ពីនេះ ពីនោះ
× កំណាព្យបទ សត្វកាងស្លាប
ដោយប៉ាកកាខ្មៅ
-បុករះ រះបុកថ្លុកឈាមហូរ
ស្រែកថ្ងូរ ថ្ងូរស្រែកជ្រែកតាមផ្លូវ
យប់ថ្ងៃ ថ្ងៃយប់គ្រប់រដូវ
គ្រោះផ្លូវ ផ្លូវគ្រោះហួសនឹងថ្លែង។
-អ្នកគ្រោះ គ្រោះអ្នកជាក់តាមច្បាប់
មានស្លាប់ ស្លាប់មានឃើញជាក់ស្តែង
ជនល្មើស ល្មើសជនធន់មិនក្រែង
អាងឯង ឯងអាងកាងខ្នងក្រាស់។
-គេចបើក បើកគេចភ្លេចបំពាន
ពិតហ៊ាន ហ៊ានពិតមឹតមាំណាស់
ច្បាប់មាន មានច្បាប់ចាប់ចែងច្បាស់
ធ្វើណាស់ ណាស់ធ្វើពើមិនខ្វល់។
-ឡានបើក បើកឡានហ៊ានហួសល្បឿន
ឡានលឿន លឿនឡានបានប៉ះដល់
អ្នកត្រូវ ត្រូវអ្នកធ្លាក់លើថ្នល់
គិតដល់ ដល់គិតពិតគ្រោះណាស់។
-ជួយគិត គិតជួយព្រួយដោះស្រាយ
ខ្វល់ខ្វាយ ខ្វាយខ្វល់ដល់ពេលផ្លាស់
គ្រោះផ្លូវ ផ្លូវគ្រោះព្រោះដឹងច្បាស់
កើតណាស់ ណាស់កើតពីបំពាន៕
© រក្សាសិទ្ធិដោយ thmeythmey.com