ជាតិ
នៅព្រឹកនេះ មេធាវីទៅសួរ ជួប សម្លាប់ ជុំវិញការប្តឹងឧទ្ធរណ៍ លោក យុង ផានិត មេធាវីរបស់ជួប សម្លាប់ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលស្តាប់ការប្រកាសសាលក្រម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
× ភ្នំពេញ៖ លោកមេធាវី ទៅជួបលោក អឿត អាង ហៅជួប សម្លាប់ នៅពន្ធនាគារព្រៃស នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាគ្នាពីបណ្តឹងឧទ្ធរណ៍។ មេធាវី នឹងដាក់បណ្តឹងឧទ្ធរណ៍ ប្រសិនបើលោក ជួប សម្លាប់ អនុញ្ញាត។
នៅព្រឹកថ្ងៃពុធនេះ លោកមេធាវី យុង ផានិត ធ្វើដំណើរទៅជួប លោក អឿត អាង ហៅជួប សម្លាប់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងរឿងឃាតកម្មលើ លោក កែម ឡី។ លោក យុង ផានិត ប្រាប់សារព័ត៌មានថ្មីៗថា ការទៅជួបនេះ គឺដើម្បីសួរនាំពីការដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសលោក ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ។
លោកមេធាវីរូបនេះ អះអាងថា លោក នឹងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ប្រសិនបើ លោក ជួប សម្លាប់ ស្នើឡើង។ ផ្ទុយទៅវិញ ប្រសិនបើលោក ជួប សម្លាប់ សុខចិត្តទទួលយកការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយមិនចង់ដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ លោកមេធាវី ក៏នឹងគោរពតាមការសម្រេចនេះ ដូចគ្នា។
លោក យុង ផានិត និយាយដូច្នេះថា៖«រឿងប្តឹងមិនប្តឹង ខ្ញុំមិនអាចអះអាងមុនទេ គឺសម្រេចលើគាត់ (ជួប សម្លាប់)។ តែក្នុងនាមជាមេធាវី ខ្ញុំនឹងពន្យល់គាត់ពីសិទ្ធិ ថាគាត់ អាចប្តឹងបាន ប្រសិនបើចង់»។
លោក ជួប សម្លាប់ គឺជាជនតែម្នាក់គត់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីឃាតកម្មលើលោក កែម ឡី កើតឡើង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រៅពីលោក ជួប សម្លាប់ សមត្ថកិច្ច និងតុលាការ មិនទាន់រកឃើញអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត ឡើយ។
យ៉ាងណា ក្រោយកាត់ទោសលោក ជួប សម្លាប់ រួចហើយ តុលាការ មិនទាន់បញ្ចប់ការស៊ើបសួរ ក្នុងសំណុំរឿងនេះទេ។ បច្ចុប្បន្ន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កំពុងតែបន្តស៊ើបសួរ អ្នកពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែ ការស៊ើបសួរនេះ នៅមិនទាន់ចេញជាលទ្ធផលយ៉ាងណានោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com