កំណាព្យបទ គោព័ទ្ធស្នឹង
-តូចទារបាយនំដល់ធំទ្រព្យ
ទ្រព្យតាមទារជាប់ឲ្យបែងចែក
ចែកគ្នាលើសខ្វះខ្លះយំស្រែក
ស្រែកខ្លះចង់ហែកសាច់ម៉ែឪ។
-ឪម៉ែខំរកមកមិនចាយ
ចាយច្រើនគិតស្តាយថាមិនត្រូវ
ត្រូវទុកឲ្យកូនត្រួសត្រាយផ្លូវ
ផ្លូវកូនម៉ែឪត្រូវជួយឆ្ការ។
-ឆ្ការគាស់កាប់ដីគ្មានអ្វីហត់
ហត់នឿយខ្លួនក្សត់ក៏មិនថា
ថាឲ្យតែបានចែកកូនប៉ា
ប៉ាម៉ាក់មិនថាអរណាស់កូន។
-កូនខ្លះអាងកេរបែរជាកាង
កាងកាចឡើងចាងភ្លេចបងប្អូន
ប្អូនបងកាប់ចាក់ខ្វាក់ខ្លះសូន្យ
សូន្យខ្លះធ្លាក់ខ្លួនដល់ដេកគុក។
-គុកកាយដៃជើងត្រូវជាប់ខ្នោះ
ខ្នោះឃ្នាងក្រៀមក្រោះចិត្តរងទុក្ខ
ទុក្ខព្រោះដណ្តើមកេរម៉ែពុក
ពុកម៉ែរកទុកឲ្យយកទៅ។
និពន្ធដោយ ប៉ាកកាខ្មៅ!