ជាតិ
ឱកាស​សម្រាប់​សិស្ស​ថ្នាក់​ទី​៩-១២ ក្នុងការ​ប្រកួតប្រជែង​រចនា​ផ្ទាំង​រូបភាព STEM
29, Mar 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ STEM កម្ពុជា    បាន​បើក​ការប្រកួតប្រជែង​រចនា​ផ្ទាំង​រូបភាព ក្រោម​ប្រធានបទ​« លើកកម្ពស់​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) នៅ​កម្ពុជា​»​។ ការប្រកួតប្រជែង​នេះ បានផ្ដល់​ឱកាស​សម្រាប់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២​។ បេក្ខជន​ជ័យលាភី នឹង​ទទួលបាន​ប្រាក់រង្វាន់​ផងដែរ​។​



​ការប្រកួតប្រជែង​រចនា​ផ្ទាំង​រូបភាព មានការ​សហការគ្នារ​វាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ STEM កម្ពុជា ក្នុង​គោលបំណង លើកកម្ពស់​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​នៅ​កម្ពុជា​។ ការប្រកួតប្រជែង​នេះ បានផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​៩-១២ ទូទាំងប្រទេស​កម្ពុជា ទាំង​គ្រឹះស្ថាន​អប់រំ​រដ្ឋ និង​ឯកជន​។

​ជាមួយគ្នានេះ ផ្ទាំង​រូបភាព​ដែល​បេក្ខជន​ដាក់​ប្រកួតប្រជែង ត្រូវ​បង្ហាញ​ឲ្យ​បានច្បាស់លាស់​លើ​មុខវិជ្ជា​ណាមួយ​នៃ STEM​។ ជាពិសេស ផ្ទាំង​រូបភាព​ត្រូវតែមាន​ភាព​ទាក់ទាញ​អារម្មណ៍​ដល់​យុវជន​កម្ពុជា និង​ផ្ដល់នូវ​ខ្លឹមសារ​ដ៏​សំខាន់ នៅក្នុង​មហោស្រព STEM​នេះ​។ បន្ថែម​លើស​នេះ តាមរយៈ​ការ​រចនា​ផ្ទាំង​រូបភាព​នេះ គឺ​ចង់​ឲ្យ​សិស្សានុសិស្ស​ទទួលបាន​នូវ​ភាព​រីករាយ និង​ជំរុញ​ទឹកចិត្ត​ឲ្យ​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី STEM​។​

​គួរ​បញ្ជាក់ថា ផ្ទាំង​រូបភាព​បេក្ខជន​ជ័យលាភី នឹង​ទទួលបាន​ប្រាក់រង្វាន់ ព្រមទាំង​ដាក់តាំង​បង្ហាញ​ក្នុង​មហោស្រព STEM ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២៩-៣០ ខែមេសា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត ពិព័រណ៍​កោះ​ពេជ្រ​។ សម្រាប់ បេក្ខជន​ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា ២០០ ដុល្លារ​, ជ័យលាភី​លេខ​២ ទទួលបាន​ថវិកា ១៥០ ដុល្លារ និង​ជ័យលាភី​លេខ​៣ ទទួលបាន​ថវិកា ១០០ ដុល្លារ​។ កម្មវិធី​ប្រកួតប្រជែង​នេះ សិស្សានុសិស្ស​អាច​ចូលរួម​ដោយ​ឥតគិតថ្លៃ ហើយ​ការទទួល​ពាក្យ​នឹង​ផុតកំណត់​នៅ​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ​២០១៧​នេះ  ។ សម្រាប់​ព័ត៌មាន​បន្ថែម [email protected]


Tag:
 ​ក្រសួង​អប់រំ​
  STEM
© រក្សាសិទ្ធិដោយ thmeythmey.com