អន្តរជាតិ
ចេញពី​សិង្ហ​បុរី ប្រធានាធិបតី​បារាំង​ចូល​ម៉ាឡេស៊ី​ដើម្បី​ពពាយនាយ​លក់​យន្តហោះ​ចម្បាំង Rafale
28, Mar 2017 , 2:41 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ទទួលប្រធានាធិបតីបារាំង ហ្រ្វង់ស្វ័រ ហូឡង់ដ៍ (រូបភាពហ្វេសប៊ុក Najib Razak)
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ទទួលប្រធានាធិបតីបារាំង ហ្រ្វង់ស្វ័រ ហូឡង់ដ៍ (រូបភាពហ្វេសប៊ុក Najib Razak)
​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) បាន​ទៅដល់​ម៉ាឡេស៊ី​ហើយ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​។ នេះ​ជា​ទស្សនកិច្ច​លើក​ទី​១ របស់​ប្រមុខរដ្ឋ​បារាំង​ទៅកាន់​ម៉ាឡេស៊ី​ក្នុងពេល​ច្រើនជាង​១​ទសវត្សរ៍​មកនេះ​។ ជាមួយ​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ប្រធានបទ​ទិញ​-​លក់​យន្តហោះ​ចម្បាំង​បារាំង Rafale ក៏ត្រូវ​លើកឡើង​ដែរ ប៉ុន្តែ​នៅ​មិនទាន់​ការសម្រេចចិត្ត​ទិញ​ទេ បើទោះជា​ម៉ាឡេស៊ី​កំពុង​ត្រូវការ​យន្តហោះ​ថ្មី​ក៏ដោយ​។​



​ចេញពី​សិង្ហ​បុរី ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ក៏​បន្តដំណើរ​ទៅកាន់​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២៨ ខែមីនា​។ ប្រធានាធិបតី​បារាំង ក៏​ឆ្លៀត​សាកសួរ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រឿង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី ព្រោះ​ដឹងថា​ម៉ាឡេស៊ី​កំពុង​ត្រូវការ​យន្តហោះ​ចម្បាំង​ថ្មី​បន្ថែមទៀត​។ យ៉ាងណាក្ដី លោក ហូ​ឡង់ ទំនងជា​ខកចិត្ត​បន្តិច​ហើយ ដ្បិត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ប្រាប់​វិញ ម៉ាឡេស៊ី​មិនទាន់​សម្រេចចិត្ត​ទិញ​ឡើយ​។​

​ក្នុង​សន្និសីទ​រួមគ្នា​នៅ​ថ្ងៃទី​២៨ ខែមីនា នាយករដ្ឋមន្ត្រី រ៉ា​ហ្សា​ក់ និយាយថា លោក​ពិតជា​បាន​និយាយ​រឿង​ទិញ​យន្តហោះ​ចម្បាំង Rafale ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Dassault Aviation SA ប៉ុន្តែ​មិនទាន់​ឈានដល់​កិច្ចព្រមព្រៀង​ឡើយ​។ លោក ណា​ជីប ប្រា​ប់លោក ហូ​ឡង់ ថា ម៉ាឡេស៊ី មិនទាន់​សម្រេចចិត្ត​ទេ តែ​បានកត់សម្គាល់​ច្បាស់​ពី​ជោគជ័យ​របស់​យន្តហោះ​ចម្បាំង​នេះ នៅ​ប្រទេស​ដទៃទៀត​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ម៉ាឡេស៊ី កំពុង​ស្វែងរក​ទិញ​យន្តហោះ​ចម្បាំង​ថ្មី ដើម្បី​ជំនួស​យន្តហោះ​ចាស់ៗ​របស់ខ្លួន​ប្រភេទ MiG-29  ដែលជា​ផលិតផល​របស់​រុស្ស៊ី​។ យន្តហោះ​ចម្បាំង Rafale ជា​បេក្ខភាព​ឈានមុខ ហើយ​ម៉ាឡេស៊ី​អាច​ទិញ​យន្តហោះ​ប្រភេទ​នេះ​ដល់​ទៅ​១៨​គ្រឿង ដែល​អាច​តម្លៃ​ដល់​ទៅ​២​ពាន់​លាន​ដុល្លារ​។ យន្តហោះ​ប្រភេទ MiG-29 ជិត​ពាក់កណ្ដាល ត្រូវដាក់​ឲ្យ​ឈប់​ប្រើប្រាស់​ទៅហើយ ដូចនេះ​ទើប​ម៉ាឡេស៊ី​ខំ​រក​យន្តហោះ​ថ្មី​ដើម្បី​ពង្រឹង​កងទ័ពអាកាសរ​បស់​ខ្លួន​។​

​ប្រធានាធិបតី ហូ​ឡង់ បញ្ជាក់ប្រាប់​នាយករដ្ឋមន្ត្រី រ៉ា​ហ្សា​ក់ វិញ​ថា បារាំង​ចង់​ផ្គត់ផ្គង់​យន្តហោះ​ថ្មី​ឲ្យ​ម៉ាឡេស៊ី​។ លោក ហូ​ឡង់ ក៏បាន​អួតអាង​ពី​យន្តហោះ​លក្ខណៈពិសេស​របស់​យន្ត​ហោះ Rafale ថា​ជា​យន្តហោះ​ល្អ​ជាងគេ​ក្នុង​ប្រភេទ​យន្តហោះ​ដូចគ្នា​។ ប្រធានាធិបតី​បារាំង ក៏​ស្នើ​ឲ្យ​មានការ​ពិភាក្សា​រឿង​តម្លៃ និង​លក្ខខណ្ឌ​ដទៃទៀត ព្រោះ​លោក​ជឿថា ម៉ាឡេស៊ី នឹង​សម្រេចចិត្ត​ទិញ Rafale ជាក់​ជាមិនខាន​នៅពេល​កាលៈទេសៈ​សមស្រប​មកដល់​។ 

​ក្រុង​កូ​ឡា​ឡាំ​ពួរ ហាក់​រារែក​ចំពោះ​យន្តហោះ​បារាំង ដោយសារ​ខ្លួន​ក៏​នៅមាន​ជម្រើស​មួយទៀត​។ យន្តហោះ​ចម្បាំង Eurofighter Typhoon របស់​អឺរ៉ុប ផលិត​ដោយ​ក្រុមហ៊ុន BAE Systems ក៏​ស្ថិតក្នុង​ចិត្ត​របស់​ម៉ាឡេស៊ី​ដែរ​។ បើទោះជា​មានតម្លៃ​ថ្លៃ​ជាង​យន្តហោះ​បារាំង យន្តហោះ​អឺរ៉ុប​ក៏មាន​អានុភាព​មិន​អន់​ប៉ុន្មាន​ដែរ បើទោះជា​មិនសូវ​ទីផ្សារ​ខ្លាំង​ក្ដី ខណៈ​យន្តហោះ​បារាំង ហាក់​មាន​ទីផ្សារ​ច្រើនជាង ជាពិសេស​ទើបតែ​លក់​ឲ្យ​ឥណ្ឌា​បាន​ជាង​៣០​គ្រឿង​ឯណោះ​៕


Tag:
 បារាំង​
  Francois
  Hollande
  ម៉ាឡេស៊ី​
  Najib Razak
© រក្សាសិទ្ធិដោយ thmeythmey.com