កីឡាជាតិ
ជាតិ
ក្រោយបាត់បង់ឱកាស ហូយ សូណា ជឿថា ឈាវ បូរ៉ា អាចក្លាយជាម្ចាស់ជើងឯកសារជាថ្មី
× ភ្នំពេញ៖ កីឡាករ ហូយ សូណា អតីតជើងឯកអុកចត្រង្គប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ បានបាត់បងឱកាសក្នុងការឈានទៅកាន់វគ្គបន្ត ក្រោយចាញ់កីឡាករ កែវ វឌ្ឍនា ក្នុងវគ្គជម្រុះជុំទី៣កាលពីរសៀលថ្ងៃទី២៨ ខែមីនា នៅទីស្នាក់ការ NOCC។ ក្រោយធ្លាក់ពីការប្រកួតកីឡាករ ហូយ សូណា យល់ថា កីឡាករ ឈាវ បូរ៉ា អាចនឹងគ្រងតំណែងជើងឯកនៅឆ្នាំនេះ។
ជើងឯកអង្គរសង្ក្រាន្តឆ្នាំ២០១៥ ឈាវ បូរ៉ា ជាកីឡាករម្នាក់គត់ដែលសាកសមទទួលបានតំណែងស្តេចអុកអង្គរសង្ក្រាន្តឆ្នាំ២០១៧។ នេះបើតាមការយល់ឃើញរបស់ម្ចាស់ពានឆ្នាំចាស់ ហូយ សូណា ដែលបានធ្លាក់ចេញពីការប្រកួតកាលពីម្សិលមិញ ក្រោយប្រកួតចាញ់កីឡាករ កែវ វឌ្ឍនា ក្នុងវគ្គជម្រុះជុំទី៣។
«ក្នុងចំណោមកីឡាករទាំង២០នាក់ដែលបានឡើងមកលេងក្នុងវគ្គវិលជុំដើម្បីចម្រាញ់យកកីឡា៨នាក់ឡើងទៅលេងក្នុងដំណាក់កាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ខ្ញុំគិតថា ប្រហែលជាកីឡាករ ឈាវ បូរ៉ា ដែលអាចគ្រងតំណែងជើងឯកនៅឆ្នាំនេះ»។ នេះជាសម្តីរបស់កីឡាករ ហូយ សូណា។
គួរបញ្ជាក់ថា បីប្រកួតរបស់កីឡាករ ឈាវ បូរ៉ា ក្នុងវគ្គជម្រុះកន្លងមក រូបគេបានយកឈ្នះពីរប្រកួតដោយដៃគូអវត្តមាន និងមួយប្រកួតទៀតឈ្នះកីឡាករ ទី គីមហេង។ ជ័យជម្នះ៣ប្រកួតជាប់គ្នាបានជួយឲ្យកីឡាកររូបនេះ ឡើងទៅកាន់វគ្គជម្រុះវិលជុំ៥នាក់ចុងក្រោយប្រចាំក្រុម«ខ» ដើម្បីចម្រាញ់យកកីឡាករពីរនាក់ឡើងទៅលេងក្នុងដំណាក់កាលផ្តាច់ព្រ័ត្រតំណាងឲ្យក្រុម«ខ»៕
Tag:
អុកចត្រង្គ
អង្គរសង្ក្រាន្ត២០១៧
ហូយ សូណា
ឈាវ បូរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com