ពីនេះ ពីនោះ
ដើម្បីដឹកនាំស្ថាប័នឲ្យជោគជ័យ តើគេត្រូវការមន្ត្រីស្មោះត្រង់ ឬមន្ត្រីមានចំណេះ?
× ភ្នំពេញ៖ ការដឹកនាំស្ថាប័នមួយ មិនថា នៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន ឬក្នុងស្ថាប័នអង្គការទេ មិនមែនជារឿងងាយស្រួលឡើយ ព្រោះ ការយល់ឃើញរបស់មនុស្សខុសគ្នា ចំណេះដឹងខុសគ្នា ភាពស្មោះត្រង់ខុសគ្នា ការតាំងចិត្តខុសគ្នា។ល។ តើគេត្រូវការមន្ត្រីស្មោះត្រង់ ឬមន្ត្រីមានចំណេះដើម្បីដឹកនាំស្ថាប័នឲ្យជោគជ័យ?
ដឹកនាំក្រុមហ៊ុនឲ្យជោគជ័យ? ដឹកនាំស្ថាប័នរដ្ឋឲ្យជោគជ័យ? ដឹកនាំអង្គការឲ្យជោគជ័យ? ដឹកនាំគ្រួសារឲ្យជោគជ័យ? ដឹកនាំសហគមន៍ឲ្យជោគជ័យ? ទាំងអស់នេះ មិនមែនជារឿងសាមញ្ញឡើយ។ អ្នកខ្លះថា ឲ្យតែមានលុយ និងមានធនធានមនុស្សមានសមត្ថភាព-ចំណេះដឹង ពេលនោះ ស្ថាប័ននោះនឹងរីកចម្រើនភ្លាម។ អ្នកខ្លះទៀតថា មិនចាំបាច់ត្រូវការប្រាក់ និងធនធនមនុស្សខ្ពស់ប៉ុន្មានឡើយ បើមានមនុស្សស្មោះត្រង់ច្រើនរូប ជួយធ្វើការរួមគ្នា ពេលនោះ ស្ថាប័ននឹងរីកចម្រើនលឿនជាក់ជាពុំខាន។
សរុបសេចក្តីមក ដើម្បីរុញច្រានឲ្យស្ថាប័នមួយជោគជ័យក្នុងរយៈពេលយូរអង្វែងបាន កត្តាមូលធន កត្តាសមត្ថភាពមនុស្ស គឺជារឿងចាំបាច់។ ប៉ុន្តែអ្វីដែលចាំបាច់ជាងនេះទៅទៀតនោះ គឺកត្តាធនធានមនុស្សដែលស្មោះត្រង់។ មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ មានធនមនុស្សល្អសម្រាប់ធ្វើឲ្យចង្វាក់ការងារដំណើរ បូកនឹងភាពស្មោះត្រង់របស់មន្ត្រី ឬបុគ្គលិកទៀតផងនោះ ពេលនោះ ស្ថានប័ននឹងដំណើរល្អជាក់ជាពុំខាន។ ពាក្យ«ស្មោះត្រង់នៅទីនេះ» គឺចង់សំដៅថា បុគ្គលិក ឬមន្ត្រីដែលមានទឹកចិត្តធ្វើការបម្រើស្ថាប័នពិតប្រាកដ បម្រើមហាជនពិតប្រាកដ ពោលគឺមិនមែនអ្នកចេះដឹងដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
ប្រសិនបើនិយាយឲ្យចំនៅក្នុងស្ថាប័នរដ្ឋវិញ គេរឹតតែត្រូវការមន្ត្រីស្មោះត្រង់នឹងរាស្ត្រ ស្មោះត្រង់នឹងរដ្ឋ ស្មោះត្រង់នឹងស្ថាប័នរបស់ខ្លួនដើម្បីអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍតំបន់ដែលពួកគេដឹកនាំ។ មន្ត្រីដែលពូកែ មានទាំងលទ្ធភាព សមត្ថភាព តែខ្វះភាពស្មោះត្រង់មិនបម្រើរាស្ត្រ និងរដ្ឋ មន្ត្រីប្រភេទនេះ ក៏អាចបំផ្លាញស្ថាប័ន និងបំផ្លាញរដ្ឋវិញដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com