ជាតិ
ជួប សម្លាប់ មិនទាន់​សម្រេចចិត្ត​ប្តឹង​ជំទាស់​សាលាដំបូង ដែល​ឲ្យ​ខ្លួន​ជាប់គុក​មួយជីវិត​
29, Mar 2017 , 5:03 pm        
រូបភាព
​ភ្នំពេញ​៖ លោក ជួប សម្លាប់ មិនទាន់​សម្រេចចិត្ត​នោះទេ ថា​នឹងដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្តន្ទាទោស​ខ្លួន ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្នុង​រឿង​ឃាតកម្ម​លើ​លោក កែម ឡី​។ បញ្ហា​នេះ កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់លោក ជួប សម្លាប់ នៅឡើយ​។​


 
​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​មេធាវី យុង ផានិត បាន​ទៅ​ពិភាក្សា​ជាមួយ​លោក​អឿ​ត អាង ហៅ​ជួប សម្លាប់ នៅ​ពន្ធនាគារ​ព្រៃ​ស ជុំវិញ​ការដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​។ បើតាម​លោក​មេធាវី​រូបនេះ លោក ជួប សម្លាប់ ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ពិចារណា​ឲ្យ​បានច្បាស់លាស់ មុននឹង​សម្រេច​ថា បន្ត​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ឬ​មិន​ប្តឹង​។ 
​លោក យុង ផានិត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​គាត់ (​ជួប សម្លាប់​) ថា​គាត់​មិនទាន់​បានគិត​ទេ ចំពោះ​រឿងនេះ​។ គាត់​សុំ​គិត​មើល​សិន មុននឹង​គាត់​សម្រេច​ថា​យ៉ាងម៉េច​»​។

​លោក យុង ផានិត បន្តថា លោក នឹង​ទៅ​ជួប​កូនក្តី​ម្តងទៀត ដើម្បី​សួរ​ពី​ការសម្រេចចិត្ត ទាក់ទង​នឹង​ការប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​។ លោក សង្កត់ធ្ងន់ថា ក្នុង​រយៈពេល​១​ខែ សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ប្រកាស​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ដោយ​កំណត់​ឲ្យ​លោក ជួប សម្លាប់ ជាប់ពន្ធនាគារ​អស់​មួយជីវិត នឹង​ចូល​ជា​ស្ថាពរ​។ ដូច្នេះ មុននឹង​សាលក្រម​ចូល​ជា​ស្ថាពរ លោក និង​កូនក្តី ត្រូវតែ​សម្រេចចិត្ត​រួមគ្នា​ថា ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ឬ​មិន​ប្តឹង​។​

​ក្នុងនាម​ជា​មេធាវី លោក យុង ផានិត នឹង​ធ្វើតាម​អ្វីដែល​លោក ជួប សម្លាប់ សម្រេចចិត្ត​។ លោក ប្រាប់ថា លោក នឹងដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ប្រសិនបើ​លោក ជួប សម្លាប់ ស្នើឡើង​។ ប៉ុន្តែ លោក ក៏​មិនអាច​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​ដែរ ប្រសិនបើ​កូនក្តី មិន​ចង់​។

​សូម​រម្លឹកថា ក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ លោក ជួប សម្លាប់ ក៏​ត្រូវបាន​ចាប់ខ្លួន​។ ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​សាហាវ​នេះ លោក ជួប សម្លាប់ បាន​រង​បទ​ចោទ «​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​»៕


Tag:
 ជួប សម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com