ជាតិ
បួន​ប្រាំ​ថ្ងៃ​ដំបូង​នៃ​ខែមេសា ខេត្ត​មួយចំនួន​នឹងមាន​ភ្លៀង​ធ្លាក់ លាយឡំ​ផ្គរ រន្ទះ​!
31, Mar 2017 , 6:19 pm        
រូបភាព
ដោយ:
​បរិយាកាស​នៅ​កម្ពុជា នៅ​ថ្ងៃទី​១​ខែមេសា​ឆ្នាំនេះ នឹង​ជួប​ការ​ប្រសព្វ​គ្នា​នៃ​បាតុភូតធម្មជាតិ​ចំនួន​៣ រួមមាន កំណួច​ខ្យល់​ដែល​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ និង​ការ​បំ​ភាយ​កម្ដៅ​ចេញពី​សំបក​ផែនដី ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​ច្រើន លាយឡំ​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣១​ខែមីនា​។​



​នា​ព្រឹក​ថ្ងៃទី​១ ដល់​ថ្ងៃទី​២​ខែមេសា ខេត្ត​ឧ​ត្ត​រ​មានជ័យ សៀមរាប ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្តរតនគិរី ផ្ទៃមេឃ​មាន​សភាព​អាប់អួ​ខ្លាំង មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​ច្រើន​លាយឡំ​ជាមួយនឹង​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ លុះដល់​ពេល​ថ្ងៃ ពេល​រសៀល និង​ពេលយប់ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ ត្បូងឃ្មុំ កំពង់ចាម និង​តំបន់​មាត់សមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួ​ខ្លាំង មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​ច្រើន លាយឡំ​ជាមួយនឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ដោយឡែក នៅ​ថ្ងៃទី​៣​ខែមេសា ស្ថានភាព​ធាតុអាកាស​នេះ នឹង​ចាប់ផ្ដើម​ធូរស្រាល​បន្តិច​ម្ដងៗ ប៉ុន្តែ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុងកំឡុងពេល​ពីរ​បី​ថ្ងៃ​បន្ថែមទៀត​៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com