ពីនេះ ពីនោះ
កំណត់ហេតុ​របស់​ជីវ​តាក្វាន់​៖ ខ្មែរ​សម័យ​ចេនឡា មាន​មនុ​ស្សព្រៃ​២​ប្រភេទ
21, Nov 2020 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កំណត់ហេតុ​របស់​ជីវ​តាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេនឡា បាន​ពិពណ៌នា​ថា អ្នកស្រុក​នេះ មាន​មនុ​ស្សព្រៃ​ពីរ​ប្រភេទ គឺ​ពួក​ចេះ​និយាយ​និង​ស្តាប់​ភាសា​អ្នកស្រុក​បាន ហើយ​លក់ខ្លួន​ជា​ទាសៈ​បម្រើ​គេ និង​ពួក​មនុ​ស្សព្រៃ​ដែល​ស្តាប់​ភាសា​អ្នកស្រុក​នេះ​មិនបាន ហើយ​រស់​នៅតាម​ព្រៃភ្នំ​។  



​អត្ថបទ​ខាងក្រោម​នេះ គឺជា​ការដកស្រង់​ពី​កំណត់ហេតុ​ជីវ​តាក្វាន់​អំពី​មនុស្ស​ព្រៃ​សម័យ​ចេនឡា​៖  

​មនុស្ស​ព្រៃ​មាន​ពីរបែប​។ ទីមួយ​៖ ពួក​ចេះ​និយាយ​ភាសា​អ្នកស្រុក​ស្តាប់​គ្នា​បាន គឺ​ពួក​មនុ​ស្សព្រៃ​លក់ខ្លួន​ជា​ទាសៈ​បម្រើ​គេ​នេះឯង​។ ទី​ពីរ​៖ ពួក​មនុស្ស​ព្រៃ​ដែល​និយាយ​ស្តាប់​ភាសា​គ្នា​មិនបាន គ្មាន​រវល់​នឹង​ការរីកចម្រើន​នោះទេ​។ ពួកនេះ គ្មាន​ចេះ​ធ្វើ​ផ្ទះ​ជ្រក​នៅទេ​។ ពួកគេ​តែងតែ​នាំគ្នា​ទាំង​គ្រួសារ​ដើរ​រស់​នៅតាម​ភ្នំ​។ ក្បាល​គេ មាន​ពាក់​អ្វី​ម្យ៉ាង​ធ្វើ​ពី​ដី រាង​ដូច​ឆ្នាំង​។ បើ​ដើរទៅ​ជួប​និង​សត្វព្រៃ គេ​បាញ់​និង​ព្រួញ ឬ​ពួយ​និង​លំពែង​។ ពេល​បាន​សត្វ​នោះមក ពួកគេ​ក៏​គូស​ដុំថ្ម​បង្កើត​ភ្លើង​ចម្អិន​សត្វ រួច​អង្គុយ​ដំកង់​(​អង្គុយ​ជា​រង្វង់​)​ចែកគ្នា​ស៊ី​។ រួចហើយ​ពួកគេ​ដើរទៅ​ទៀត​។ ពួកនេះ កាច​សាហាវ​ណាស់ តែង​សម្លាប់​គ្នា​នៅ​ក្រុម​ជាមួយ ហើយ​ពួកគេ​ចេះ​ផ្សំ​ថ្នាំ​ពិស​ពូកែ​ស័ក្តិសិទ្ធិ​ណាស់​។   
 
​នៅ​ដី​វាល គេ​មាន​ដាំ​សណ្តែក​គួ ដើម​ក្រវាញ និង​ដាំ​កប្បាស ត្បាញសំពត់​ជា​វិជ្ជាជីវៈ​។ សំពត់​របស់គេ​នោះ សាច់​ក្រាស់​គ្រើម ហើយ​មាន​ពណ៌​ក្រវេមក្រវាម​ណាស់​។ 
 
​ប្រភព​៖ «​កំណត់ហេតុ​របស់​ជីវ​តាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេនឡា​» បកប្រែ​ពី​ឯកសារ​ដើម​ភាសា​ចិន ដោយ​លោក លី ធា​ម​តេង       

© រក្សាសិទ្ធិដោយ thmeythmey.com