ជាតិ
រដ្ឋាភិបាល សម្រេចកែសម្រួល និងកំណត់ភារកិច្ចលោក ប៊ិន ឈិន
× ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចកែសម្រួល និងកំណត់ភារកិច្ចលោក ប៊ិន ឈិន បន្ថែមពីលើតួនាទីរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
លិខិតរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន បានកំណត់ឲ្យលោក ប៊ិន ឈិន ទទួលបន្ទុកប្រចាំការដោះស្រាយការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រី សម្របសម្រួលកិច្ចការសម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងបណ្តាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីក្នុងការងារតាមដានសម្របសម្រួលដំណើរការតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
លោក ប៊ិន ឈិន ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និងសម្រេចលើការងាររបស់ «ច្រកចេញ-ចូលតែមួយ» នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកលែងតែការងារដែលមានវេទយិតភាពខ្ពស់ ដែលតម្រូវឲ្យសុំការណែនាំ ឬ ការសម្រេចពីនាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ ក៏ត្រូវទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការពិនិត្យ និងសម្រេចលើសំណើស្មុំកូន និងការលាសញ្ជាតិ ដឹកនាំផ្ទាល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជួយនាយករដ្ឋមន្ត្រីលើការងារដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ និងការងាររៀបចំចម្លើយតបនឹងសំណួររបស់សមាជិករដ្ឋសភា ស្របតាមនីតិវិធី ដូចមានចែងក្នុងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញ និងជួយនាយករដ្ឋមន្ត្រីលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។
បើតាមសម្ដេច ហ៊ុន សែន ដែលបានប្រកាសកាលពីថ្ងៃទី២២ មីនាកន្លងមក សាលារាជបណ្ឌិត្យសភាកម្ពុជា , អាកាសចរស៊ីវិល ក៏ត្រូវស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។
ចំណែកភារកិច្ចរបស់អាជ្ញាធរជាតិអប្សារា ,អាជ្ញាធរជាតិព្រះវិហារ,គណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មការជាតិបេតិកភណ្ឌពិភពលោក ត្រូវបានសម្ដេច ហ៊ុន សែន ប្រកាសដាក់នៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវគ្រប់គ្រងដោយលោកស្រី ភឿង សកុណា។ ចំណែកគណៈកម្មការគ្រប់គ្រងផ្លូវដែក ត្រូវប្រគល់ជូនរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ជាអ្នកគ្រប់គ្រង។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ធ្វើជាប្រធានកាយឫទ្ធិជាតិកម្ពុជា។ ស្ថាប័នគណៈវិស្វកម្ម ត្រូវប្រគល់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ។ សាលាភូមិន្ទរដ្ឋបាល ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ។ សាលាវិជ្ជាជីវៈតុលាការ គឺត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌ ជាអ្នកទទួលបន្ទុក៕
Tag:
ប៊ិន ឈិន
រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com