អន្តរជាតិ
បើត្រូវចាប់ខ្លួន លោកស្រី ប៉ាក អាចទទួលបានបន្ទប់ឃុំខ្លួនគ្រាន់បើជាងអ្នកទោសផ្សេង
× មន្ត្រីយុត្តិធម៌កូរ៉េខាងត្បូង បានបញ្ជាក់ថា បើមានការចាប់ខ្លួន អតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ (Park Geun-hye) នឹងទទួលបានការយកចិត្តទុកដាក់ច្រើនជាងអ្នកទោសផ្សេងទៀត ដូចជាមានបន្ទប់ឃុំឃាំងធំជាងអ្នកទោសដទៃដោយមានបន្ទប់ទឹក និងបង្គន់ផ្សេង រួមទាំងស្ថិតនៅដាច់ពីគេដើម្បីរក្សាសន្តិសុខផ្ទាល់ខ្លួនផងដែរ។ ប៉ុន្តែការស៊ើបអង្កេតនិងដំណើរការនីតិវិធីនានាពាក់ព័ន្ធលោកស្រីត្រូវធ្វើដោយត្រឹមត្រូវបំផុតនិងគ្មានការអនុគ្រោះព្រោះលោកស្រីជាអតីតប្រធានាធិបតីឡើយ។
ក្នុងសប្តាហ៍នេះអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក ហ្គឺនហេ អាចនឹងត្រូវចាប់ខ្លួននិងឃុំខ្លួន២០ថ្ងៃក្នុងពេលដែលការស៊ើបអង្កេតរឿងពុករលួយរបស់លោកស្រីចាប់ផ្តើម។ ប៉ុន្តែបើតាមអតីតមន្ត្រីពន្ធនាគារនិងយុត្តិធម៌កូរ៉េ ក្នុងនាមជាអតីតប្រធានាធិបតី លោកស្រីអាចនឹងទទួលបានបុព្វសិទ្ធិខ្លះៗក្នុងពេលដែលលោកស្រីត្រូវគេចាប់ឃុំខ្លួននោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បើសិនជាលោកស្រីត្រូវគេចាប់ខ្លួននៅសប្តាហ៍នេះ លោកស្រីនឹងត្រូវគេបញ្ជូនទៅកាន់មន្ទីឃុំឃាំង ហើយលោកស្រីអាចនឹងស្ថិតនៅក្នុងបន្ទប់ឃុំឃាំងដែលមានទំហំធំជាងអ្នកដទៃ និងមានបន្ទប់ទឹកនិងបង្គន់នៅដាច់ដោយឡែកផង។ បន្ថែមពីនេះបន្ទប់លោកស្រីអាចស្ថិតនៅដាច់ឆ្ងាយពីគេបន្តិចដើម្បីធានាពីសុវត្ថិភាព ប៉ុន្តែលោកស្រីត្រូវស្ថិតក្នុងមន្ទីឃុំឃាំងជាមួយបណ្តាអ្នកទោសដែលរងការចោទប្រកាន់ក្នុងរឿងអាស្រូវដូចគ្នា(ពុករលួយ)។ ក្នុងចំណោមនោះមានទាំងមេក្រុមហ៊ុន Samsung លោក Jay Y.Lee ផងដែរ។
«ខ្ញុំគិតថាលោកស្រី ប៉ាកនឹងស្នាក់នៅក្នុងមន្ទីរឃុំឃាំងដែលប្រសើរជាងគេ។ ហើយបន្ទប់ឃុំឃាំងនោះនឹងធំជាងគេដែរ»។ នេះជាការបញ្ជាក់របស់រដ្ឋអាជ្ញាដែលចូលនិវត្តលោក Kim Kyung-soo ដែលជាអ្នកសួរចម្លើយអតីតប្រធានាធិបតីពីររូបមាន Chun Doo-hwan និង Roh Tae-woo។
ប៉ុន្តែលោកស្រីនឹងត្រូវអនុវត្តតាមបញ្ជាដូចគេដូចឯងដោយចូលសម្រាកម៉ោង ៩និងក្រោកម៉ោង ៦កន្លះ និងត្រូវអនុវត្តតាមបទបញ្ជានានាផ្សេងទៀតពាក់ព័ន្ធចំណីអាហារនិងការត្រួតពិនិត្យបន្ទប់ដូចគេឯងដែរ។
រឿងមួយទៀតដែលលោកស្រីត្រូវបាត់បង់ពេលជាប់ឃុំឃាំងគឺ មានអ្នកជួយបួងសក់ឲ្យរាល់ថ្ងៃ។ អត្តសញ្ញាណរបស់លោកស្រី ប៉ាក ហ្គឺនហេ គឺការបួងសក់ជាប់ជានិច្ចទោះនៅកន្លែងណាក៏ដោយ។ វាមានន័យថា នៅក្នុងពេលជាប់ឃុំឃាំង លោកស្រីមិនអាចមានអ្នកមកជួយបួងសក់ឲ្យលោកស្រីទេ។
ពាក់ព័ន្ធបញ្ហានេះ លោក Kim បានបកស្រាយថា ការឲ្យអ្នកណាម្នាក់ពីខាងក្រៅមកជួយរៀបចំសក់ឲ្យអ្នកទោសក្នុងមន្ទីឃុំឃាំង ប៉ះពាល់ដល់លក្ខខណ្ឌស្មើភាពគ្នារវាងអ្នកដែលជាប់ឃុំឃាំង។ ដូច្នេះហើយទើបវាជារឿងលំបាកដែលត្រូវអនុញ្ញាតឲ្យមនុស្សម្នាក់ចេញចូលដើម្បីមកជួយធ្វើសក់ឲ្យលោកស្រីនោះ។
តាមពិតទៅលោកស្រី ប៉ាក ហ្គឺនហេ វ័យ៦៥ឆ្នាំ បានចេញចេញពីវិមានប្រធានាធិបតីពីរសប្តាហ៍មុន ក្រោយពេលដែលតុលាការធម្មនុញ្ញសម្រេចដកហូតតំណែងលោកស្រីជាផ្លូវការ ដោយយោងតាមបទចោទរំលោភអំណាច នអនុញ្ញតឲ្យមិត្តខ្លួន Choi Soon-sil លូកលាន់កិច្ចការរដ្ឋនិងទាញប្រយោជន៍តាមរយៈការយកសំណូកពីក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូង។
បច្ចុប្បន្នលោកស្រី កំពុងស្នាក់នៅនិវេសនដ្ឋានរបស់ខ្លួនដែលក្រុងសេអ៊ូល ប៉ុន្តែតុលាការតំបន់នឹងសម្រេចនៅថ្ងៃសុក្រពាក់ព័ន្ធការចេញដីកាចាប់ខ្លួនលោកស្រីដោយលោកស្រីពាក់ព័ន្ធរឿងអាស្រូវពុករលួយ។ បើសិនមានការចេញដីកាមែន លោកស្រី ប៉ាក ហ្គឺនហេ នឹងត្រូវឃុំខ្លួន ២០ថ្ងៃ ដើម្បីឲ្យការស៊ើបអង្កេតបន្ថែម ហើយលោកស្រីប្រឈមមុខការកាត់ទោសឲ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ១០ឆ្នាំផងដែរ៕
Tag:
ប៉ាក ហ្គឺនហេ
កូរ៉េខាងត្បូង
Choi Soon-sil
© រក្សាសិទ្ធិដោយ thmeythmey.com