កីឡាជាតិ
ជាតិ
គ្រូបង្វឹក​៖ ខ្ញុំ​ទទួលយក​ការ​ប្រឈម​ក្នុងការ​ដឹកនាំ​ក្រុម​ដ៏​អស្ចារ្យ​មួយ​នេះ ព្រោះ​យើង​នឹង​ទៅមុខ​ជាមួយគ្នា​
29, Mar 2017 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Leonardo Vitorino តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន  ទទួលស្គាល់ បរាជ័យ ៧-០ របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្នុងជំនួប​ជាមួយ​ម្ចាស់ផ្ទះ​ហ្ស៊​កដា​នី កាលពី​យប់​ថ្ងៃ​អង្គារ គឺជា​រឿង​ដ៏​ខកចិត្ត​មួយ ប៉ុន្តែ​គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ បាន​លើកឡើងថា វា​ជា​ដំណាក់កាល​ចាប់ផ្តើម ដោយ​ក្រុម​ទាំងមូល​ត្រូវការ​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ​ទាំងអស់គ្នា និង​មិនមាន​ការបោះបង់ចោល​។​



«​អនាគត​នឹង​នាំ​យើង​ទទួលបាន​លទ្ធផល​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino ខណៈ​លោក​ស្ថិតក្នុង​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ក្រោយ​ក្រុម​ជម្រើសជាតិ ចាញ់​ហ្ស៊​កដា​នី ៧-០ នា​ការប្រកួត​បើកឆាក​ពូ​ល C នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ កាលពី​យប់​ថ្ងៃទី​២៨ ខែមីនា នៅ​ទីក្រុង Amman​។​

​ជាមួយគ្នានេះ​ផងដែរ គ្រូបង្វឹក​ដែលមាន​ភាពជោគជ័យ​ជាមួយ​ក្លិប​ឡាវ Lanexang United បាន​ថ្លែង​ការ​អរគុណ​ដល់​ថ្នាក់ដឹកនាំ ពោលគឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្ញើ​សារ​ជូនពរ និង​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​។ គ្រូបង្វឹក​វ័យ​៤៤​ឆ្នាំ​រូបនេះ ក៏បាន​ស្នើ​ទៅ​អ្នកគាំទ្រ​ទាំងអស់​ឲ្យ​បន្ត​គាំទ្រ​កីឡាករ​នៅ​លី​ក​កំពូល ដែលជា​ប្រភពធនធាន​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​។​

«​ខ្ញុំ​ដឹងថា ការប្រយុទ្ធ​នៅក្នុង​ជីវិត​នេះ មិនមែន​សុទ្ធតែ​ជោគជ័យ​ទាំង​នោះឡើយ​។ ខ្ញុំ​នឹង​តែងតែ​ត្រៀមខ្លួន​សម្រាប់​ឈ្នះ ឬក៏​ចាញ់ ប៉ុន្តែ​បរាជ័យ​សម្រាប់​ខ្ញុំ នឹងមិន​មានន័យថា ទីបញ្ចប់​នោះឡើយ​។ ហេតុផល​មួយ​សម្រាប់​ខ្ញុំ គឺ​រក្សា​ការប្រយុទ្ធ​»​។ នេះ​ជាការ​តាំងចិត្ត​របស់លោក Leonardo Vitorino៕



Tag:
 ​បាល់ទាត់​
  AFC Asian Cup
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com