ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ពន្យារពេល​ការបង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៦ ដល់​ថ្ងៃទី​៣០​ខែមេសា​
01, Apr 2017 , 12:52 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការដាក់​លិខិត​ប្រកាស និង​បង់ប្រាក់​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៦ ត្រូវបាន​ពន្យារ​រហូត​ដល់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃទី​៣១​ខែមីនា​។​


​ក្រៅពីនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ពន្យារពេល​«​ការអនុគ្រោះ​លើកលែង​ទោសទណ្ឌ​នានា​ក្នុងការ​កែតម្រូវ​លិខិត​ប្រកាស​ពន្ធ​ដោយ​ស្ម័គ្រចិត្ត​យ៉ាងតិច​៣​ឆ្នាំ​» រហូតដល់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំនេះ​។ ការអនុគ្រោះ​លើកលែង​ទោសទណ្ឌ​នេះ ត្រូវ​បានកំណត់​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំនេះ​។ ជាមួយគ្នានេះ ការផ្ដល់​របាយការណ៍​សវនកម្ម​ឯករាជ្យ ក៏ត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំនេះ​ផងដែរ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ដដែល​នេះ​។​
​សេចក្ដីជូនដំណឹង​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​បញ្ជាក់ថា ក្នុងករណី​សហគ្រាស​ណាមួយ​មិនបាន​បំពេញ​កាតព្វកិច្ច​ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ នោះ​នឹងត្រូវ​រង​ទោសទណ្ឌ​តាមច្បាប់​ស្ដីពី​សារពើពន្ធ​។​
 
​សេចក្ដីជូនដំណឹង​ខាងលើនេះ បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការពន្យារពេល​សម្រាប់​កាតព្វកិច្ច​ពន្ធ​ទាំងនេះ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ពិនិត្យឃើញថា ការកាន់កាប់​បញ្ជិកា​គ​ណ​នេ​យ្យ​និង​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​សហគ្រាស​មួយចំនួន​បាន​ត្រឹមត្រូវ និង​មួយចំនួនទៀត​បានស្នើ​សុំ​កែតម្រូវ​បញ្ជិកា​គណនេយ្យ​និង​ប្រាក់​បង់ពន្ធ​ឡើងវិញ​ជា​បន្តបន្ទាប់​ដោយ​ស្របតាម​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៧ ស្ដីពី​ការអនុគ្រោះ​លើកលែង​ទោសទណ្ឌ​នានា​ក្នុងការ​កែតម្រូវ​លិខិត​ប្រកាស​ពន្ធ​ដោយ​ស្ម័គ្រចិត្ត​។ 
 
​សេចក្ដីជូនដំណឹង​នេះ​បាន​បន្តថា សហគ្រាស​មួយចំនួន​បាន​ស្នើសុំ​ការកែតម្រូវ​បញ្ជី​គណនេយ្យ​មាន​រយៈពេល​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា បណ្ដាល​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុង​ការបិទបញ្ជី​គណនេយ្យ​ប្រចាំឆ្នាំ​២០១៦​ផងដែរ ហើយ​សហគ្រាស​មួយចំនួន​ក៏បាន​ដាក់​លិខិត​មក​ស្នើសុំ​ពន្យារពេល​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៦​។ ជាមួយគ្នានេះ​សហគ្រាស​ខ្លះ​បាន​ស្នើសុំ​ពន្យារពេល​ផ្ដល់​របាយការណ៍​សវន​កម្ម​ឯករាជ្យ​៕

Tag:
 ពន្ធ​
 អគ្គនាយកដ្ឋាន​ពន្ធដា​រ
© រក្សាសិទ្ធិដោយ thmeythmey.com