អន្តរជាតិ
រដ្ឋតូចៗរួមគ្នាបង្កើតសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ តែប្រទេសមហាអំណាចដើរចេញ
× មហាអំណាចនុយក្លេអ៊ែរអាមេរិកដឹកនាំសម្ព័ន្ធមិត្តខ្លួនមួយចំនួនធ្វើពហិកាចូលរួមក្នុងវេទិកាពិភាក្សានៅអង្គការសហប្រជាជាតិដើម្បីជំរុញការបង្កើតបទបញ្ញត្តិអន្តរជាតិដើម្បីហាមឃាត់អាវុធនុយក្លេអ៊ែរនិងឈានទៅបំបាត់អាវុធប្រល័យលោកនេះចោលផង។ ប្រទេសយ៉ាងហោចណាស់ ៤០ ដែលពហិកាក្នុងនោះមានរដ្ឋនុយក្លេអ៊ែរទាំង៩ ហើយគេចាត់ទុកការប្រឹងប្រែងធ្វើឲ្យពិភពលោកគ្មាននុយក្លេអ៊ែរនេះថាជារឿងមិនប្រាកដនិយមបន្តិចឡើយ។ ស្របពេលជាមួយគ្នានោះ តំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ប្រាប់ពិភពលោកថា វាជារឿងគ្រោះថ្នាក់បំផុតដែលអាមេរិកគ្មានអាវុធនុយក្លេអ៊ែរនោះ។
ប្រទេសយ៉ាងហោចណាស់ ១៣០ បានប្រមូលគ្នាជជែកពិភាក្សានិងចរចាគ្នាលើបទបញ្ញត្តិអន្តរជាតិដែលមានគោលដៅហាមឃាត់អាវុធនុយក្លេអ៊ែរនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាក្រុងញូវយ៉កនៅដើមសប្តាហ៍នេះ។ បើសិនសម្រេចបាន សន្ធិសញ្ញាអន្តរជាតិដែលអនុភាពគតិយុត្តិនេះនឹងហាមឃាត់អាវុធនុយក្លេអ៊ែរ និងឈានទៅលុបបំបាត់ចោលនូវអាវុធប្រល័យលោកនេះផងនាពេលអនាគត។
ស្របពេលដែលមានប្រទេសភាគច្រើនដាក់ចិត្តដាក់កាយស្វែងរកសេចក្តីសុខជូនពិភពលោក ប្រទេសមួយក្រុមដែលមានទាំងមហាអំណាចនុយក្លេអ៊ែរទាំងអស់ និងប្រទេសតូចតាចផ្សេងទៀតប្រហែល ៤០នោះប្រកាសធ្វើពហិកាចូលរួមចរចាជាមួយគេឯង។ ប្រទេសដែលមិនចូលរួមក្នុងកិច្ចចរចាចាត់ទុកសន្ធិសញ្ញាដែលមានកម្មវត្ថុរំសាយអាវុធនុយក្លេអ៊ែរនេះជារឿងមិន«ប្រាកដនិយម»ឡើយ។ គេចោទសួរថា តើគួរលុបចោលអាវុធនុយក្លេអ៊ែរដូចម្តេច បើប្រទេសដូចកូរ៉េខាងជើងនៅមានអាវុធនុយក្លេអ៊ែរនោះ? បើបោះបង់អាវុធនុយក្លេអ៊ែរមានន័យថា គេត្រូវបោះបង់ចោលទាំងអស់គ្នា។
១.អាមេរិក៖ ពិភពលោកគ្រោះថ្នាក់ណាស់សម្រាប់អាមេរិក ដែលត្រូវបោះបង់អាវុធនុយក្លេអ៊ែរ
មុនពេលការចរចាចាប់ផ្តើម ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានថ្លែងប្រាប់ថា ពិភពលោកនេះគ្រោះថ្នាក់ណាស់សម្រាប់អាមេរិក ដែលត្រូវលះបង់អាវុធនុយក្លេអ៊ែរ។លោកស្រីក៏បានពន្យល់ប្រាប់ប្រទេសឯទៀតថា បើចង់បង្កើតសន្តិភាព ពិភពលោកគួររកវិធីសាស្ត្រដែលប្រាកដនិយមជាអ្វីដែលគេកំពុងធ្វើពេលនេះ។
«ជាម្តាយនិងកូនស្រីម្នាក់ វាគ្មានអ្វីដែលខ្ញុំចង់បានសម្រាប់គ្រួសារខ្ញុំជាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរឡើយ។ ប៉ុន្តែយើងត្រូវតែប្រាកដនិយម»។
អ្នកការទូតអាមេរិករូបនេះបានចោទសួរត្រង់៖« តើមានអ្នកណាម្នាក់ជឿទេថា កូរ៉េខាងជើងនឹងយល់ព្រមហាមឃាត់អាវុធនុយក្លេអ៊ែរ?»
តាមពិតទៅ ជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ក៏ប្រឆាំងគំនិតបង្កើតសន្ធិសញ្ញថ្មីនេះដែរ ក្រោយពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតសម្រេចឲ្យមានការចរចាសន្ធិសញ្ញាថ្មីនេះកាលពីខែធ្នូឆ្នាំមុន។
ដូចបានបញ្ជាក់ស្រាប់ វាជារឿងមិនអាចទៅរួចស្រេចទៅហើយដែលបណ្តារដ្ឋដែលមាននុយក្លេអ៊ែរទាំងអស់នាំគ្នាបោះបង់ចោលអាវុធដែលខ្លួនផលិតបានមកនោះ។ ហើយណាមួយ សម្រាប់ប្រទេសទាំងនោះ មានអាវុធនុយក្លេអ៊ែរនេះក្នុងដៃទើបស័ក្តិសមជាមហាអំណាចពិភពលោកពិតប្រាកដ។ មកដល់ពេលនេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង ៩ មានដូចជាបារាំង,អង់គ្លេស,បារាំង, រុស្ស៊ី, ចិន, ឥណ្ឌា, ប៉ាគីស្ថាន, អ៊ីស្រាអែល និងកូរ៉េខាងជើងសុទ្ធតែជំទាស់គម្រោងលុបចោលអាវុធនុយក្លេអ៊ែរ។ សូម្បីតែបណ្តាប្រទេសរីកចម្រើនតែគ្មានអាវុធនុយក្លេអ៊ែរដូចជាអូស្ត្រាលីក៏ជំទាស់គម្រោងបង្កើតសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះដែរ។
២.សន្ធិសញ្ញាថ្មីសង្គ្រោះពិភពលោកពីសង្គ្រាមនុយក្លេអ៊ែរ តែគ្មានមហាអំណាចគាំទ្រ
បណ្តាក្រុមអ្នកគាំទ្រការបង្កើតសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីនេះ ខកចិត្តខ្លាំងដែលបណ្តាប្រទេសមហាអំណាចទាំងអស់មិនយកចិត្តទុកដាក់ចំពោះការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ។ ខ្លះនាំគ្នាថ្កោលទោស និងបន្ទោសប្រទេសទាំងអស់ខាងលើថា មិនជួយចូកជួយចែវគិតតែពីនាំគ្នាយកជើងរាទឹកទៅវិញ។
នាយកប្រតិបត្តិនៃយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរលោកស្រី Beatrice Fihn បានបង្ហាញកង្វល់ចំពោះការជំទាស់ពីសំណាក់ប្រទេសជាច្រើនរួមទាំងមហាអំណាចផង។ លោកស្រីបានលើកឡើងដូច្នេះ៖« ការប្រឆាំងនៅនាទីចុងក្រោយរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនិងអ្នកផ្សេងទៀតដែលដើរតាមអាមេរិកនោះបង្ហាញឲ្យឃើញថាពួកគេនេះបារម្ភពីការបង្កើតសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ វាជាសកម្មភាពដែលធ្វើឲ្យប៉ះពាល់និងជាឧបសគ្គរារាំងការឈានទៅសម្រេចកិច្ចការសំខាន់ដែលហាមឃាត់អាវុធនុយក្លេអ៊ែរតែម្តង»។
ប្រទេសគាំទ្រគិតថា វាជាសញ្ញាវិជ្ជមាន និងជាក្តីសង្ឃឹមសម្រាប់មនុស្សជាតិ បើសិនជាសន្ធិសញ្ញានេះត្រូវបានបង្កើតឡើងនិង ជំរុញឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរចោលពិតមែននោះ។ រាល់ថ្ងៃនេះ គេបារម្ភខ្លាំងដោយសារគ្រោះមហន្តរាយនៃការផ្ទុះអាវុធនុយក្លេអ៊ែរនេះកាន់តែខ្ពស់ជាងសម័យសង្គ្រាមអន្តរជាតិទៅទៀត។
ប្រទេសគាំទ្រសន្ធិសញ្ញាថ្មីនេះ កើនឡើងយ៉ាងរហ័សរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រទេសទាំងនោះបាត់បង់ទំនុកចិត្តលើសន្ធិសញ្ញាស្តីពីការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ដែលចូលជាធរមានតាំងពីឆ្នាំ១៩៧០នោះ។ សន្ធិសញ្ញានេះមិនអាចហាមឃាត់ប្រទេសមួយចំនួនដូចជាអ៊ីស្រាអែល, ឥណ្ឌា, ប៉ាគីស្ថាន និងកូរ៉េខាងជើងផលិតនុយក្លេអ៊ែរឡើយ។ គេជឿជាក់ថា សន្ធិសញ្ញាថ្មីអាចនឹងនាំពិភពលោកទៅរកភាពសុខសាន្ត និងអាចរួចផុតពីគ្រោះមហន្តរាយមិនអាចពណ៌នាបានដែលបង្កដោយសង្គ្រាមនុយក្លេអ៊ែរនាពេលអនាគតនោះ។
សូមបញ្ជាក់បន្តិចថា ចលនាជំរុញឲ្យមានការបង្កើតសន្ធិសញ្ញាថ្មីនេះត្រូវបានប្រកាសកាលពីខែតុលាឆ្នាំ ២០១៦ ដោយប្រទេសសមាជិក ១២៣ របស់អង្គការសហប្រជាជាតិ។ ប្រទេសដែលដឹកនាំចលនានេះមានដូចជាអូទ្រីស, អ៊ៀកឡង់, ម៉ិកស៊ិក, ប្រេស៊ីល,អាហ្វ្រិកខាងត្បូងនិងស៊ុយអែត ហើយក្រៅពីនោះមានអង្គការអន្តរជាតិជាច្រើនផ្សេងទៀតផង៕
Tag:
សន្ធិសញ្ញារំសាយនុយក្លេអ៊ែរ
អង្គការសហប្រជាជាតិ
Nikki Haley
Beatrice Fihn
© រក្សាសិទ្ធិដោយ thmeythmey.com