ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ចិន ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន ៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧
28, Mar 2017 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា​-​ចិន បាន​ប្ដេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន ៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​នេះ​។



​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្ដិ បាន​បញ្ជាក់ថា ក្រសួង​មាន​យុទ្ធសាស្ត្រ​ជំរុញ និង​សម្របសម្រួល​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា​-​ចិន តាមរយៈ​ជើងហោះហើរ​ផ្ទាល់ ពី​ទីក្រុង​ធំៗ​នៃ​ប្រទេស​ចិន ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ និង​វិនិយោគិន ក្នុងការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ប្រទេស​ទាំងពីរ​។ ក្រៅពីនេះ​ក្រសួងពាណិជ្ជកម្ម ក៏បាន​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ព័ត៌មាន​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ចិន​ថែមទៀត ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ទូលំទូលាយ​។ ជាពិសេស​បើក​ច្រក​ទីផ្សារ​នៅ​ប្រទេស​ចិន និង​ប្រទេស​ដទៃទៀត​ដែល​កម្ពុជា​ទទួលបាន ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​សូន្យ និង​មិន​ជាប់​កូតា ដើម្បី​ជំរុញ​ឲ្យ​ការវិនិយោគ​នៅ​កម្ពុជា ទទួលបាន​ប្រាក់ចំណេញ​ផងដែរ​។​

​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ស្ដីពី​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា ខេត្ដ​សាន​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២៧ មីនា​នេះ លោក ប៉ាន សូរ​ស័ក្ដិ បាន​បញ្ជាក់ថា ៖« ការចុះ​អនុស្សរណៈ​រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ខេត្ដ សាន​ស៊ី​នៃ​ប្រទេស​ចិន គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​ទាក់ទាញ​អ្នកវិនិយោគ​ចិន មក​ធ្វើការ​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងប្រទេស​កម្ពុជា ពិសេស​ការទាក់ទាញ​ទេសចរ​ចិន ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​»​។​

​អភិបាលខេត្ត​សាន​ស៊ី នៃ​ប្រទេស​ចិន លោក ហ៊ូ ហេ​ភីង បាន​អះអាងថា លោក​នឹង​ជួយ​ជំរុញ​អ្នក​វិនិយោគិន​ចិន​ឲ្យ​មករក​ស៊ី និង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទូរគមនាគមន៍ អគ្គិសនី កសិកម្ម និង​ប្រព័ន្ធធារាសាស្ដ្រ​នៅ​កម្ពុជា​។

​សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន មកដល់ពេលនេះ មាន​ប្រមាណ​ជា​៤​ពាន់​លាន​ដុល្លារ​ហើយ​៕

​ប្រភព​AKP


Tag:
 កម្ពុជា​
  ​ចិន​
 ​ ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com