អន្តរជាតិ
រដ្ឋបាលត្រាំ ចាប់ផ្តើមជជែករឿងប្តូរស្ថានទូតទៅក្រុងហ្ស៊េរុយសាឡិមតាមការសន្យា
× អាមេរិកចាប់ផ្តើមជជែកពិភាក្សាឡើងវិញហើយពីគម្រោងផ្លាស់ប្តូរទីតាំងស្ថានទូតពីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម តាមការសន្យារបស់លោក ដូណាល់ ត្រាំ។ អនុប្រធានាធិបតីអាមេរិក Mike Pence ជាអ្នកដឹកនាំក្រុមពិភាក្សាជាមួយអ៊ីស្រាអែលពាក់ព័ន្ធគម្រោងនេះ។ បើសិនជាមានការសម្រេចមែន វាបញ្ជាក់ថាអាមេរិកទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែលដោយស្របច្បាប់។
កិច្ចពិភាក្សាមួយជាមួយក្រុមគាំទ្រអ៊ីស្រាអែលពាក់ព័ន្ធការឈានទៅប្តូរទីតាំងស្ថានទូតអាមេរិកពីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសេឡិមចាប់ផ្តើមឡើងវិញនៅថ្ងៃអាទិត្យទី ២៦ មីនា។ វាជាជំហានថ្មីមួយក្នុងការឈានទៅទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជាកម្មសិទ្ធិស្របច្បាប់របស់រដ្ឋាភិបាលអ៊ីស្រាអែល។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោកអនុប្រធានាធិបតីអាមេរិក Mike Pence បានដឹកនាំកិច្ចពិភាក្សាជាមួយក្រុមគាំទ្រអ៊ីស្រាអែលគឺគណៈកម្មការកិច្ចការសាធារណអាមេរិកអ៊ីស្រាអែល (AIPAC)។ ក្នុងកិច្ចពិភាក្សានេះលោក Mike Pence បានថ្លែងដូច្នេះថា៖« ក្រោយ ចំណាយច្រើនទសវត្សរ៍ដើម្បីជជែកគ្នា ប្រធានាធិបតីអាមេរិកកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់បំផុតពាក់ព័ន្ធការផ្លាស់ប្តូរស្ថានទូតអាមេរិកពី Tel Aviv ទៅកាន់ក្រុង ហ្ស៊េរុយសាឡិម»។
ក្នុងពេលឃោសនាកន្លងមក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងប្តូរទីតាំងស្ថានទូតអាមេរិកនេះ ទោះមានការជំទាស់ក៏ដោយ។ ក្រោយពេលស្បថចូលកាន់អំណាច ការឈានទៅប្តូរទីតាំងស្ថានទូតនេះហាក់បីដូចជាពិបាកធ្វើទៅរួច ហើយរដ្ឋបាលលោកក៏ប្រឈមការប្រឆាំងច្រើនទៀត។
ប៉ុន្តែប្រសិនជាករណីដែលមានការផ្លាស់ប្តូរស្ថានទូតពិតមែននោះ វានឹងក្លាយជាបញ្ហាថ្មីមួយព្រោះវាសញ្ញានៃការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជាទីក្រុងរបស់អាស្រាអែលស្របច្បាប់ ហើយប៉ាឡេស្ទីនដែលទាមទារយកផ្នែកខ្លះនៃទីក្រុងនេះប្រាកដជាមិនសុខចិត្តឡើយ។
តាមពិតទៅ ក្រៅពីភាពពិសិដ្ឋ ហ្ស៊េរុយសាឡិមជាទីក្រុងមួយដ៏ចម្រូងចម្រាសដែលគេមិនទាន់កំណត់ដាច់ស្រេចថាជារបស់ភាគីណា ទោះជាវាស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែលក៏ដោយ។ ហើយវាក៏ជាចំណុចស្នូលនៃការចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែរ។ អ៊ីស្រាអែល បានវាយដណ្តើមកាន់កាប់តំបន់នៅភាគខាងកើតហ្ស៊េរ៉ុយសាឡិមនៅក្នុងសង្គ្រាម ៦ថ្ងៃ រវាងអារ៉ាប់-អ៊ីស្រាអែលនៅក្នុងឆ្នាំ ១៩៦៧។ ហើយអាជ្ញាធរអ៊ីស្រាអែលក៏បានភ្ជាប់ទឹកដីនេះនិងដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនដោយបង្រួបបង្រួមទីក្រុងហ្ស៊េរុយសាឡិមទាំងមូលជាផ្លូវការក្នុងឆ្នាំ ១៩៨០ តែម្តង។ ចាប់ពីពេលនោះមក ទឹកដី ហ្ស៊េរុយសាឡិមស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល។
ប៉ុន្តែទោះជាបែបនេះក្តី សហរដ្ឋអាមេរិក និងសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិមិនបានទទួលស្គាល់សកម្មភាពរបស់អ៊ីស្រាអែលនៅក្រុងហ្ស៊េរុយសាឡិមឡើយ។ គេចាត់ទុកថាការកំណត់លក្ខន្តិកនៃទឹកដីហ្ស៊េរុយសាឡិមជាចំណុចស្នូលមួយក្នុងការដោះស្រាយជម្លោះរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីនផង។ មិនមានប្រទេសណាដាក់ស្ថានទូតនៅក្រុងហ្ស៊េរុយសាឡិមឡើយ ដោយសារតែគេមិនទាន់កំណត់ដាច់ស្រេចពីអ្នកមានសិទ្ធិកាន់កាប់។ គេដាក់ស្ថានទូតនៅនៅទីក្រុង Tel Aviv តែអាមេរិកនិងប្រទេសជាច្រើនផ្សេងទៀតនៅដាក់ស្ថានកុងស៊ុលនៅក្រុងហ្ស៊េរុយសាឡិមវិញ។
នៅអាមេរិក សមាជិកសភាច្រើនដែរដែលបានបង្ហាញការគាំទ្រចំពោះការផ្លាស់ប្តូរស្ថានទូតពីទីក្រុង Tel Aviv ទៅហ្ស៊េរុយសាឡិម ដោយទទួលស្គាល់ហ្ស៊េរុយសាឡិមជាផ្នែកមួយរបស់អ៊ីស្រាអែល។ ដូចឃើញស្រាប់នៅឆ្នាំ ១៩៩៥ សភាអាមេរិកបានបោះឆ្នោតអនុម័តច្បាប់មួយដែលទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលជាផ្លូវការ និងឧបត្ថម្ភថវិកាសម្រាប់ការប្តូរទីតាំងស្ថានទូតពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមវិញ។
ប៉ុន្តែទាំងប្រធានាធិបតីបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យមិនបានអនុវត្តច្បាប់នេះឡើយ ដោយសារវារំលោភលើអំណាចប្រតិបត្តិពាក់ព័ន្ធការអនុវត្តគោលនយោបាយការបរទេស។ លោក បារ៉ាក់ អូបាម៉ា ដែលជាអ្នកនយោបាយម្នាក់ដែលខ្វាយខ្វល់ខ្លាំងរឿងដោះស្រាយបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីនដោយជំរុញឲ្យមានការអនុវត្តដំណោះស្រាយរដ្ឋពីរ (Two State Solution) បដិសេធដាច់ខាតចុះហត្ថលេខាលើច្បាប់នេះ៕
Tag:
ដូណាល់ ត្រាំ
ហ្ស៊េរុយសាឡិម
Mike Pence
Tel Aviv
© រក្សាសិទ្ធិដោយ thmeythmey.com