ជាតិ
ឥណ្ឌា​ផ្តល់​អាហារូបករណ៍​ចំនួន ២៧​កន្លែង​ដល់​និស្សិត​ខ្មែរ ក្នុង​ឆ្នាំ​២០១៧​នេះ​
29, Mar 2017 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក Naveen Srivastava បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឥណ្ឌា​បានផ្តល់​អាហារូបករណ៍​ជាង ២៧​កន្លែង​ដល់​និស្សិត​ខ្មែរ​ដែលមាន​បំណង​ទៅ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​នៅតាម​គ្រឹះស្ថាន​នានា ក្នុងប្រទេស​ឥណ្ឌា ក្នុង​ឆ្នាំ​២០១៧​នេះ​។​



​លោក Naveen Srivastava បាន​ជំរុញ​និស្សិត​ខ្មែរ​ដែលមាន​បំណង​សិក្សា​នៅ​ឥណ្ឌា​ឲ្យ​ស្នើ​អាហារូបករណ៍ មក​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​តាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឥណ្ឌា​ដោយផ្ទាល់​។ លោក​បាន​ឲ្យ​ដឹងថា បេក្ខជន​អាច​ស្នើ​សិក្សា​លើ​កម្រិតសិក្សា​ថ្នាក់​បរិញ្ញាបត្រ (​រយៈពេល​សិក្សា​ពី​៣ ដល់​៥​ឆ្នាំ​) ថ្នាក់អនុបណ្ឌិត (​ពី​២ ដល់​៣​ឆ្នាំ​) និង​ថ្នាក់បណ្ឌិត រួមទាំង​ការស្រាវជ្រាវ​លើ​គ្រប់​ជំនាញ​សិក្សា ក្នុងនោះ រួមមាន វិស្វកម្ម​សំណង់​ស៊ីវិល ព័ត៌មានវិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ វិស្វកម្ម​អគ្គិសនី សេដ្ឋកិច្ច ពាណិជ្ជកម្ម គ្រប់គ្រង សិល្បៈ ប្រវត្តិសាស្ត្រ ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ ជាដើម​។​



​ថែ្ល​ង​ក្នុង​ពិព័រណ៍​អប់រំ​ឥណ្ឌា​នៅ​កម្ពុជា​ដែលមាន​ស្ថាប័ន​អប់រំ និង​សាក​វិទ្យាល័យ​ជាង ១០ នៅ​ថ្ងៃទី​២៨ ខែមីនា​នេះ នា​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ដិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) លោក​ឯកអគ្គរដ្ឋទូត​ប្រាប់​អ្នក​សារ ព័ត៌មាន​ដូច្នេះ​៖«​យើង (​ឥណ្ឌា​) មាន​មហាវិទ្យាល័យ​ច្រើនជាង ១​ម៉ឺន​៧​ពាន់​កន្លែង និង​សាកល​វិទ្យា ល័យ​រដ្ឋ​ចំនួន ២១៧ ដែល​ផ្តល​ការអប់រំ​ប្រក​ដោយ​គុណភាព​សម្រាប់​សិស្ស​និស្សិត​អន្តរជាតិ រួមទាំង កម្ពុជា​»​។​



​សម្រាប់​ព័ត៌មាន​អាហារូបករណ៍​បន្ថែម លោក Naveen Srivastava លើកទឹកចិត្ត​សិស្ស​និស្សិត​ខ្មែរ​ឲ្យ​ចូលទៅ​កាន់​គេហទំព័រ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា  ពី​ពេលនេះ​តទៅ​។

​ជាមួយគ្នា​ដែរ ថ្លែង​ក្នុង​ពិព័រណ៍​អប់រំ​ដែលមាន​គ្រឹះស្ថាន​ល្បីៗ​របស់​ឥណ្ឌា (India Education Fair) រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៨ និង២៩ ខែមីនា​នេះ លោក Sanjay Thapa នាយក​គ្រប់គ្រង​ពិព័រណ៍ បាន​ឲ្យ​ដឹងថា និស្សិត​កម្ពុជា​ដែល​ទទួល​អាហារូបករណ៍ នឹង​បានទទួល​ការសិក្សា​ដោយ​ឥត​បង់ថ្លៃ សំបុត្រ​យន្តហោះ ការចំណាយ​លើ​ការ​ស្នាក់នៅ ម្ហូបអាហារ និង​សម្ភារៈ​សិក្សា ជាដើម​។ «​និស្សិត​កម្ពុជា​នឹង​ទទួល​ការអប់រំ​ស្ដងដា​អន្តរជាតិ​នៅ​ឥណ្ឌា យើង​មាន​សាកលវិទ្យាល័យ​ដំបូង​គេ​លើ​ពិភពលោក​»​។ នាយក​គ្រប់គ្រង​ពិព័រណ៍ បញ្ជាក់​ក្នុង​ពិព័រណ៍​ដែលមាន​គោលដៅ​ផ្ដល់ព័ត៌មាន​សិក្សា​ដល់​និស្សិត​ខ្មែរ​ដែលមាន​បំណង​សិក្សា​នៅ​ឥណ្ឌា នៅថ្ងៃនេះ​។​





​បើតាម​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក Naveen Srivastava គិត​ត្រឹម​ឆ្នាំ​២០១៦​កន្លងមកនេះ និស្សិត​ខ្មែរ​ពី ៣០០ ពី​៤០០​នាក់ បានបញ្ចប់​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រោយ​ឧ​ត្ត​មសិ​ក្សា នៅ​ឥណ្ឌា ក្នុងនោះ និស្សិត​ចំនួន ១៥២​នាក់ ជា​សមាជិកសមាគម​អតីត​និស្សិត​កម្ពុជា និង​ឥណ្ឌា​៕


Tag:
 Naveen Srivastava
  ឥណ្ឌា​
  អប់រំ​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com