អន្តរជាតិ
បណ្តាញសណ្ឋាគារមួយនៅស៊ុយអែតនឹងសងលុយវិញក្នុងករណីអតិថិជនលែងលះគ្នា
×
បណ្តាញសណ្ឋាគារនៅស៊ុយអែត Countryside Hotels ចាប់តាំងពីថ្ងៃទី២០ ខែមីនា មក បានប្រកាសផ្តល់ប្រាក់សំណងទៅអតិថិជនរបស់ខ្លួនវិញ ប្រសិនបើពួកគេលែងលះគ្នាក្នុងរង្វង់រយៈពេល១ឆ្នាំ បន្ទាប់ពីពួកគេស្នាក់នៅក្នុងសណ្ឋាគារ។
អ្នកស្រី Annna Madsen អ្នកគ្រប់គ្រងផ្នែកទីផ្សារបស់ Countryside Hotels ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Local បានអះអាងថា៖ «យើងស្វាគមន៍គូស្វាមីភរិយាសម្រាប់ការមកស្នាក់នៅក្នុងបណ្តាញសណ្ឋាគាររបស់យើង។ យើងផ្តល់សេវាកម្មពិសេសដល់ពួកគេ ជាពិសេសឲ្យពួកគេស្វែងយល់ពីតម្លៃនៃការរួមរស់ដោយសុភមង្គលជាមួយគ្នា»។
តាមពិតគោលគំនិតនេះ គឺក្នុងបំណងឲ្យស្វាមីភរិយាដែលមានគម្រោងលែងលះគ្នា នឹកអនុស្សាវរីយ៍ល្អៗកន្លងមកជាមួយគ្នា ដូចជាការដើរកម្សាន្តចុងសប្តាហ៍ជាមួយគ្នា ឬស្នាក់នៅក្នុងសណ្ឋាគារជាមួយគ្នា។ វាជាផ្នែកមួយដែលជួយកាត់បន្ថយអត្រានៃការលែងលះសម្រាប់អ្នកផ្សេងៗទៀត។
បង្កើតឡើងនៅឆ្នាំ១៩៨៣ បណ្តាញសណ្ឋាគារ Countryside Hotels មានសមាជិកប្រមាណ៤០សណ្ឋាគារនៅទូទាំងប្រទេសស៊ុយអែត។ លក្ខខណ្ឌដែលអាចទទួលបានសំណងវិញនោះ គឺត្រូវស្ថិតក្នុងអំឡុងតិចជាង១២ខែ បន្ទាប់ពីពួកគេលែងលះ ហើយត្រូវលិខិតបញ្ជាក់ពីការលែងលះផ្លូវការ។ គំនិតចម្បងរបស់បណ្តាញសណ្ឋាគារនោះគឺ ចង់ឲ្យពួកគេស្នាក់នៅ (ម្តងម្នាក់) ក្នុងបន្ទប់សណ្ឋាគារដែលពួកគេបានស្នាក់នៅរយៈពេល២រាត្រី។
កាលពីឆ្នាំ២០១៥ ភ្នាក់ងារស្ថិតិស៊ុយអែត បានរកឃើញថា គូស្វាមីភរិយាចំនួន២៤ ៨៧៦គូ បានលែងលះគ្នា។ ជនជាតិស៊ុយអែតជាច្រើនចូលចិត្តរស់នៅតែម្នាក់ឯង ដោយសារតែពួកគេមិនសូវបានស្វែងយល់ពីតម្លៃនៃការរួមរស់ជាមួយគ្នា៕
Tag:
លែងលះ
សណ្ឋាគារ
ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com