ជាតិ
សង្គមជាតិ
លោក កែ គឹមយ៉ាន​៖​ឧក្រិដ្ឋជន​នៅតែ​ប៉ង​យក​កម្ពុជា​ធ្វើចរាចរ​ឆ្លងកាត់ និង​កែច្នៃ​គ្រឿងញៀន​
29, Mar 2017 , 7:19 pm        
រូបភាព
​ក្រុម​ឧក្រិដ្ឋជន នៅតែ​បន្ត​ប៉ុនប៉ង​ប្រើប្រាស់ ប្រទេស​កម្ពុជា​ធ្វើចរាចរ​ឆ្លងកាត់ និង​កែច្នៃ​គ្រឿងញៀន​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ប្រាប់​មូល​ហេតុថា ដោយសារ​កម្ពុជា​ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា និង​ការមិន​ថយចុះ ស្ថានភាព​គ្រឿងញៀន​នៅក្នុង​តំបន់ និង​ពិភពលោក​។



​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ឧក្រិដ្ឋជន​គ្រឿងញៀន នៅតែ​បន្ត​ប៉ុនប៉ង​យក​កម្ពុជា ជា​កន្លែង​ចរាចរ​ឆ្លងកាត់ និង​កែច្នៃ​គ្រឿងញៀន​។ លោក​ថ្លែង​ដូច្នេះ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២៨ ខែមីនា និង​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទី​ភា្ន​ក់​ងារ​សារព័ត៌មាន​ក​ម្ព​ជា​(AKP)​។

AKP បាន​ស្រង់​សម្តី​លោក កែ គឹមយ៉ាន ទៀតថា កម្ពុជា​នៅ​មិន​ឆ្ងាយ​ពី​តំបន់ត្រីកោណមាស និង​អឌ្ឍចន្ទ​មាស ដែល​ត្រូវបាន​គេ​ចាត់ទុក ថា​ជា​តំបន់​ផលិត​គ្រឿងញៀន​យ៉ាង​ធំ សម្រាប់​ទីផ្សារ​តំបន់ និង​ពិភពលោក​។ ទន្ទឹមនឹង នេះ​ភូមិសាស្ត្រ​ព្រំដែន ដែលជា​ផ្លូវ​របៀង​តាម​ព្រំដែន​គោក ទឹក និង​ច្រករបៀង ជាច្រើន​ទៀត នៅមាន​ភាពងាយស្រួល​ដ​ល់​ការឆ្លងកាត់​គ្រឿងញៀន ពិសេស​តាម​បណ្តោយ​ព្រំដែន​ភាគ​ឦសាន ជាមួយ​ប្រទេស​ឡាវ​។ ហេតុដូច្នេះ ទើប​ធ្វើឱ្យ​កម្ពុជា​បាន និង​កំពុង​រង​នូវ​ឥទ្ធិពល នៃ​និន្នាការ​គ្រឿងញៀន​ឆ្លងកាត់ ក្នុងនោះ​ក៏មាន​មកពី​តំបន់​អាមេរិក និង​អាហ្វ្រិក​ខាងត្បូង តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​ដែរ​។ នេះ​បើតាម លោក កែ គឹមយ៉ាន​។  

​រដ្ឋាភិបាល​កម្ពុជា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​លើកដំបូង​នៅ​ទូទាំងប្រទេស   រយៈពេល​៦​ខែ  ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ ។ រាប់​ចាប់ពី​ខែ​ដើមឆ្នាំ​មក សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ចំនួន ២,៦៧៧​ករណី ក្នុងនោះ​ករណី​ជួញដូរ ១,៧៤៤​ករណី និង​ករណី​ប្រើប្រាស់​ចំនួន ៩២៩ ករណី  និង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន ៦,១៣២​នាក់ ក្នុងនោះ​ស្រី​ចំនួន​៦២៨​នាក់​។

​ដោយឡែក​នៅ​ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន ៤,១៩១ ករណី ក្នុងនោះ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ជាង​១​ពាន់​ករណី ចាប់ខ្លួន​ជនសង្ស័យ​សរុប ៩,៨០២ នាក់ ក្នុងនោះ​អ្នកប្រើប្រាស់​មាន​គ្រឿងញៀន ៣,៦១១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១៧៥​គីឡូក្រាម​។ បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តួលេខ​នៃ​ការ​សម្រង់​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ចំនួន​១៨,៥៥៤​នាក់ កើនឡើង​៤,២៤២​នាក់ ស្មើនឹង​២៩,៦៣​ភាគរយ ធៀប​នឹង​ពេលមុន​៕


Tag:
 កែ គឹមយ៉ាន​
  ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com