្ស៊ី រូបភាព៖ RT
× បាតុករប្រឆាំងតវ៉ាសំណុំរឿងពុករលួយរបស់ប្រមុខរដ្ឋាភិបាលរុស្ស៊ីជាច្រើនរយនាក់ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួននៅចុងសប្តាហ៍កន្លងទៅ។ សារព័ត៌មានរដ្ឋរុស្ស៊ីផ្សាយថា បាតុករដែលត្រូវឃុំខ្លួននោះមានត្រឹម ៥០០នាក់ប៉ុណ្ណោះ តែខាងក្រុមឃ្លាំមើលបានវាយតម្លៃថា អ្នកត្រូវឃុំនោះមានយ៉ាងតិច ៨៥០ នាក់។ មេដឹកនាំក្រុមប្រឆាំង Alexei Navalny ស្ថិតក្នុងចំណោមបាតុករដែលត្រូវគេឃុំខ្លួននោះដែរ ហើយអាជ្ញាធររុស្ស៊ីបកស្រាយថា បាតុករទាំងនោះប្រមូលផ្តុំគ្នាដោយគ្មានការអនុញ្ញាតឡើយ។
បាតុកម្មទ្រង់ទ្រាយធំបំផុតដើម្បីប្រឆាំងរដ្ឋាភិបាលត្រូវបានរៀបចំឡើងនៅទីក្រុងជាច្រើននិងនៅកណ្តាលរដ្ឋធានីម៉ូស្គូ នៅចុងសប្តាហ៍កន្លងទៅ។ ឆ្លើយតបចំពោះចលនាបាតុកម្មនេះ កងកម្លាំងបង្ក្រាបបាតុកម្មរុស្ស៊ីបានបំបែកក្រុមបាតុករនិងចាប់ឃុំខ្លួនបាតុករជាច្រើនរយនាក់ផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ក្រុមបាតុករដែលត្រូវអាជ្ញាធររុស្ស៊ីចាប់និងឃុំខ្លួននេះមានចំនួន ៥០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែសារព័ត៌មាន The Guardian បានស្រង់សម្តីមន្ត្រីឃ្លាំមើលចលនាបាតុកម្មនេះដោយបញ្ជាក់ថា អ្នកដែលត្រូវចាប់ខ្លួននោះមានរហូតដល់ជាង៨៥០នាក់ឯណោះគ្រាន់តែ ក្នុងរដ្ឋធានីម៉ូស្គូ។
ចលនាបាតុកម្មនេះចាប់ផ្តើមឡើងក្រោយពេលដែលលោក Alexei Navalny អ្នកនយោបាយប្រឆាំង និងជាមេដឹកនាំចលនាប្រឆាំងអំពើពុករលួយនៅរុស្ស៊ីអំពាវនាវឲ្យពលរដ្ឋចូលរួមទាំងអស់គ្នា។ បាតុកម្មនេះជាការឆ្លើយតបចំពោះការបែកធ្លាយវីដេអូរឿងអាស្រូវពុករលួយដែលពាក់ព័ន្ធនាយករដ្ឋមន្ត្រី Dmitry Medvedev ដែលលោកទទួលសំណូកជាភូមិគ្រឹះ, នាវា និងសម្ភារៈមានតម្លៃផ្សេងទៀតច្រើនសន្ធឹកសន្ធាប់។ ហើយក្រោយការបែកធ្លាយរឿងអាស្រូវនេះ គេមិនឃើញមានការឆ្លើយតបឬបកស្រាយជាផ្លូវការពីសំណាក់រដ្ឋាភិបាលរុស្ស៊ីឡើយ។
អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា ការបាតុកម្មថ្ងៃអាទិត្យតី ២៦មីនាម្សិលមិញនោះមានមនុស្សចូលរួមប្រហែល៧០០០នាក់ តែចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ។ លោក Navalny ក៏ស្ថិតក្នុងចំណោមបាតុករដែលត្រូវបានចាប់ខ្លួននោះដែរ ដោយសារសមត្ថកិច្ចចាត់ទុកថា ចលនាបាតុកម្មនេះមិនមានការអនុញ្ញាតឡើយ។
យ៉ាងណាមិញ គេមើលឃើញថាទំហំនៃបាតុករចូលរួមការតវ៉ានេះមានច្រើនដែលវាបង្កឲ្យមានផលប៉ះពាល់ និងអាចបង្កគ្រោះថ្នាក់ដល់របបដឹកនាំក្រេមឡាំងផង។ ហើយវាជះឥទ្ធិពលខ្លាំងលើការបោះឆ្នោតប្រធានាធិបតីដែលនឹងត្រូវរៀបចំឡើងនៅឆ្នាំក្រោយ ដែលគេរំពឹងថា លោក វ្ល៉ាឌីមៀ ពូទីននឹងអាចឈានទៅឈ្នះឆ្នោតនិងកាន់តំណែង ៦ឆ្នាំទៀតផងដែរ៕
Tag:
Dmitry Medvedev
Alexei Navalny
ពុករលួយ
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com