កីឡាជាតិ
ជាតិ
AFC Asian Cup៖ ម្ចាស់ផ្ទះ​ហ្ស៊​កដា​នី ស៊ី កម្ពុជា ៧-០
29, Mar 2017 , 12:51 am        
រូបភាព
ហ្ស៊កដានីបើកឆាកពូល C ជាមួយ​នឹងជ័យ​ជម្នះ ៧-០ លើកម្ពុជា។ រូបថត Jordan FA
ហ្ស៊កដានីបើកឆាកពូល C ជាមួយ​នឹងជ័យ​ជម្នះ ៧-០ លើកម្ពុជា។ រូបថត Jordan FA
ដោយ: ថ្មីៗ
ម្ចាស់ផ្ទះ​ហ្ស៊​កដា​នី បាន​យកឈ្នះ​កម្ពុជា ៧-០ នា​ការប្រកួត​បើកឆាក​ក្នុង​វគ្គ​ជម្រុះ ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន King Abdullah II ក្រុង Amman​។ ខ្សែប្រយុទ្ធ Hamza Al-Dardour រកបាន​៣​គ្រាប់ [២​គ្រាប់​នៅ​តង់​ទីមួយ និង​១​គ្រាប់​នៅ​តង់​ទី​ពីរ​] មុនពេល​ដែល Yaseen Bakheet, Odai Al Saify និង Ahmad Saleh, Mousa Mohammad Mousa បន្ថែម​ម្នាក់​១​គ្រាប់​នៅ​តង់​ទី​ពីរ​។​



​សម្រាប់​ជំនួប​បើកឆាក​ពូ​ល C នៃ​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​នៅលើ​ទឹកដី​ហ្ស៊​កដា​នី គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino បាន​រក្សា​ជម្រើស​១១​នាក់​ដំបូង​របស់ខ្លួន ដូច​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ឥណ្ឌា ដោយ​ប្រើ​ទម្រង់ ៤-៣-៣ ។​

​ម្ចាស់ផ្ទះ​ហ្ស៊​កដា​នី បាន​បើក​ការវាយលុក​យ៉ាងខ្លាំង​មកលើ​កម្ពុជា បន្ទាប់ពី​លោក Abdulla Ahmed Khalfan ដែលជា​គ្រូបង្វឹក​ជនជាតិ​អារ៉ាប់​រួម​អេ​មី​រ៉េត បានសម្រេច​ដាក់​ខ្សែប្រយុទ្ធ Ahmad Saleh ជំនួស​ខ្សែបម្រើ Khalil Baniateyah ដែល​របួស​នៅ​ដើមតង់​។​

​នៅ​នាទី ទី​១២ Odai Al Saify បាន​បញ្ជូន​បាល់​ផុតពី​ជើង​របស់ សឿ​យ វិសាល ហើយ Hamza Al-Dardour សម្រេចបាន​ឱកាស​មាស​របស់ខ្លួន ក្រោយ​ទទួលបាន​បាល់​ដែល​ផ្លាត​ចេញពី​ដៃ​របស់​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន​។ ៩​នាទី​ក្រោយមក Hamza រកបាន​គ្រាប់​ទី​ពីរ បន្ទាប់ពី សេរី​រ័ត្ន ឡើង​ជ្រុល​ទៅមុខ ហើយ​ខ្សែប្រយុទ្ធ​ហ្ស៊​កដា​នី​រូបនេះ បាន​អូស​បាល់​ផុតពី​ការរារាំង​របស់ សឿត បារាំង​។​

​ខ្សែប្រយុទ្ធ Yaseen Bakheet ដែល​ខក​ឱកាស​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជាច្រើន​គ្រាប់​នៅ​៤៥​នាទី​ដំបូង​នោះ ធ្វើបាន​សម្រេច​នៅ​នាទី​ដំបូង​ក្នុង​តង់​ទី​ពីរ ដោយ​រូបគេ​ប្រើ​ល្បឿន​យ៉ាង​លឿន​អូស​បាល់​ចូល​ប្រអប់​គ្រោះថ្នាក់ មុននឹង​ស៊ុត​បាល់​បញ្ចូល​ទី​។​

​ឈានដល់​នាទី​៦០ Odai Al Saify បន្ថែម​គ្រាប់​ទី​៤ ហើយ​២​នាទី​ក្រោយ Ahmad Saleh សម្រេចបាន​គ្រាប់​ទី​៥​។ នៅ​នាទី​៨៧ Hamza Al-Dardour សម្រេចបាន​គ្រាប់​ទី​បី​របស់ខ្លួន​ក្នុងការ​ប្រកួត​។ Mousa Mohammad Mousa ជួយ​ឲ្យ​ហ្ស៊​កដា​នី​ឈ្នះ ៧-០ នៅ​នាទីចុងក្រោយ​។​
 
​តំបន់​ប្រយុទ្ធ​របស់​កម្ពុជា មាន​លក្ខណៈ​ចង្អៀត​ស្ទើរ​ពេញ​មួយ​ប្រកួត បើទោះបីជា ចាន់ វឌ្ឍនាកា និង​ប្រាក់ មុន្នី​ឧ​ត្ត​ម ប្រឹង​សម្រុកចូល​តំបន់​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​។ ឃួន ឡា​បូ​រ៉ាវី មានឱកាស​តែ​តបាល់​បញ្ចូល​ទី​១​គ្រាប់ ប៉ុន្តែ​ខុស​គោលដៅ​។​

​កីឡាករ​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន (​អ្នកចាំទី​) រស់ សំអឿន​, សរ ពិសិដ្ឋ (​ឆុំ ពិសា ៦៥), សឿ​យ វិសាល​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ហូ​យ ផល្លី​ន​, ឃួន ឡា​បូ​រ៉ាវី​, ចាន់ វឌ្ឍនាកា​, ច្រឹង ពលរដ្ឋ (​សុះ ស៊ូ​ហា​ណា ៥៧), សឿត បារាំង (​ទិ​ត្យ ឌី​ណា ៤០), ប៊ិន ធា​រី (​ប្រធាន​ក្រុម​)​។​

​កីឡាករហ្ស៊​កដា​នី​៖ Amer Shafi (​អ្នកចាំទី​-​ប្រធាន​ក្រុម​), Tareq Khattab, Baha Abdelarahman, Ibrahim Zawahreh, Monther Abu Amara, Odai Al Saify (Tjaer Bawab ៦៣), Yaeen Bakheet (Mousa Mohammad Mousa ៧៩), Khalil Baniateyah (Ahmad Saleh ៨), Yaser Mohammad Alrawashdeh, Hamza Al-Dardour, Mohammad Al Dmeiri​។​

​សម្រាប់​ជំនួប​មួយគូ​ទៀត​នៅក្នុង​ពូ​ល C អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ប្រើប្រាស់​កីឡដ្ឋាន Republican Central ក្នុង​ក្រុង Dushanbe របស់​តា​ហ្ស៊ី​គី​ស្ថាន​ដើម្បី​ទទួល​វៀតណាម​។ ខ្សែប្រយុទ្ធ​វៀតណាម Nguyen Van Toan រក​គ្រាប់​នាំមុខ​នាទី​៦៤ ហើយ​៥​នាទី​ក្រោយមក ខ្សែការពារ​អា​ហ្វ​ហ្គា​នី​ស្ថាន Hassan Amin វាយបក​តាម​ស្មើ​ដែល​ធ្វើ​ឲ្យ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ។​

​នៅ​ថ្ងៃទី​១៣ ខែមិថុនា កម្ពុជា​នឹង​ស្វាគមន៍​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ខណៈ​វៀតណាម ទទួល​ហ្ស៊​កដា​នី នៅ​កីឡដ្ឋាន My Dinh National Stadium នៅ​ក្រុង​ហាណូយ​៕





Tag:
 AFC Asian Cup
  Leonardo Vitorino
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com