ជាតិ
គ​.​ជ​.​ប នៅតែ​ឲ្យ​សង្គ្រោះ​ជាតិ​ចូលរួម​បោះឆ្នោត ទោះ​មហាផ្ទៃ​មិន​ទទួលស្គាល់​សុពលភាព​សមាជ
28, Mar 2017 , 10:59 pm        
រូបភាព
​​ភ្នំពេញ​៖ គ​.​ជ​.​ប មិនអាច​ដក​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នោះទេ ដរាបណា​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិនទាន់​ត្រូវបាន​រំលាយចោល​។ ការដែល​ក្រសួងមហាផ្ទៃ មិន​ផ្តល់​សុភាព​ដល់​សមាជ​វិសាមញ្ញ ឬ​មិន​ទទួលស្គាល់​ថ្នាក់ដឹកនាំ​ថ្មី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឡើយ​។



​ជំនួប​មួយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ នឹង​កើតមានឡើង នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​។ ជំនួប​នេះ ដើម្បី​ផ្តល់ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​ពី​សមាជ​វិសាមញ្ញ​របស់ខ្លួន ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ អះអាងថា ធ្វើឡើង​ដោយ​ប្រាសចាក​ពី​លក្ខន្តិកៈ​របស់​គណបក្ស​។ គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​សមាជ​វិសាមញ្ញ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ជ្រើសរើស​ឯកឧត្តម កឹម សុខា ឲ្យ​ធ្វើជា​ប្រធាន និង​អមដោយ​អនុប្រធាន​បី​រូប​។

​ជុំវិញ​បញ្ហា​ខាងលើ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បើ​ទោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ពុធ ចេញមក ដោយ​ក្រសួង​សម្រេច មិន​ទទួលស្គាល់​សមាជ​វិសាមញ្ញ​នោះ​ក្តី ក៏​មិន​ប៉ះពាល់​ទៅដល់​បញ្ជី​បេក្ខជន ដែល​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ ដែរ​។ លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់​ត្រង់ចំណុច​នេះ​ថា គ​.​ជ​.​ប នៅតែ​រក្សា​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅ​ដដែល​។ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អត់​មាន​ប៉ះពាល់​ដល់​បញ្ជី​បោះឆ្នោត​ទេ​។ បើ​មិន​ទទួលស្គាល់ អ៊ីចឹង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សមាជ​ឡើងវិញ​ទៅ ឬក៏​ដោះស្រាយ​យ៉ាងម៉េច គឺ​អាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ វា​ជា​រឿង​រចនាសម្ព័ន្ធ និង​ថ្នាក់ដឹកនាំ មិនមែនជា​រឿង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ទេ​»​។​

​ក៏ប៉ុន្តែ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ រំលាយចោល​ក្នុងករណី​ដោយឡែក​ណាមួយ​ផ្សេងទៀត នោះ​ទើប​គ​.​ជ​.​ប អាច​លុប​បញ្ជី​បេក្ខជន បាន​។ នេះ​ជាការ​បន្ថែម​របស់លោក ហង្ស ពុទ្ធា ដដែល​។ លោក ពុទ្ធា ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាងខ្លី​បែបនេះ​ថា​៖«​និយាយ​ដោយ​ខ្លី បើ​រំលាយ​បក្ស​ទាំងមូល យើង​នឹង​លុប​បញ្ជី​ចោល តែបើ​មិន​រំលាយ យើង​មិនអាច​លុបចោល​ឡើយ​។ អ្វីៗ គឺ​យើង​ធ្វើទៅ​តាមច្បាប់​»៕


Tag:
 គជប​
  ហង្ស ពុទ្ធា​
  ក្រសួងមហាផ្ទៃ​
  បោះឆ្នោត​
  សមាជ​វិសាមញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com