ភ្នំពេញ៖ យុទ្ធនាការដែលមានឈ្មោះថា«ជួយគ្នា ឬ #JuiKnia» ដែលមានគោលដៅរួមចំណែកចែករម្លែកក្តីស្រលាញ់ ក្តីសង្ឃឹម និងអំពាវនាវឲ្យមានការគាំទ្រជនភៀសខ្លួន និងប្រជាជនចំណាកស្រុកទូទាំងពិភពលោក បានចាប់ផ្តើមឡើងដំបូងបំផុតនៅកម្ពុជានៅថ្ងៃសុក្រទី ៣១ ខែមីនា។ យុទ្ធនាការនេះមានរយៈពេល ៤ សប្តាហ៍ ហើយវាត្រូវបានរៀបចំឡើងដោយអង្គការអុកស្វាម (Oxfam) ប្រចាំនៅកម្ពុជា។
«ជួយគ្នា-រឿងរ៉ាវក្តីសង្ឃឹមរបស់អ្នកធ្វើចំណាកស្រុកកម្ពុជា» ឬ«#JuiKnia-Cambodian Migration Stories of Hope » ជាឈ្មោះយុទ្ធនាការថ្មីមួយដែលផ្តួចផ្តើមរៀបចំឡើងដោយអង្គការអុកស្វាមកម្ពុជា។ ប្រទេសកម្ពុជា ដែលជាអតីតប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមនោះ បានក្លាយជាប្រទេសទីមួយដែលចាប់ផ្តើមយុទ្ធនាការ «ជួយគ្នា»នេះ។
ពាក់ព័ន្ធនឹងយុទ្ធនាការនេះ លោកស្រី លីម សូលីន នាយិកាអង្គការអុកស្វាមបានថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗដូច្នេះថា៖« យុទ្ធនាការនេះធ្វើឡើងដើម្បីគៀងគររកការគាំទ្រពីប្រជាជនកម្ពុជាឲ្យចូលរួមគ្នាចែករម្លែកក្តីសង្ឃឹមជាមួយជនភៀសខ្លួន ដោយមិនខ្វល់ថាពួកគាត់មាននិន្នាការរបៀបម៉េចឬមកពីកន្លែងណាទេ។ យើងឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ណាស់ ក្នុងពេល ៤០ឆ្នាំទាំងសង្គ្រាមស៊ីវិលនិងប្រល័យពូជសាសន៍។ គ្មានអ្នកណាយល់ក្តីលំបាកនិងការឈឺចាប់របស់ពួកគាត់ជាងប្រជាជនកម្ពុជាទេ»។
១.ក្រៅពីចែករម្លែកក្តីសង្ឃឹម «ជួយគ្នា»ផ្ញើសារអំពាវនាវឲ្យមេដឹកនាំពិភពលោកជួយជនភៀសខ្លួន
លោកស្រីនាយិកា បានបន្តថា យុទ្ធនាការនេះមិននិយាយតែពីរឿងជូរចត់ទេ។ វាក៏នឹងក្លាយជាយុទ្ធនាការចែកសេចក្តីសង្ឃឹមក៏ដូចជាក្តីអាណិតអាសូរ និងបង្ហាញពីក្តីកង្វល់របស់ប្រជាជនកម្ពុជាចំពោះជនភៀសខ្លួន។ អ្វីដែលសំខាន់ វាជាការឈឺឆ្អាលចូលរួមជាមួយគ្នាដោយសរសេរសារនិងញត្តិគាំទ្រដើម្បីអំពាវនាវទៅកាន់ពិភពលោកឲ្យជួយសង្គ្រោះជនភៀសខ្លួនដែលជាជនរងគ្រោះពិតប្រាកដនៃសង្គ្រាមនិងជម្លោះនោះ។
« យុទ្ធនាការនេះជាយុទ្ធនាការពិភពលោក។ ដូច្នេះវានឹងផ្ញើសារមួយទៅកាន់មេដឹកនាំពិភពលោកទាំងអស់ឲ្យលោកបន្តគិតគូរនិងជួយជនភៀសខ្លួនទាំងអស់ដោយបន្តបើកចំហបេះដូងនិងទ្វារផ្ទះគាត់ចំពោះប្រជាជនជាជនភៀសខ្លួន។ វាគួរដូចដែលអ្វីដែលពួកគាត់ធ្វើចំពោះប្រជាជនកម្ពុជាដែលជាជនភៀសខ្លួនពីសង្គ្រាមកាលពី ៤០ឆ្នាំមុនដូច្នេះដែរ»។ នេះជាការបញ្ជាក់របស់លោកស្រី លីម សូលីន។
បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិជនភៀសខ្លួនធ្ងន់ធ្ងរបំផុតមិនធ្លាប់មានដោយប្រជាជន ៦៥លាននាក់បានក្លាយជាជនភៀសខ្លួន និងជនដែលគ្មានជម្រកដោយសារតែសង្គ្រាមនិងជម្លោះ។ ហើយមិនត្រឹមតែប៉ុណ្ណោះគេក៏ឃើញមានចលនាប្រឆាំងប្រជាជនដែលជាជនភៀសខ្លួននៅតំបន់មួយចំនួនថែមទៀត ដោយប្រទេសខ្លះបិទទ្វារលែងទទួលយកជនភៀសខ្លួននិងជនចំណាកស្រុកផង។
២.កម្ពុជា៖ ប្រទេសនៃក្តីសង្ឃឹមសម្រាប់ជនភៀសខ្លួននិងជនចំណាកស្រុក
ដូចបានបញ្ជាក់ខាងដើមស្រាប់ កម្ពុជាក្លាយជាប្រទេសដំបូងគេដែលរៀបចំយុទ្ធនាការនេះ។ ពាក់ព័ន្ធមូលហេតុនេះ លោក Paolo Lubrano ប្រធានគ្រប់គ្រប់សកម្មភាពមនុស្សធម៌ប្រចាំតំបន់នៃអង្គការអុកស្វាម បានពន្យល់ដូចច្នេះថា៖« យុទ្ធនាការនេះចាប់ផ្តើមដំបូងនៅកម្ពុជាដោយសារហេតុផលមួយចំនួន។ ទីមួយគឺដោយសារកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលក្លាយជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិជនភៀសខ្លួន»។
លោកបន្តថា៖«ទីពីរគឺវាទាក់ទងនឹងអតីតកាលដ៏ជូរចត់នៃកម្ពុជាផ្ទាល់ផ្សាភ្ជាប់បញ្ហាជនភៀសខ្លួន។ ប៉ុន្តែចុងក្រោយ កម្ពុជាបានផ្លាស់ប្តូររឿងឈឺចាប់និងខ្លោចផ្សាទៅជារឿងវិជ្ជមាននិងជារឿងនៃក្តីសង្ឃឹមសម្រាប់ជនភៀសខ្លួន។ និយាយឲ្យខ្លីកម្ពុជាជាប្រទេសនៃក្តីសង្ឃឹម»។
លោក Paolo Lubrano សង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះនឹងមានអ្នកចូលរួមរហូតដល់ ១លាននាក់នៅឆ្នាំ២០២០ នៅយ៉ាងហោចណាស់ប្រទេស ៥ នៅតំបន់អាស៊ី។ ហើយអ្វីដែល យុទ្ធនាការនេះចង់សម្រេចបានគឺ ការចូលរួមជាភាគីនៃអនុសញ្ញាស្តី អង្គការសហប្រជាជាតិពីជនភៀសខ្លួនរបស់ប្រទេសក្នុងតំបន់។ ក្រៅពីនេះ យុទ្ធនាការនេះក៏ចង់ឲ្យមានការគិតគូរយកចិត្តទុកដាក់ផ្តល់ជំនួយសុខាភិបាល,ផ្ទះសម្បែង, អប់រំ និងការពារផ្លូវច្បាប់ចំពោះជនភៀសខ្លួនផង ជនចំណាកស្រុក ក៏ដូចជាប្រជាជនដែលបាត់បង់ជម្រកផងដោយសារជម្លោះ និងសង្គ្រាមផង។
សូមបញ្ជាក់ផងដែរ យុទ្ធនាការ «ជួយគ្នា ឬ #JuiKnia» ផ្តួចផ្តើមដោយអង្គការអុកស្វាម (Oxfam) នេះមានរយៈពេលបួនសប្តាហ៍រាប់ចាប់ថ្ងៃ ៣១ មីនានេះទៅ ហើយកម្មវិធីជាច្រើនដែលនឹងត្រូវរៀបចំឡើងដើម្បីផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជាបានដឹងនិងចូលរួម។ ក្នុងនោះមានការចាក់បញ្ចាំងវីដេអូស្តីពីជនភៀសខ្លួនស៊ីរី, ការប្រគុំតន្ត្រី, ការសម្តែងផ្ទាល់និង ការសម្តែងរបាំប្រពៃណីជាដើមផង ដែលវាមានការចូលរួមដោយដៃគូជាច្រើនដូចជា មជ្ឈមណ្ឌលបុប្ផាណា (Bophanna Center, កាហ្វេនយោបាយ(Politikoffee), អង្គការហ្វារ( Phare) និងសិល្បៈខ្មែរអមតៈ (Cambodian Living Arts)៕
សូមចូលរួមគាំទ្រទាំងអស់គ្នាក្នុងយុទ្ធនាការ «ជួយគ្នា» ដោយសរសេរលិខិតនិងចែករម្លែករឿងរ៉ាវផ្ទាល់ខ្លួនដើម្បីបង្ហាញការគាំទ្រជនភៀសខ្លួន និងប្រាប់មេដឹកនាំពិភពលោកឲ្យបានដឹង។ សូមចូលតាមតំណរនេះ៖
https://cambodia.oxfam.org/juiknia។