អន្តរជាតិ
អាមេរិក និងចិន នាំគ្នាចែចូវលោក Duterte នាថ្ងៃខួបកំណើត ប្រធានាធិបតី Rodrigo Duterte ទទួលគំនូរមួយផ្ទាំងពីអគ្គរដ្ឋទូតចិន (រូបភាពពីវិមានប្រធានាធិបតីហ្វីលីពីន)
× អគ្គរដ្ឋទូតអាមេរិក និងចិន បានជួបជាមួយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជាបន្តបន្ទាប់នៅល្ងាចថ្ងៃទី២៧ ខែមីនា មុនមួយថ្ងៃនៃឱកាសខួបកំណើត៧២ឆ្នាំរបស់លោក។ លោកប្រធានាធិបតី Duterte និងតំណាងអាមេរិក ក៏ដូចជាតំណាងចិន បានជជែកលើប្រធានបទសំខាន់ៗជាច្រើន ជាពិសេសបញ្ហាសន្តិសុខនៅតំបន់សមុទ្រចិនខាងត្បូងតែម្ដង។ ដោយឡែក អគ្គរដ្ឋទូតចិន ក៏បានជូនលោក Duterte នូវរូបគំនូរសម្រាប់ថ្ងៃកំណើតលោក Duterte ដែរ។
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ឈានដល់វ័យ៧២ឆ្នាំនៅថ្ងៃទី២៨ ខែមីនា។ ឱកាសខួបកំណើតរបស់លោក ក៏ក្លាយជាវេលាប្រជែងសម្រាប់មហាអំណាច ដើម្បីដណ្ដើមយកចិត្តប្រធានាធិបតីរូបនេះ។ លោក Duterte បានជួបជាមួយអគ្គរដ្ឋទូតអាមេរិក និងចិន ដែលជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់ហ្វីលីពីន។ ក្នុងជំនួបដាច់ឡែក អគ្គរដ្ឋទូតអាមេរិក មិនបានយកអ្វីជូនលោក Duterte តែតំណាងចិនជូនគំនូរគ្រួសារដល់លោក Duterte ។
អគ្គរដ្ឋទូតអាមេរិក Sung Kim ជាអ្នកចូលជួបលោកប្រធានាធិបតី Duterte មុនគេ។ លោក Kim និងប្រធានាធិបតីហ្វីលីពីន បានចំណាយពេលភាគច្រើននៃជំនួបលើកនេះនិយាយពីរឿងសន្តិសុខ និងការធានារបស់អាមេរិកដើម្បីការពារហ្វីលីពីនជាសម្ប័ន្ធមិត្ត។ បើទោះជាគ្មានកាដូអនុស្សាវរីយ៍ក្ដី អគ្គរដ្ឋទូតអាមេរិកបានធានាចំពោះមុខលោក Duterte ថា អាមេរិកត្រៀមខ្លួនរួចរាល់ផ្ដល់ជំនួយយោធាសម្រាប់ហ្វីលីពីន។
បើតាមសារព័ត៌មាន Rappler អ្នកនាំពាក្យប្រធានាធិបតីនិយាយថា លោក Duterte ក៏ធានាចំពោះអគ្គរដ្ឋទូតអាមេរិកដែរថា ទំនាក់ទំនងរវាងអាមេរិក និងហ្វីលីពីន នៅតែរឹងមាំដដែល បើទោះមានការខ្វែងគំនិតគ្នាក៏ដោយ។ នៅមុនជំនួបប៉ុន្មានថ្ងៃ លោក Duterte បានរិះគន់អាមេរិក ដែលមិនព្រមចាត់វិធានការអ្វីសោះ និងទុកឲ្យស្ថានការណ៍សមុទ្រចិនខាងត្បូងមានសភាពដូចសព្វថ្ងៃ ទាំងដឹងថាចិនធ្វើអ្វីទៅហើយនោះ។
ក្រោយជំនួបជាមួយតំណាងអាមេរិក ប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បន្តជួបជាមួយមិត្តមួយទៀត គឺចិន។ បើតាមវិមានប្រធានាធិបតីហ្វីលីពីន លោក Duterte ក៏ពិភាក្សាបញ្ហាសន្តិសុខជាមួយអគ្គរដ្ឋទូតចិន Zhao Jianhua ហើយភាគីទាំងពីរជជែកគ្នាលើលើយន្តការទ្វេភាគីដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង និងការយល់ច្រឡំផ្សេងទៀត។ លោក Zhao ក៏នាំយកគំនូរ២ផ្ទាំងជាអំណោយថ្ងៃខួបកំណើតរបស់លោក Duterte ដែរ។
អាមេរិក និងចិន កំពុងប្រជែងគ្នាដើម្បីវាតទីឥទ្ធិពលលើដែនសមុទ្រចិនខាងត្បូង ជាទីដែលចិនទាមទារកម្មសិទ្ធិស្ទើរទាំងស្រុងទៅហើយ។ ដោយឡែកហ្វីលីពីន ក៏ជាអ្នកទាមទារសិទ្ធិគ្រប់គ្រងលើតំបន់នេះដែរ តែបានបែរខ្នងដាក់អាមេរិកដែលជាសម្ព័ន្ធមិត្តយូរឆ្នាំរបស់ខ្លួនក្រោមអាណត្តិលោក Duterte ។ រដ្ឋបាលអាមេរិកបានរិះគន់យុទ្ធនាការសម្អាតគ្រឿងញៀនរបស់លោក Duterte ដែលធ្វើឲ្យលោក Duterte មិនសប្បាយចិត្ត រួចក៏ងាកទៅជិតស្និទ្ធជាមួយចិនវិញ៕
Tag:
ហ្វីលីពីន
Rodrigo Duterte
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com