ជាតិ
មេធាវី នឹងមិន​បន្ត​ដាក់​សំណើសុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក ទៀត​នោះទេ​
29, Mar 2017 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រុម​មេធាវី បាន​បញ្ឈប់​ការដាក់សំណើ​ទៅកាន់​តុលាការ ដើម្បី​សុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​ទាំង​បួនរូប ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ​។ ការសម្រេចចិត្ត​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​ក្រុម​មេធាវី បរាជ័យ​ជាច្រើនលើក​ច្រើនសា ក្នុង​ការសុំ​ឲ្យ​តុលាការ ដោះលែង​មន្ត្រី​អាដហុក កន្លងមក​។



​ក្រុម​មេធាវី នឹងមិន​បន្ត​ដាក់​សំណើសុំ​ឲ្យ​តុលា​ការជាន់​ទាប ឬ​តុលាការ​ជាន់ខ្ពស់ ដោះលែង​មន្ត្រី​អាដហុក​ទាំង​បួនរូប ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ នោះទេ​។ នេះ ជាការ​អះអាង​របស់លោក​ស្រី គា សុផល មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​។

​លោកស្រី គា សុផល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុងដំណាក់កាល​នេះ ក្រុម​មេធាវី មានតែ​រង់ចាំ​ការជំនុំជម្រះ ប៉ុណ្ណោះ​។ លោកស្រី​មេធាវី បាន​និយាយ​ដូច្នេះ​ថា​៖«​យើង លែង​ដាក់សំណើ​អ្វី​ទៀតហើយ​។ យើង​រង់ចាំ​ការជំនុំជម្រះ​តែម្តង​»​។​

​បើតាម​លោកស្រី គា សុផល ដដែល កន្លងមក​ក្រុម​មេធាវី ក៏បាន​ដាក់សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ដើម្បី​ជំរុញ​ឲ្យ​ចេញ​ដីកា​ដំណោះស្រាយ ឲ្យ​បាន​ឆាប់រហ័ស ដោយ​បញ្ជាក់ថា ដោះលែង​មន្ត្រី​អាដហុក ឬក៏​បញ្ជូន​ពួកគាត់ ទៅ​ជំនុំជម្រះ​។ លោកស្រី មិន​ចង់​ឲ្យ​ចៅក្រម​ស៊ើបសួរ បន្ត​ឃុំ​កូនក្តី​របស់លោក​ស្រី​បែបនេះ ឡើយ​។

​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ លោកស្រី គា សុផល រួមទាំង​មេធាវី​ផ្សេងទៀត នៅ​មិនទាន់​ទទួលបាន​ដំណឹង​ពី​ចៅក្រម​ស៊ើបសួរ​នោះទេ ពាក់ព័ន្ធ​នឹង​ដីកា​ដំណោះស្រាយ​នេះ​។ លោកស្រី ប្រាប់ថា ដោយសារតែ​ការ​ស៊ើបសួរ មិនទាន់​បញ្ចប់ ទើប​ចៅក្រម​ស៊ើបសួរ មិន​ព្រម​ចេញ​ដីកា​ដំណោះស្រាយ​។

​ដោយឡែក​លោក សំ សុ​គង់ មេធាវី​របស់លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ដែល​កំពុង​ជាប់ពន្ធនាគារ ដោយសារតែ​រឿងអាស្រូវ​របស់​ស្រីមុំ ដែរនោះ នៅ​រង់ចាំ​សាលដីកា​នៃ​តុលាការ​កំពូល នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧ ទាក់ទង​នឹង​សំណើសុំ​នៅក្រៅ​ឃុំ​។ លោក សំ សុ​គង់ ប្រាប់ថា លោក មិនទាន់​បញ្ឈប់​នោះទេ ប្រសិនបើ​តុលាការ​កំពូល ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ខាងមុខ ដោយ​បន្ត​ឃុំ​លោក នី ចរិយា​។ 

​លោក​មេធាវី​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​បើ​តុលាការ​កំពូល បដិសេធ ខ្ញុំ​នឹង​ប្តឹង​ម្តងទៀត គឺ​ខ្ញុំ​ប្តឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​ម្តង ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក នី ចរិយា​។ ខ្ញុំ មិនទាន់​ឈប់​ទេ​»​។

​ដោយ​កំពុង​ជាប់រវល់​នឹង​ភារកិច្ច​ផ្ទាល់ខ្លួន លោក សំ សុ​គង់ មិនបាន​ពន្យល់​ពី​នីតិវិធី​នោះទេ ថា​ហេតុអ្វី បានជា​លោក ចង់​ត្រឡប់​ទៅ​ដាក់សំណើ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក នី ចរិយា បែបនេះ​។   

​សូមបញ្ជាក់ថា ក្រុម​មេធាវី បាន​ខ្នះខ្នែង​សម្បើម​ណាស់ ក្នុងការ​ទាមទារ​ឲ្យ​តុលាការ ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប​។ មិនមែន​តិច​ដង​ទេ ដែល​ក្រុម​មេធាវី​ទាំងនោះ បានដាក់​សំណើសុំ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ប៉ុន្តែ​តុលាការ​ទាំងបី​ថ្នាក់ សុទ្ធតែ​ច្រានចោល​ទាំងអស់​។ មន្ត្រី​អាដហុក​ទាំង​បួន គឺ​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី រង​ពីបទ «​សូកប៉ាន់​សាក្សី​»​។ ចំណែក​លោក នី ចរិយា រង​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ អ្នក​ទាំង​៥​រូប ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំ កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦៕


Tag:
 តុលាការ​
  អាដហុក​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com