ជាតិ
នយោបាយជាតិ
ក្រសួងមហាផ្ទៃថា មន្ត្រី HRW ប៉ុនប៉ងយាយីស្ថិរភាពនយោបាយកម្ពុជា
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ចេញប្រតិកម្មខ្លាំងក្លាតបនឹងការអត្ថាធិប្បាយរបស់នាយករងទទួកបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)។ លោក Phil Robertson បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ក្រសួងមហាផ្ទៃកំពុងយាយីគណបក្សសង្គ្រោះជាតិ។
ក្រសួងមហាផ្ទៃបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយនៅយប់ថ្ងៃទី២៩មីនា ដើម្បីបង្ហាញប្រតិកម្មរបស់ខ្លួនប្រឆាំងមន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)។ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ Phil Robertson បានថ្លែងតាមវិទ្យុអាស៊ីសេរីនៅក្នុងកម្មវិធីផ្សាយនៅព្រឹកថ្ងៃទី២៩មីនាដោយស្តីបន្ទោសក្រសួងមហាផ្ទៃថា បានយាយីគណបក្សសង្គ្រោះជាតិជុំវិញបញ្ហាលក្ខន្តិកៈរបស់គណបក្សប្រឆាំងមួយនេះ។
សម្រាប់ក្រសួងមហាផ្ទៃ ដែលជាអ្នកអនុម័តយល់ព្រមផ្តល់សុពលភាពអង្គការសមាគម និងគណបក្សនយោបាយដែរនោះ លោក Phil Robertson មានបំណងមួលបង្កាច់ និងបង្កអរិភាពមកលើរដ្ឋាភិបាលកម្ពុជា។ ក្រសួងមហាផ្ទៃបានសរសេរប្រតិកម្មដោយប្រើពាក្យពេចន៍ធ្ងន់ៗរិះគន់មន្ត្រីអង្គការ HRW យ៉ាងដូច្នេះ៖«ក្រសួងមហាផ្ទៃចាត់ទុកការលើកឡើងដ៏ឆ្គួតលីលានេះ មិនត្រឹមតែជាការបំផ្លើស មួលបង្កាច់ ជ្រៀតជ្រែកចូលក្នុងកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ តែការលើកឡើងនេះ គឺជាការប្រមាថ មាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកម្ពុជា»។ ក្រសួងមហាផ្ទៃបន្ទទៀតថា៖«[…] ហើយមានចេតនាញុះញង់ ប៉ុនប៉ងយាយីដល់សន្តិភាព ស្ថិរភាពនយោបាយ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា»។
ទន្ទឹមនឹងប្រតិកម្មតបតនឹងមន្ត្រីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ខ្លួនកំពុងអនុវត្តពេញលេញនូវតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយផងដែរ ដើម្បីធ្វើយ៉ាងណា ឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ដោយមានទាំងគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងផងដែរនោះ បានប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងមានសុវត្ថិភាពល្អ៕
Tag:
មហាផ្ទៃ
សិទ្ធិមនុស្ស
HRW
© រក្សាសិទ្ធិដោយ thmeythmey.com