ជាតិ
លោក អេង ឆៃអ៊ាង ៖ ក្រសួងមហាផ្ទៃ​ទទួលស្គាល់​សមាជ​បក្ស ប៉ុន្តែ​ជំទាស់​លើ​សមាសភាព​មេដឹកនាំ​បក្ស
29, Mar 2017 , 5:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​អះអាងថា ក្រសួងមហាផ្ទៃ បានទទួល​ស្គាល់​សមាជ​គណបក្ស​កន្លងមកនេះ គឺ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ហើយ ។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​ចោទ​នោះ ត្រង់​ថា ក្រសួងមហាផ្ទៃ មិន​ទទួលស្គាល់​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ​។​



​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ដែល​ប្រើ​រយៈពេល​ជាង​មួយ​ម៉ោង​នោះ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ មិនទាន់​អាច​រក​ដំណោះស្រាយ​សមរម្យ ជុំវិញ​ភាពចម្រូងចម្រាស​នៃ​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ មិនទាន់​អាច​រក​ដំណោះស្រាយ​បាន ដោយសារតែ​ខាង​ក្រសួងមហាផ្ទៃ ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ពិនិត្យ​មើល​ឡើងវិញ លើ​សមាភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស ដែលមាន​ឯកឧត្តម កឹម សុខា ជា​ប្រធាន​។​

​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​និយាយថា ក្រសួងមហាផ្ទៃ​បានទទួល​ស្គាល់​សមាជ និង​ការធ្វើ​វិសោធនកម្ម​លក្ខន្តិក​របស់​គ​ណ​បក្ស​ហើយ ប៉ុន្តែ​ក្រសួងមហាផ្ទៃ​ជំទាស់​នឹង​សមាសភាព​មេដឹកនាំ​គណបក្ស​ទៅវិញ​។ ថ្លែង​ចំពោះមុខ​អ្នកកាសែត នា​ទីស្តីការ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២៩ មីនា នេះ លោក អេង ឆៃអ៊ាង បានបញ្ជាក់​ដូច្នេះ​ថា​៖«​តំណាង​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ប្រាប់​មក​ខាង​ខ្ញុំ​ថា ដំណើរការ​សមាជ​វិសាមញ្ញ​នេះ​ស្របច្បាប់​។ ហើយ​ការធ្វើ​វិសោធនកម្ម​លក្ខន្តិក​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាស់​ទេ ។ ទាស់​តែ​រឿង​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស ហើយ​និង​ពាក្យស្លោក​គណបក្ស​។ ហើយ​នៅក្នុង​ករណីនេះ ខាងយើង​ខ្ញុំ​បានស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ ឲ្យ​ចេញ​លិខិត​មក​ថា សមាជ​ធ្វើ​ត្រូវ ហើយ​វិសោធនកម្ម​លក្ខន្តិក​ធ្វើ​ត្រូវ​ដែរ​។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ មិន​ព្រម​ចេញ​ឲ្យ​…​។

​បើតាម​លោក អេង ឆៃអ៊ាង គណបក្ស​លោក​នឹង​យក​ករណី​ដែល​ក្រសួងមហាផ្ទៃ​លើកឡើង​ខាង​នេះ ទៅ​ពិភាក្សាគ្នា​នៅក្នុង​ផ្ទៃក្នុង​បក្ស ដើម្បី​រក​ចំណុចរួម​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​អ្វីដែល​លោក អេង ឆៃអ៊ាង ងឿងឆ្ងល់​នោះ​ត្រង់​ថា ក្រសួងមហាផ្ទៃ មក​លូកដៃ​រឿង​ក្បាលម៉ាស៊ីន​គណបក្ស​។​

«​បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ទៅ សម្រាប់​កិច្ចការ​ផ្ទៃក្នុង​គណបក្ស​ដូច​សមាគម រឿងនេះ​ជា​រឿង​ឯកជន​គណបក្ស​ទេ​។ ប៉ុន្តែ​ឥឡូវនេះ​ក្រសួងមហាផ្ទៃ លូកដៃ​ចូលមក​ជ្រៅ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អេង ឆៃអ៊ាង មុននឹង​អះអាងថា ភាពចម្រូងចម្រាស​នៃ​សមាជ​បក្ស​នេះ នឹងមិន​ឈានដល់​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ហាម​មិន​ឲ្យ​គណបក្ស​ចូលរួម​ក្នុងការ​បោះឆ្នោត​ឡើយ​។​

​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សមាជ​បក្ស​វិសាមញ្ញ ដែល​បាន​បោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​។​

​តែ​យ៉ាងណា​សម្ដេច ស ខេង បានចេញ​លិខិត​មួយ​កាលពី​ថ្ងៃទី​២២ មីនា ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា សមាជ​គណបក្ស កាលពី​ថ្ងៃទី​០២ មីនា​នោះ បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៤៧ ត្រេ​ទី​២​នៃ​លក្ខន្តិកៈ​គណបក្ស ដោយ​អាណត្តិ​នៅសល់​មាន​រយៈពេល​តិចជាង​១៨​ខែ គិត​ត្រឹម​កាលបរិច្ឆេទ​ដែល​លោក សម រង្ស៊ី បាន​លាលែង​ចេញពី​តំណែង​ប្រធាន​គណបក្ស នៅ​ថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​២០១៧៕


Tag:
 មហាផ្ទៃ​
  CNRP
 ​ អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com