កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ប្រេស៊ីលបានកៅអីមុនគេទៅរុស្ស៊ី ខណៈថៃធ្លាក់ដោយស្វ័យប្រវត្តិ
×
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានក្លាយជាក្រុមដំបូងដែលអាចឈានទៅប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីដោយស្វ័យប្រវត្តិ ខណៈក្រុមជម្រើសជាតិថៃ ដែលជាក្រុមកីឡាបាល់ទាត់តែមួយគត់របស់អាស៊ាន ដែលបានលេងក្នុងវគ្គជម្រុះចុងក្រោយនេះ បានធ្លាក់ចេញពីពានពិភពលោកដោយស្វ័យប្រវត្តិផងដែរ ក្រោយចាញ់ជប៉ុន ៤-០ នៅកីឡដ្ឋាន Saitama ម្សិលមិញ។
ក្រុមជម្រើសជាតិប្រេស៊ីលដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក Tite បានឈរនៅលំដាប់ថ្នាក់លេខ១ក្នុងពូលនៃវគ្គជម្រុះក្នុងតំបន់អាមេរិកឡាទីន ដោយប្រកួតឈ្នះ១០ដង ចាញ់១ និងស្មើ៣ដង មាន៣៣ពិន្ទុ នាំមុខក្រុមចំណាត់ថ្នាក់លេខ២រហូតដល់៩ពិន្ទុ។ ៣៣ពិន្ទុនេះអាចឲ្យក្រុមសាំបាបន្តទៅលេងវគ្គផ្តាច់ព្រ័ត្រពាន World Cup នៅរុស្ស៊ីបានដោយស្វ័យប្រវត្តិ បើទោះសល់៤ប្រកួតក្នុងដៃទៀតក៏ដោយ។ ៤ប្រកួតចុងក្រោយ ប្រេស៊ីលត្រូវជួប អេក្វាទ័រ កូឡំប៊ី បូលីវី និង ស៊ីលី។
រីឯក្រុមបាល់ទាត់ជម្រើសជាតិថៃ ក៏អស់ឱកាសទៅរុស្ស៊ីដែរបន្ទាប់ពីចាញ់ក្រុមសាម៉ូរៃជប៉ុន៤-០កាលពីម្សិលមិញ។ ថៃគឺជាក្រុមតែមួយគត់របស់អាស៊ានដែលបានឈានទៅប្រកួតក្នុងវគ្គជម្រុះជុំចុងក្រោយដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រពានលំដាប់ពិភពលោក World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។ ប៉ុន្តែបន្ទាប់ពីចាញ់ក្រុមសាម៉ូរៃក្នុងវគ្គជម្រុះពូល B ថៃបានធ្លាក់ចេញពីព្រឹត្តិការណ៍ពិភពលោកនេះដោយស្វ័យប្រវត្តិ បើទោះសល់៣ប្រកួតទៀតក៏ដោយ។
ថៃស្ថិតនៅបាតតារាងមានតែ១ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតស្មើ១ និងចាញ់៦ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ថៃនឹងត្រូវជួប អារ៉ាប់រួមអេមីរ៉ាត, អ៊ីរ៉ាក់ និងចុងក្រោយជួប អូស្ត្រាលី៕
Tag:
បាល់ទាត់
World Cup
ថៃ
ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com