ជាតិ
ក្រុមសង្គមស៊ីវិល ជជែកគ្នាពីការដាក់អ្នកសង្កេតការណ៍ ពេលបោះឆ្នោត
× ភ្នំពេញ៖ សង្គមស៊ីវិលមួយចំនួន បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាគ្នាពីដំណើរការនូវបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោត។ បន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោត សំដៅទៅលើបណ្តុំនៃអង្គការក្រៅរដ្ឋាភិបាលនានា ដែលរួមគ្នាបណ្តុះបណ្តាលអ្នកសង្កេតការណ៍ ហើយដាក់អ្នកសង្កេតការណ៍ទាំងនោះ ឲ្យតាមដាននិងឃ្លាំមើលការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
សង្គមស៊ីវិល ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មាន មានដូចជា គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៍ នៅកម្ពុជា (COMFREL), សម្ព័ន្ធខ្មែរជំរឿននិងការការពារសិទ្ធិមនុស្ស (LICADHO), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL), អង្គការកម្មវិធីអភិវឌ្ឍន៍ ធនធានយុវជន (YRDP) និងអង្គការសីលការ ជាដើម។
កាលពីប៉ុន្មានថ្ងៃមុន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិយាយថា មានអង្គការជាតិចំនួនពីរ គឺគណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៍ នៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានដាក់សំណើទៅកាន់គ.ជ.ប ដើម្បីសុំធ្វើជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ៕
Tag:
សង្គមស៊ីវិល
បោះឆ្នោត
អ្នកសង្កេតការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com