អន្តរជាតិ
បុរស​អ៊ីតាលី​ម្នាក់​ដាក់លក់​ស្បែកជើង​មាស​តម្លៃ​២៧០០០​ដុល្លារ​អាមេរិក​
29, Mar 2017 , 9:59 pm        
រូបភាព
ដោយ: ធីតា
​លោក Antonio Vietri អ្នក​ផលិត និង​ជា​ម្ចាស់​ហាង​លក់​ស្បែកជើង​ជនជាតិ​អ៊ីតាលី បានដាក់​ស្បែកជើង​ដែល​ស្រោបមាស​២៤​កា​រ៉ាត់ ក្នុងតម្លៃ​២៧០០០​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​ប្រកប​អាជីវកម្ម​នៅ​ក្រុង Turin ភាគ​ខាងជើង​អ៊ីតាលី លោក Antonio Vietri មានបំណង​ទាក់ទាញ​អតិថិជន​ដែល​នៅក្នុង​ប្រទេស​អ្នកមាន ជាពិសេស​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ឲ្យ​ចាប់អារម្មណ៍​ហាង​លក់​ស្បែកជើង និង​ស្នាដៃ​ដែល​គាត់​ច្នៃប្រឌិត​ផ្ទាល់​។​

​ជាការ​ទាក់ទាញ​ដំបូង លោក Vietri បានប្រកាស​លក់​ស្បែកជើង​ដែល​ស្រោបមាស​រហូតដល់​ទៅ​២៤​កា​រ៉ាត់​ក្នុងតម្លៃ​២៧០០០​ដុល្លារ​អាមេរិក​។ លោក​បាន​អះអាង​ប្រាប់ AFP ថា​៖ «​នេះ​ជា​ស្បែកជើង​មាស​២៤​កា​រ៉ាត់​លើកដំបូង​នៅលើ​ពិភពលោក ហើយ​វា​ក៏​មិនមែនជា​ការងាយស្រួល​ក្នុង​ច្នៃ​បែបនេះ​ដែរ​»​។​



​លោក Vietri គឺជា​អ្នកជំនួញ​ម្នាក់​ក្នុងចំណោម​អ្នកជំនួញ​ដែល​ពង្រីក​ទីផ្សារ​ផលិតផល «Made in Italy» ទៅកាន់​ពិភពលោក​។ លោក​មានបំណង​ក្នុងការ​ពង្រីក​ការរកស៊ី​ជាមួយ​វិនិយោគិន​មកពី​អាណាចក្រ​ប្រេង​ដូចជា អារ៉ាប់​រួម​អេ​មី​រ៉េត អា​រ៉ា​ប៊ី​សា​អូឌីត និង​កាតា ជាដើម​។​

​ការផលិត​ស្បែកជើង​មាស​សម្រាប់​បុរស​បានចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​លោក Vietri បាន​សិក្សា និង​ពិចារណា​អស់​រយៈពេល​៨​ខែ​។ ជំហាន​បន្ទាប់ លោក​នឹង​ផលិត​ស្បែកជើង​មាស​សម្រាប់​នារី​។

​ស្បែកជើង​មាស​ដំបូង​នេះ មានតម្លៃ​២៧០០០​ដុល្លារ​អាមេរិក ដោយ​រាប់បញ្ចូល​ទាំង​ថ្លៃ​ដឹកជញ្ជូន​តាម​យន្តហោះ​។ ស្បែកជើង​នារី នឹងមាន​តម្លៃ​ប្រមាណ​៣៧០០០​ដុល្លារ​អាមេរិក​៕


Tag:
 ប្លែកៗ​
  ស្បែកជើង​
© រក្សាសិទ្ធិដោយ thmeythmey.com