សង្គមជាតិ
ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ប្រាប់ពីរបៀបលេងល្បែងចោលឈូង
× ភ្នំពេញ៖ ល្បែងឈូង ជាល្បែងម្យ៉ាងរបស់កំលោះក្រមុំ មនុស្សចាស់ប្រុសស្រី ដែលគេតែងលេងនៅវេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មីខ្មែរ(ខែចេត្រ -ពិសាខ)នៅទូទាំងប្រទេសកម្ពុជា។ គេចែកជា២ពួក ដោយមានប្រុស១ពួក ស្រីមួយពួក។ ១ពួកមានមនុស្ស១០ឬ២០នាក់ឡើងទៅ ឈរត្រៀមជា២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ឬ១០ម៉ែត្រ។ គេយកក្រមា ឬកន្សែងមកឆ្មូលឲ្យមូលចងរឹតឲ្យតឹងណែន ទុកឲ្យមានកន្ទុយបន្តិចហៅថា«ឈូង»សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា។
ប្រភេទល្បែងឈូង គេចែកជាពីរប្រភេទ៖
១.ឈូងច្រៀងរាំ៖ មុនដំបូង ពួកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី ពួកខាងស្រីចាប់កុំឲ្យធ្លាក់ដល់ដី បើធ្លាក់ដល់ដីគេចាត់ជាស្អុយ ហើយគេផ្តើមបោះទៅឲ្យខាងប្រុសវិញ។ ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី។ កាលចាប់បានហើយ ចោលសំដៅទៅពួកខាងស្រី គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ។ បើចោលខុស គេចាត់ជាស្អុយ រួចគេផ្តើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស ហៅថា «ច្រៀងរាំជូនឈូង»។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា«ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ»។ ពួកស្រីៗក្រៅពីនោះគ្រប់គ្នាច្រៀងទទួលថា៖«ឱណាកែវ កែវពិអា ឱណាកែវអើយអឺអឺងអឺយ!» រួចហើយហុចឈូងនោះទៅប្រុសៗ ទទួលយកហើយក៏ផ្តើមបោះឈូងនោះទៅឲ្យពួកខាងស្រីចាប់វិញ។
បើពួកស្រីចាប់ឈូងបាន ក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណា ប្រុសនោះត្រូវនាំឈូងទៅជូនស្រីដោយច្រៀងទំនុកថា«បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ»។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា«ឱណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ!» ហើយក៏ហុចឈូងនោះទៅឲ្យពួកស្រីៗ ទទួលយកទើបផ្តើមបោះតទៅទៀត។
២. ឈូងលោះខ្ញុំ៖ ដើមដំបូង ខាងប្រុសគេផ្តើមច្រៀង១ទំនុកជាមុន។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកៗទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀង និងតាមស្រុក។ ទីនេះ ស្រង់តែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ស្រុក គេតែងតែច្រៀងគ្រប់គ្នាថា«បងបោះឈូង អូនអើយ កម្ពស់ចុងដូង(ស្ទួន) ក្រមុំឈរច្រូង អូនអើយ ទទួលឈូងបង»ឬថា«បងបោះឈូងទៅ ឈូកបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង»។ល។ ច្រៀងហើយគេស្រែកប្រាប់ថា ឈូងអឺយឈូង។ ហើយអ្នកផ្តើមទំនុកក៏បោះឈូងទៅលើពួកស្រីៗ ឲ្យពួកស្រីៗចាប់។ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ត បើចោលទៅប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ។ បើចោលមិនត្រូវទេ ខាងប្រុសគេចាប់ឈូងនោះចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅលើកនោះ ត្រូវបានរួចខ្លួន បើប្រុសមិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល។ បើ ខាងណាប៉ិនប្រសប់គេចោលយកតែអស់។ កាលណាអស់គ្នាហើយគេផ្តើមលេងសាជាថ្មីដោយខាងស្រីបោះឈូងទៅខាងប្រុសមុនវិញ។ មុននឹងស្រីៗបោះឈូងទៅឲ្យប្រុសគេស្រែកច្រៀងថា«អូនបោះឈូងទៅ បងអើយ កម្ពស់ចុងស្លា ប្រុសឈរត្រៀបត្រា បងអើយទទួលឈូងប្អូន»។ល។ ច្រៀងហើយគេស្រែកថា«ឈូងអឺយឈូង!» ហើយគេបោះឈូងទៅលើពួកប្រុសៗ។
ខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗកាលត្រូវស្រីណាម្នាក់ គេចាប់យកស្រីនោះ មកទុកខាងគេ។ បើខាងណាអស់មនុស្ស គេចែកគ្នាលេងសារជាថ្មី។ មនុស្សដែលគេចាប់នោះ ជួនកាលគេចងមុខឲ្យជិតលេងឲ្យទៅកាន់ទីផ្សេងៗជាការកម្សាន្តសប្បាយ។
របៀបលេងបែបទី២នេះ ជួនកាលអ្នកលេង គេកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្តងក៏មាន។ ល្បែងនេះ រាប់ចូលក្នុងពួកហាត់ភ្នែកឲ្យវៃ ហាត់ដៃឲ្យត្រង់ផង ជាការកម្សាន្តសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង៕
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ រៀបរៀងដោយ លោក ចាប ពិន អធិបតីក្រុមជំនុំ អ្នកស្រី ពេជ្រ សល់ លោក លី ធាមតេង និង ស្តើង ឆូរ សមាជិកក្រុមជំនុំ
Tag:
ល្បែងឈូង
ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com