អន្តរជាតិ
ប្រមុខការទូតអាមេរិកទៅជួបមេដឹកនាំតួកគីដើម្បីពង្រឹងសហប្រតិបត្តិការកម្ចាត់ក្រុមភេរវជនដែស្ហ
× រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson នឹងបំពេញទស្សនកិច្ចនៅតួកគីក្នុងដំណើររបស់លោកទៅកាន់តំបន់អឺរ៉ុប។ លោកនឹងជួបជជែកពិភាក្សាជាមួយមេដឹកនាំតួកគីពីបញ្ហាជាច្រើនជាពិសេសការសហការគ្នាប្រឆាំងភេរវកម្មក្រុមរដ្ឋឥស្លាម និងសង្គ្រាមស៊ីវិលស៊ីរីផងដែរ។
នៅសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson នឹងឆ្លៀតទៅទស្សនកិច្ចនៅប្រទេសតួកគី ក្នុងដំណើរទៅកាន់តំបន់អឺរ៉ុបនោះ។ នេះជាលើកដំបូងបំផុតហើយដែលមន្ត្រីជាន់ខ្ពស់អាមេរិកទៅបំពេញទស្សក្រោយការផ្លាស់ប្តូរការដឹកនាំនៅអាមេរិកដើមឆ្នាំ ២០១៧នេះ។
ប៉ុន្តែក្រោយស្បថចូលកាន់តំណែងនាថ្ងៃ ២០មករា ប្រធានាធិបតីដូណាល់ ត្រាំ បានជជែកជាមួយប្រធានាធិបតីតួកគីតាមទូរសព្ទរួចរាល់ហើយដែរ។ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិកនេះក៏បានជួបជាមួយសមភាគីតួកគីលោក Cavusoglu ម្តងរួចហើយនៅក្នុងកិច្ចប្រជុំប្រទេស ២០ ដែលធ្វើឡើងនៅក្រុង Bonn ប្រទេសអាល្លឺម៉ង់កាលពីខែមុន។
យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាមេរិកដែលសារព័ត៌មានថ្មីៗទទួលបាន លោក Rex Tillerson នឹងជួបជជែកពិភាក្សាជាមួយប្រមុខរដ្ឋតួកគីលោក Recep Tayyip Erdogan និងមន្ត្រីជាន់ខ្ពស់តួកគីជាច្រើននាក់ផ្សេងទៀតផងដែរក្នុងពេលបំពេញទស្សនកិច្ចនេះ។
ប្រធានបទសំខាន់នៃជំនួបរបស់ប្រមុខការទូតអាមេរិកនិងប្រធានាធិបតីតួកគឺគឺ ការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មនិងការអន្តរាគមន៍របស់តួកគីនៅស៊ីរីផងដែរ។
សេចក្តីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ថា៖« ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងជជែកពីជំហានបន្ទាប់សម្រាប់ប្រើប្រាស់ដើម្បីឈានទៅកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាមឬដែស្ហ ជាពិសេសធ្វើយ៉ាងណាបង្កើតស្ថិរភាពនៅតំបន់ដែលយើងរំដោះបានពីកណ្តាប់ដៃក្រុមភេរវជន។ ដែលនេះជាការធានាពីសុវត្ថិភាពដើម្បីឲ្យប្រជាជនត្រឡប់មកកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន»។
បន្ទាប់ពីជជែកពីបញ្ហាប្រឆាំងភេរវកម្មក្រោមក្របខណ្ឌសម្ព័ន្ធអន្តរជាតិដែលដឹកនាំដោយអាមេរិក លោក Rex Tillerson ក៏នឹងជជែកពិភាក្សាជាមួយមេដឹកនាំតួកគីរឿងអន្តរាគមន៍នៅស៊ីរីដូចគ្នា។ តួកគីបានបន្តគាំទ្រក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី ហើយរដ្ឋាភិបាលក្រុងអង់ការ៉ានេះបានជួយបោសសម្អាតក្រុមភេរវជនរដ្ឋឥស្លាមពីក្រុង al-Bab កន្លងមកផងដែរដើម្បីជួយគាំទ្រក្រុមឧទ្ទាមស៊ីរី។ រដ្ឋបាលដូណាល់ត្រាំ ចង់ថ្លែងអំណរគុណដល់ក្រុងអង់ការ៉ាចំពោះការបន្តគាំទ្រក្រុមឧទ្ទាមស៊ីរី និងចូលរួមចំណែកសំខាន់ប្រឆាំងភេរវកម្ម ហើយលើកនេះអាមេរិកនឹងស្វែងរកការគាំទ្រពីតួកគីដើម្បីវាយរំដោះយកទឹកដី Raqqa ពីក្រុមរដ្ឋឥស្លាមនៅពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា ទំនាក់ទំនងអាមេរិកនិងតួកគីធ្លាក់ចុះខ្លាំងក្រោយពេលកើតមានរដ្ឋប្រហារបរាជ័យមួយកាលពីខែកក្កដាឆ្នាំមុន។ រដ្ឋាភិបាលលោក Erdogan ចោទប្រកាន់ថា អាចារ្យឥស្លាម Fethullah Gulen ដែលកំពុងនិរទេសខ្លួននៅអាមេរិកនោះនៅពីក្រោយចលនារដ្ឋប្រហារហើយតួកគីបានស្នើសុំធ្វើបត្យាប័នលោកមកតួកគីវិញតែអាមេរិកក្រុមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មិនយល់ព្រម។ ប៉ុន្តែទំនាក់ទំនងហាក់ផ្លាស់ប្តូរវិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងមកនោះ៕
Tag:
តួកគី
Rex Tillerson
Recep Tayyip Erdogan
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com